ការរបកស្បែកដៃមិនត្រឹមតែធ្វើឱ្យដៃយើងលែងស្អាតទេ ថែមទាំងធ្វើឱ្យដៃយើងរមាស់ ឈឺ ចេញឈាម ពិបាកកាន់របស់របរ និងបាត់ក្រយៅដៃទៀតផង។ ហេតុអ្វីបានជាយើងចេះតែរបកស្បែកដៃ? គួរដោះស្រាយបែបណា?
ស្បែកដៃរបស់យើងរបកដោយសារមូលហេតុជាច្រើន៖
១. កត្តាបរិស្ថាន
អាកាសធាតុត្រជាក់ ឬស្ងួត និងការឧស្សាហ៍លាងដៃជាមួយទឹកក្តៅឧណ្ហៗ ឬជាមួយសាប៊ូដែលមានជាតិកាត់ខ្លាំងសុទ្ធតែអាចបណ្តាលឱ្យស្បែកដៃរបស់យើងរបក។
វីធីដោះស្រាយ
យើងអាចត្រាំដៃក្នុងល្បាយស្រូវសាលីអូតជារៀងរាល់ថ្ងៃដើម្បីជួយផ្តល់សំណើមដល់ស្បែកដៃ កាត់បន្ថយការរលាក និងបន្ធូរអាការៈរមាស់ស្បែក។
មុនដំបូងយើងត្រូវត្រាំស្រូវសាលីអូតមួយក្តាប់ដៃនៅក្នុងចានទឹកក្តៅឧណ្ហៗ ដើម្បីឱ្យស្រូវសាលីអូតរីកសិន រួចត្រាំដៃយើងរយៈពេល ១០ នាទី។ បន្ទាប់មកយើងត្រូវត្រដុសដៃថ្នមៗជាមួយស្រូវសាលីអូតដើម្បីជម្រុះកោសិកាស្បែកដែលងាប់ចេញ រួចលាងដៃចេញជាមួយទឹក។
២. អាលែកហ្ស៊ី
អ្នកខ្លះមានស្បែកដែលងាយប្រតិកម្មខ្លាំងនៅលើដៃ និងជើង ហើយសារធាតុមួយចំនួនអាចបណ្តាលឱ្យស្បែកដៃយើងមានប្រតិកម្មអាលែកហ្ស៊ី ឬរលាកស្បែកដែលនាំឱ្យស្បែករមាស់ ឡើងកន្ទួល និងរបក។
វីធីដោះស្រាយ
យើងគួរពិគ្រោះជាមួយពេទ្យសើស្បែកដើម្បីរកថ្នាំលាបកាត់បន្ថយអាការៈអាលែកហ្ស៊ី។ ប្រសិនបើយើងសម្គាល់ថា សារធាតុណាបង្កឱ្យស្បែកដៃយើងអាលែកហ្ស៊ី យើងគួរព្យាយាមកុំប៉ះពាល់សារធាតុទាំងនោះ។
៣. ការកើតត្រអកនៅដៃ
ដោយសារយើងប្រើដៃជាប្រចាំ សារធាតុបង្កអាលែកហ្ស៊ីអាចបង្កឱ្យមានជំងឺត្រអកនៅលើដៃរបស់យើងដែលបណ្តាលឱ្យដៃរបស់យើងស្ងួតខ្លាំង ហើយចាប់ផ្តើមរបកស្បែក។
វីធីដោះស្រាយ
តាមការសិក្សាបានឱ្យដឹងថា ប្រេងដូងមានមានប្រសិទ្ធភាពក្នុងការប្រឆាំងបាក់តេរី មេរោគផ្សិត និងព្យាបាលជំងឺត្រអក។ លើសពីនេះទៅទៀត ប្រេងដូងអាចជួយផ្តល់សំណើមដល់ប្រអប់ដៃ។ យើងអាចលាបប្រេងដូងបន្តិចលើប្រអប់ដៃ ហើយម៉ាស្សាឱ្យប្រេងដូងជ្រាបចូលក្នុងស្បែកប្រអប់ដៃពីរបីដងក្នុងមួយថ្ងៃ ដើម្បីកាត់បន្ថយអាការៈរមាស់ របកស្បែក និងការឡើងក្រហមលើបាតដៃ។
៤. ការឆ្លងមេរោគផ្សិតលើស្បែក
ការឆ្លងមេរោគផ្សិតនៅលើប្រអប់ដៃ ឬនៅចន្លោះម្រាមដៃអាចបណ្តាលឱ្យស្បែកដៃយើងរមាស់ ឡើងក្រហម មានពងបែក និងរបកដែរ។
វីធីដោះស្រាយ
ការលាបប្រេងសម្រាញ់ពីតែ អាចជួយកម្ចាត់មេរោគផ្សិតចេញពីស្បែកប្រអប់ដៃរបស់យើងបាន។ យើងក៏អាចលាយប្រេងសម្រាញ់ពីតែជាមួយប្រេងដូងដើម្បីបង្កើនប្រសិទ្ធិភាពក្នុងការកម្ចាត់មេរោគផ្សិត និងផ្តល់សំណើមដល់ស្បែកប្រអប់ដៃដែរ។
៥. ការកាត់ក្រចកមិនត្រឹមត្រូវ
ជួនកាលស្បែកជុំវិញក្រចកម្រាមដៃ ឬម្រាមដៃរបស់យើងអាចរបកដោយសារស្បែកគល់ក្រចករបស់យើងស្ងួតពេក។ ម្យ៉ាងវិញទៀត ស្បែកជុំវិញក្រចកម្រាមដៃរបស់យើងក៏អាចឡើងក្រហម និងរបកដែរ បន្ទាប់ពីការកាត់សាច់គល់ក្រចក។
វីធីដោះស្រាយ
ពេលកាត់ក្រចក យើងមិនត្រូវកាត់សាច់គល់ក្រចកទេ និងត្រូវលាបឡេផ្តល់សំណើមនៅសាច់គល់ក្រចកជាប្រចាំ។
ការរបកស្បែកដៃក៏អាចបណ្តាលមកពីជំងឺមួយចំនួនដែរ។ ប្រសិនបើយើងសាកល្បងវីធីសាស្រ្តដូចដែលបានរៀបរាប់ខាងលើហើយនៅតែមិនបាត់របកស្បែកដៃ យើងគួរទៅជួបគ្រូពេទ្យសើស្បែកដើម្បីពិនិត្យបន្ថែម។
[embed-health-tool-due-date]