មនុស្សគ្រប់រូបតែងជួបប្រទះបញ្ហាស្ត្រេសម្ដងម្កាល ប៉ុន្តែបើស្រ្តេសយូរអាចមានផលប៉ះពាល់ដល់សុខភាព។ ស្ត្រេសអាចបង្កើនហានិភ័យជំងឺបាក់ទឹកចិត្ត ប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំ និងជំងឺបេះដូង។ មិនត្រឹមតែប៉ុណ្ណោះ ស្ត្រេសអាចផ្តល់ប៉ះពាល់ច្រើនដល់ស្បែកមុខផងដែរ។
១. បញ្ហាមុន
នៅពេលយើងស្ត្រេស រាងកាយយើងនឹងផលិតអ័រម៉ូន cortisol ច្រើន។ អ័រម៉ូននេះបង្កឲ្យផ្នែកមួយនៃខួរក្បាលផលិតអ័រម៉ូន corticotrophin-releasing ដែលជំរុញឲ្យក្រពេញខ្លាញ់បញ្ចេញខ្លាញ់ច្រើន។ ការបញ្ចេញខ្លាញ់ច្រើនអាចកកស្ទះនៅរន្ធញើស និងបង្កឲ្យមានមុន។ ការសិក្សាឆ្នាំ២០១៧ បានសិក្សាពីឥទ្ធិពលស្ត្រេសទៅលើបញ្ហាមុន ដោយមាននិសិ្សតស្រីអាយុចន្លោះ ២២ទៅ២៤ឆ្នាំចូលរួម។ ការសិក្សាបានរកឃើញថាកម្រិតស្ត្រេសកាន់តែខ្ពស់ ការកើតមុនកាន់តែមានបញ្ហាធ្ងន់ធ្ងរ។
អត្ថបទពាក់ព័ន្ធ៖
- វិធីងាយៗ ៨ យ៉ាង ជួយការពារស្បែកកុំឲ្យចាស់ជាងវ័យ
- ថែស្បែកមុខយ៉ាងម៉េច កុំឲ្យឡើងមុន?
- វិធីធ្វើម៉ាសបិទមុខនៅផ្ទះខ្លួនឯង សម្រាប់ស្បែក ៦ ប្រភេទផ្សេងគ្នា
២. ស្នាមដក់ក្រោមភ្នែក
ស្នាមដក់ក្រោមភ្នែកកើតមាននៅពេលមានការហើមនៅក្រោមភ្នែក។ អាការៈភាគច្រើនកើតមាននៅពេលយើងចាស់ទៅដោយសារសាច់ដុំនៅជុំវិញភ្នែកចុះខ្សោយ។ ចំណែកឯស្បែកយារដែលបង្កដោយការបាត់បង់ភាពយឺតក៏បង្កឲ្យមានស្នាមដក់ក្រោមភ្នែកដែរ។ ការសិក្សាបានរកឃើញថាស្ត្រេសដែលបង្កដោយការគេងមិនគ្រប់គ្រាន់អាចពន្លឿនភាពចាស់ដូចជាបាត់បង់ភាពយឺត និងការឡើងពណ៌ស្បែកជាដើម។ ការបាត់បង់ភាពយឺតរបស់ស្បែកអាចរួមចំណែកក្នុងការបង្កស្នាមដក់ក្រោមភ្នែក។
៣. ស្បែកស្ងួត
ស្រទាប់ស្បែកខាងក្រៅ stratum corneum មានផ្ទុកប្រូតេអ៊ីន និងជាតិខ្លាញ់ដែលមានតួនាទីសំខាន់ក្នុងការរក្សាសំណើមដល់ស្បែក និងជារបាំងការពារស្រទាប់ស្បែកខាងក្រោម។ នៅពេលស្រទាប់ស្បែកខាងលើដំណើរការមិនត្រឹមត្រូវ ស្បែករបស់យើងនឹងទៅជាស្ងួត និងរមាស់។
៤. កន្ទួលក្រហម
ស្ត្រេសអាចធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ ហើយនៅពេលប្រព័ន្ធភាពស៊ាំចុះខ្សោយអាចបង្កឲ្យមានអតុល្យភាពនៃបាក់តេរីក្នុងពោះវៀន និងស្បែក (ដែលគេហៅស្ថានភាពនេះថា dybiosis)។ នៅពេលមានអតុល្យភាពកើតមានលើស្បែករបស់យើងអាចបណ្ដាលឲ្យមានស្នាមក្រហម ឬកន្ទួលក្រហម។ ស្ត្រេសក៏អាចភ្ញោចស្ថានភាពផ្សេងៗជាច្រើនដែលបង្កកន្ទួលក្រហម ឬការរលាកស្បែកដូចជាជំងឺស្បែក Psoriasis ជំងឺត្រអក (eczema) និងអាការៈកន្ទួលរមាស់បង្កដោយប្រតិកម្មទៅនឹងសារធាតុអ្វីមួយ (contact dermatitis)។
៥. ស្នាមជ្រួញ
ស្ត្រេសបង្កឲ្យមានការប្រែប្រួលប្រូតេអ៊ីននៅលើស្បែក និងបន្ថយភាពយឺតរបស់ស្បែក។ ការបាត់បង់ភាពយឺតរបស់ស្បែកអាចបង្កឲ្យមានស្នាមជ្រួញ។ ស្ត្រេសក៏អាចបណ្ដាលឲ្យមានការជ្រួញចិញ្ចើមញឹកញាប់ដែលនេះក៏បង្កឲ្យមានស្នាមជ្រួញដែរ។
[embed-health-tool-due-date]