ស្បែកមុខគ្នាយើងដែលមានមុនច្រើន ពិបាកក្នុងការថែទាំមែនទែន មិនមែនគ្រាន់តែលុបមុខច្រើនដងអាចជួយឲ្យបាត់មុនបានទេ។ គ្នាយើងខ្លះ ទោះខំព្យាយាមប្ដូរផលិតផលច្រើនមុខក៏ដោយ មុខមិនព្រមបាត់មុនសោះ។ ជួនកាល មិនមែនមកពីផលិតផលដែលយើងប្រើមិនត្រូវទេ តែវាមកពីយើងខ្លួនឯងមិនចេះតិចនិកថែស្បែកមុខមានមុនឲ្យត្រឹមត្រូវ ចេះតែប្រើតាមគេតាមឯង។ ខាងក្រោមនេះ ជាតិចនិកថែមុខមុនខុសឆ្គង ដែលកាន់តែធ្វើឲ្យកើនមុន ហើយស្បែកក៏ខូចទៀត៖
១.ប្រើផលិតផលមានជាតិកាត់ខ្លាំង
ពេលយើងមានមុន យើងនិយមប្រើផលិតផលមានជាតិកាត់ មានម្សៅលាយ ឬស្ក្រាប់មុខ (Scrub) ដែលជួយសម្អាតរន្ធញើស ដើម្បីកុំឲ្យដីកកក្នុងរន្ធញើសធ្វើឲ្យកើតមុនលើសដើម។ យើងត្រូវជ្រើសយកផលិតផលប្រើឲ្យសមនឹងស្បែកមុខ បើយើងប្រើស្ក្រាប់ផ្ដេសផ្ដាស វាអាចរំខានដល់ស្បែកមុខ ឬធ្វើឲ្យខូចស្បែកមុខ ជាហេតុបណ្ដាលមានបញ្ហាកាន់តែយ៉ាប់។
២.មិនប្រើគ្រីមការពារកម្ដៅថ្ងៃ ឬលាបតិចៗពេក
ការលាបគ្រីមការពារកម្ដៅថ្ងៃចាំបាច់ក្នុងការពារស្បែកយើងពីពន្លឺUV និងអាចកាត់បន្ថយមហារីកស្បែកផងដែរ។ តែកំហុសដែលយើងច្រើនធ្វើនោះគឺ លាបគ្រីមការពារកម្ដៅថ្ងៃច្រើនពេក ធ្វើឲ្យគ្រីមចូលទៅក្នុងរន្ធញើស មិនអាចឲ្យស្បែកដកដង្ហើមបាន ឬលាបតិចៗមិនសព្វមុខ ធ្វើឲ្យមុខងាយនឹងខូចខាតដោយសារកម្ដៅថ្ងៃ អាចបណ្ដាលឲ្យស្បែកស្ងួត និងកើតមុនបាន។
៣.កេះ ឬញេចមុន
គ្នាយើងខ្លះមុនទុំមិនទាន់ទេ រពឹសដៃកេះ ឬញេចចេញហើយ តែការធ្វើបែបនេះអាចឲ្យបាក់តេរីរាលដាល បណ្ដាលឲ្យមុនកាន់តែកើនឡើង។ ហើយបើយើងញេចមុនដែលមិនទាន់ទុំ វាកាន់តែធ្វើប្រេង និងបាក់តេរីចូលកាន់តែជ្រៅទៅក្នុងស្បែក។ បើយើងយកដៃញេច ដូចស្វាគមន៍ពពួកមេរោគនៅលើដៃឲ្យទៅទុំនៅស្បែកមុខអ៊ីចឹងដែរ។
៤.ប្រើតិចនិកលាងមុខខុស
គ្រាន់តែលុបមុខមានខុស មានត្រូវដែរ? ការលុបមុខសម្រាប់ស្បែកមុខមានមុនច្រើន មិនមែនដូចអ្នកដែលមានមុខធម្មតាទេ។ កំហុសមួយដែលយើងតែងធ្វើនោះគឺជ្រើសរើសហ្វូមលាងមុខខុស ដែលបង្កឲ្យមុនកាន់តែឡើង មុខកាន់តែមានបញ្ហា។ ចំពោះគ្នាយើងខ្លះ ដែលមានមុនច្រើន ប្រហែលប្រើហ្វូមដែលមានសារធាតុកម្ចាត់មុនហើយ តែហ្វូមប្រភេទត្រូវការពេលយូរដើម្បីជ្រាបចូលស្បែកបានសព្វ ដូចនេះបើនៅតែមានមុនទៀត អាចដោយសារយើងឆាប់លាងចេញពេក។
ម៉្យាងវិញទៀត យើងត្រូវលាងហ្វូមចេញឲ្យបានស្អាត បើមិនដូច្នោះ សមាសធាតុសម្អាតមុខនឹងជាប់លើមុខ ធ្វើឲ្យស្បែកស្ងួត ងាយកើតមុន។ បន្ទាប់ពីលាងមុខ ជូតមុខហើយ យើងគួរលាបគ្រីមផ្ដល់សំណើមភ្លាមៗ កុំទុកឲ្យមុខស្ងួតខ្លាំងទាន់។
៥.ប្រើតែទឹកជូត Make up
ទឹកជូតគ្រឿងសម្អាងចេញពីមុខមានសមាសធាតុសម្អាតស្បែកបានល្អ ហើយទឹកជូតខ្លះ អាចប្រើបានដោយមិនចាំបាច់លាងមុខតាមក្រោយ។ ទោះយ៉ាងនេះក្ដី ទឹកជូត Make up គ្រាន់តែជូតគ្រឿងសម្អាងបាននៅលើផ្ទៃមុខខាងលើប៉ុណ្ណោះ តែវាមិនអាចសម្អាតធូលី ប្រេង កប់ជ្រៅក្នុងរន្ធញើសយើងបានទេ។ មុនចូលគេង ត្រូវជូតសម្អាតគ្រឿងសម្អាងសិន រួចលុបមុខឲ្យបានស្អាត។
៦.ប្រើថ្នាំលាបមុនតិច ឬច្រើនពេក
កំហុសឆ្គងមួយដែលយើងធ្វើញឹកនោះ គឺប្រើថ្នាំលាបមុនតែកន្លែងកើតមុន។ ស្បែកយើងមានរន្ធញើសច្រើន ហើយវាអាចកើតមុនកន្លែងណាក៏បាន។ បើយើងលាបតែនៅលើកន្លែងមានមុន កន្លែងក្បែរនោះអាចកើតមុនម្ដង។ ប៉ុន្តែបើយើងប្រើច្រើនពេក លាបពេញមុខ វាអាចធ្វើឲ្យស្បែកស្ងួត ផ្ដល់ផលរំខាន ឡើងក្រហម របកស្បែក ឬកាន់តែធ្វើឲ្យមុនកើនឡើង។ល។
[embed-health-tool-due-date]