ពិតណាស់ ស្រីៗយើងតែងតែយកចិត្តទុកដាក់ខ្លាំងចំពោះការថែរក្សាស្បែក។ ប៉ុន្តែ មានកត្តាជាច្រើនដូចជាកម្ដៅថ្ងៃ ខ្យល់ពុល ទម្លាប់ញ៉ាំអាហារមិនល្អ ស្ត្រេស គឺសុទ្ធតែជះឥទ្ធិពលមិនល្អដ៏ស្បែកមុខរបស់យើង ដែលអាចបណ្ដាលឲ្យកើតមានបញ្ហាផ្សេងៗជាច្រើនដូចជាមុន ស្នាមជ្រីវជ្រួញ រន្ធញើសរីកធំ រង្វង់ភ្នែកខ្មៅ។ល។ យ៉ាងណាមិញ គ្នាយើងអាចដោះស្រាយបញ្ហាស្បែកទាំងនេះបាន ដោយប្រើដុំទឹកកកប៉ុណ្ណោះ។ អត្ថប្រយោជន៍នៃដុំទឹកកកចំពោះស្បែកមានដូចខាងក្រោម។
១. ជួយឲ្យស្បែកភ្លឺរលោងភ្លាមៗ
ការប្រើដុំទឹកកកអាចជួយឲ្យសរសៃឈាមរបស់យើងរួមតូច ក៏ដូចជាកាត់បន្ថយការរលាក។ កត្តានេះអាចជួយកាត់បន្ថយភាពនឿយហត់នៅលើផ្ទៃមុខ ធ្វើឲ្យលំហូរឈាមកាន់តែប្រសើរឡើង និងធ្វើឲ្យស្បែករបស់យើងភ្លឺថ្លាភ្លាមៗ។
២. កាត់បន្ថយបញ្ហាមុន
ជាមួយគ្នានេះដែរ ការប្រើដុំទឹកកកនៅលើមុន ក៏អាចជួយកាត់បន្ថយស្នាមក្រហម និងការរលាកដោយធ្វើឲ្យលំហូរឈាមប្រសើរឡើង និងបង្រួមរន្ធញើស ព្រមទាំងកាត់បន្ថយការផលិតប្រេងច្រើនជ្រុលផងដែរ។
៣. បង្កើនការស្រូបយកផលិតផល
ត្រដុសដុំទឹកកកមុនពេលប្រើផលិតផលថែរក្សាស្បែក អាចជួយឲ្យផលិតផលដែលយើងប្រើប្រាស់ងាយចូលទៅដល់ស្រទាប់ជ្រៅនៃស្បែក និងអាចស្រូបយកផលិតផលបានល្អជាងមុន។
៤. កាត់បន្ថយស្នាមដក់ក្រោមភ្នែក
ទន្ទឹមនឹងនេះ ការត្រដុសទឹកកកនៅលើផ្ទៃមុខជាប្រចាំ ក៏អាចកាត់បន្ថយការហើម ដោយបង្រួញសរសៃឈាមដែលរួញ។ ដូច្នេះហើយ វាមានប្រយោជន៍ក្នុងការបំបាត់ស្នាមដក់នៅក្រោមភ្នែកបានយ៉ាងមានប្រសិទ្ធភាព។
៥. កាត់បន្ថយសញ្ញានៃភាពចាស់
ភាពត្រជាក់នៃទឹកកកអាចជួយបន្តឹងរន្ធញើសនៃស្បែក និងកាត់បន្ថយការលេចចេញសញ្ញានៃភាពចាស់ ដូចជាស្នាមជ្រីវជ្រួញ ដើម្បីធ្វើឲ្យស្បែករបស់យើងតឹងណែន និងក្មេងជាងវ័យ។
៦. ព្យាបាលការរលាកដោយកម្ដៅថ្ងៃ និងកន្ទួលរមាស់
ការត្រដុសដុំទឹកកកគឺជាវិធីសាស្ត្រដ៏ល្អមួយ ដើម្បីព្យាបាលការរលាកដោយកម្ដៅថ្ងៃ ពីព្រោះវាអាចជួយបំបាត់ស្នាមក្រហម និងការរលាកដោយកម្ដៅថ្ងៃបានយ៉ាងស័ក្ដិសិទ្ធិ។
តិចនិកត្រដុសដុំទឹកកកនៅលើផ្ទៃមុខ
- រុំដុំទឹកកកដោយប្រើកំណាត់ស្ដើង ឬកូនកន្សែង រួចធ្វើការត្រដុសនៅលើផ្ទៃមុខ
- យើងក៏អាចបង្កកគ្រឿងផ្សំផ្សេងៗដូចជាសាច់ប៉េងប៉ោះ ទឹកប្រទាលកន្ទុយក្រពើ ទឹកត្រសក់ដើម្បីផ្ដល់សារធាតុចិញ្ចឹមបន្ថែមដល់ស្បែក
- កុំត្រដុសដុំទឹកកកនៅលើស្បែកច្រើនជាងម្ដងក្នុងមួយថ្ងៃ
- ប្រសិនបើយើងមានស្បែកងាយប្រតិកម្ម ចូរកុំត្រដុសដុំទឹកកកដោយផ្ទាល់នៅលើផ្ទៃមុខ និងជំនួសដោយការប្រើកន្សែងត្រជាក់ ទើបជាការប្រសើរ
- កុំទុកដុំទឹកកកនៅលើបរិវេណជាក់លាក់នៃផ្ទៃមុខច្រើនជាង១នាទី
- ចូរប្រុងប្រយ័ត្នក្នុងការត្រដុសដុំទឹកកកនៅជុំវិញភ្នែករបស់យើង ជាពិសេសប្រសិនបើយើងប្រើប្រាស់គ្រឿងផ្សំពិសេសណាមួយ។ បន្ថែមពីនេះ កុំត្រដុសខ្លាំងៗនៅខាងក្រោមភ្នែក ពីព្រោះវាជាបរិវេណដែលងាយប្រតិកម្ម។
- ប្រសិនបើយើងមានអារម្មណ៍រលាក ឬមិនស្រួលនៅពេលត្រដុសដុំទឹកកក ចូរបញ្ឈប់ការប្រើប្រាស់ភ្លាមៗ។
[embed-health-tool-due-date]