ជារៀងរាល់ថ្ងៃស្បែករបស់យើងតែងតែប៉ះពាល់ជាមួយបរិយាកាសខាងក្រៅដែលអាចមានសារធាតុបង្កគ្រោះថ្នាក់ដូចជាធូលី សារធាតុគីមីកាចគ្រោះថ្នាក់ កាំរស្មី UV និងបរិស្ថានជុំវិញផ្សេងទៀតដែលអាចជះឥទ្ធិពលដល់ស្បែកយើងបាន។ ការប៉ះពាល់ជាមួយនឹងសារធាតុទាំងនេះយូរៗទៅនឹងបណ្តាលឲ្យស្បែកយើងមានការផ្លាស់ប្តូរ និងវិវឌ្ឍទៅជាកើតមុន ស្លាកស្នាម ខូង ស្នាមជ្រួញ និងការខូចខាតផ្សេងៗទៀត ហើយនឹងត្រូវចំណាយពេលច្រើនដើម្បីព្យាបាល និងបំបាត់ស្នាមទាំងនោះ។ ខាងក្រោមនេះគឺជាគន្លឹះ ៥ យ៉ាងដើម្បីថែរក្សាស្បែកយើងមុនពេលចូលគេង។
១- លាងសម្អាតមុខ
នៅពេលយើងគេងពេលយប់ស្បែករបស់យើងនឹងមានធ្វើការជួសជុលកន្លែងមានបញ្ហាដោយខ្លួនឯង ហើយរន្ធញើសនឹងបើកផងដែរ។ ប្រសិនបើគ្រឿងតុបតែងមុខរបស់យើងដូចជា ម៉ាស្ការ៉ា (mascara) ម្សៅទ្រនាប់ (foundation) ហាយឡាយ (highlighter) និង គូល័រភ្នែក (eyeshadow) ដែលយើងបានប្រើប្រាស់មិនត្រូវបានលាងសម្អាតចេញនោះទេ នឹងបង្កឲ្យមានការស្ទះរន្ធញើស ហើយរំខានដល់ដំណើរការធម្មជាតិនៃការជួសជុលទាំងនោះ។ កត្តាទាំងនេះជាហេតុបណ្តាលឲ្យស្បែកយើងមិនរលោង បែរជាមានស្នាម និងមានមុនទៅវិញ។ តាមរយៈការលាងសម្អាតគ្រឿងសម្អាងចេញពីមុខ អាចជួយឲ្យស្បែករបស់យើ់ងមានដង្ហើម និងរក្សាឲ្យនៅធម្មជាតិបាន។
បន្ទាប់ពីយើងបានតុបតែងមុខរួច ចាំបាច់ត្រូវធ្វើការលាងសម្អាតវិញជាមួយនឹងទឹក Toner។ Toner អាចជួយឲ្យកម្រិត pH ធម្មជាតិរបស់ស្បែកត្រឡប់មកវិញ ដែលអាចឲ្យស្បែកយើងមានភាពធន់នឹងបាក់តេរី និងមីក្រូសរីរាង្គផ្សេងទៀត។ Toner មានសារៈសំខាន់ណាស់សម្រាប់អ្នកដែលមានស្បែកមុខខ្លាញ់ និងមុខមុន។ យើងអាចបន្តក់ Toner ពីរបីដំណក់លើសំឡីជូតមុខ ជូតទៅលើមុខ និងក រួចហើយទុកឲ្យស្ងួត។ Toner ដែលល្អបំផុតគឺគ្មានជាតិអាល់កុល ឬផ្សំបែបធម្មជាតិដូចទឹកផ្កាកុលាបសុទ្ធ។
៣- ប្រើឧបករណ៍ផ្តល់សំណើម humidifier
ឧបករណ៍ផ្តល់សំណើម humidifier អាចជួយផ្តល់សំណើម ធ្វើឲ្យស្បែកមានភាពរលោង និងការពារកុំឲ្យស្បែកស្ងួត រមាស់ និងប្រេះ។ កម្រិតសំណើមទាបអាចមានលើអ្នកមានជំងឺស្បែក eczema psoriasis និងជំងឺស្បែកផ្សេងៗទៀត។ ឧបករណ៍ផ្តល់សំណើមជួយរក្សាស្បែករបស់យើងឲ្យមានសំណើម និងសើមដែលមិនងាយនឹងរលាក និងអាលែ្លកហ្ស៊ី។
៤- ជ្រើសរើសខ្នើយ
ខ្នើយសូត្រ (silk) គឺពិតជាអាចជួយដល់ស្បែករបស់អ្នកឲ្យមានសុខភាពល្អបាន។ សូត្រមានផ្ទុកប្រូតេអ៊ីនធម្មជាតិ និងអាស៊ីតអាមីណូសំខាន់១៨ ដែលអាចជួយឲ្យស្បែកស្រស់ស្អាត។ ខ្នើយសូត្រ អាចការពារកុំឲ្យមានស្នាមនៅលើផ្ទៃស្បែកយើងនៅពេលដែលយើងក្រោកពីគេង ចំណែកឯសារធាតុសរសៃរបស់ខ្នើយកប្បាសវិញអាចបណ្តាលឲ្យមានការស្អិតជាប់នឹងស្បែក និងសក់របស់យើង។ ការណែនាំមួយចំនួនតម្រូវឲ្យយើងផ្លាស់ប្តូរខ្នើយជាប្រចាំ ដោយសារតែការបោកគក់ខ្នើយគឺមិនមានភាពគ្រប់គ្រាន់ឡើយ។ យោងទៅតាមបណ្ឌិត្យសភានៃរោគសើស្បែកអាមេរិក (AAD) បានឲ្យដឹងថាខ្នើយអាចប្រមូលផ្តុំនូវកោសិកាស្បែកដែលងាប់ និងបាក់តេរីចេញពីភាពមិនស្អាតនៃស្បែក ហើយសារធាតុកខ្វក់ទាំងនោះអាចនឹងចូលទៅស្បែករបស់យើងតាមរយៈខ្នើយរបស់យើងវិញ។
៥- គាបសក់
ការគាបសក់មុនពេលចូលគេងគឺជាវិធីសំខាន់មួយក្នុងការរក្សាឲ្យស្បែករបស់យើងឲ្យមានភាពស្រស់ស្អាត។ សក់របស់តែងមានផ្ទុកនូវជាតិប្រេង ធូលី និងកោសិកាស្បែកងាប់ដែលអាចចូលទៅផ្ទៃមុខ និងខ្នើយ។ ជាតិប្រេង និងកោសិកាស្បែកងាប់ទាំងនោះអាចធ្វើឲ្យយើងកើតមុន។ ការគាបសក់មិនត្រឹមតែអាចផ្តល់ប្រយោជន៍ដល់ស្បែកយើងប៉ុណ្ណោះទេ តែក៏ជួយកុំឲ្យសក់របស់យើងជំពាក់នៅពេលដែលយើងក្រោកពីគេងផងដែរ។
ការថែរក្សាស្បែកយើងឲ្យនៅមានភាពស្រស់ស្អាតគឺមិនមានភាពពិបាកទេ។ យើងគ្រាន់តែត្រូវមានភាពអត់ធ្មត់ និងឧស្សាហ៍ធ្វើនូវទំលាប់ដែលបានរៀបរាប់ខាងលើឲ្យបានត្រឹមត្រូវនៅពេលយើងមុនពេលចូលគេង ហើយយើងនឹងឃើញលទ្ធផលល្អដែលអាចធ្វើឲ្យើងសប្បាយចិត្តជាមិនខាន។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញដើម្បីស្វែងយល់ពីដំណោះស្រាយរបស់អ្នក។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕