យើងទាំងអស់គ្នាដឹងហើយថាការធ្វើលំហាត់ប្រាណមានសារៈសំខាន់សម្រាប់សុខភាពជាទូទៅរបស់យើង។ ក៏ប៉ុន្តែ មិនមានមនុស្សច្រើនប៉ុន្មានទេដែលដឹងថាវារឹតតែសំខាន់ថែមទៀតសម្រាប់អ្នកទាំងឡាយណាដែលមានជំងឺ រលាកសន្លាក់ឆ្អឹង។ អ្នកជំងឺរលាកសន្លាក់ឆ្អឹងគេណែនាំមិនឲ្យធ្វើចលនា តែនៅពេលថ្មីៗនេះត្រូវបានគេបង្ហាញឲ្យឃើញថាការមិនធ្វើចលនាគឺផ្តល់ទុក្ខទោសទៅវិញ។ អ្នកវិទ្យាសាស្រ្តជឿថាការរក្សាសាច់ដុំ និងសន្លាក់ដែលរងប៉ះពាល់ឲ្យធ្វើចលនាគឺជាកូនសោនៃការប្រយុទ្ធតទល់នឹងការខូចខាត ដែលបង្កឡើងដោយជំងឺរលាកសន្លាក់។
១- លំហាត់ប្រាណសរសៃឈាមបេះដូង
អ្នកដែលមានជំងឺរលាកឆ្អឹងសន្លាក់នៅត្រង់ជង្គង់ និងត្រគាកអាចទទួលបានផលចំណេញពីលំហាត់ប្រាណសរសៃឈាមបេះដូង ដូចជា ការដើរ ការហែលទឹក និងការជិះកង់។ ជាទូទៅ ធ្វើលំហាត់ប្រាណគឺជំរុញដល់ចង្វាក់បេះដូង តែកុំធ្វើឲ្យខ្លាំងក្លាពេក។
ការដើរញាប់ៗគឺមានប្រយោជន៍ក្នុងការរក្សាចលនានិងគ្រប់គ្រងការឈឺចាប់។ ការហែលទឹកជាជម្រើសដ៏ល្អមួយផ្សេងទៀត។ យ៉ាងនេះក្តី សូមរកអាងទឹកដែលមានទឹកក្តៅ ដោយសារទឹកត្រជាក់អាចនឹងធ្វើឲ្យសន្លាក់ដែលមានជំងឺរលាកឈឺចាប់បាន។ ដូចគ្នាផងដែរ សូមចងចាំទុកថា ការហែលទឹក ថ្វីបើមានអត្ថប្រយោជន៍ក្តីតែមិនបានជួយឲ្យពន្យារពេលការបាត់បង់ឆ្អឹងអ្នកដូចប្រភេទនៃលំហាត់ប្រាណទ្រទ្រង់ទម្ងន់ឡើយ ហេតុនេះ លុះត្រាតែស្ថានភាពអ្នកមិនអាក្រក់ពេកទេ នោះអ្នកគួរសាកល្បងលំហាត់ប្រាណទ្រទ្រង់ទម្ងន់ដើម្បីបានអត្ថប្រយោជន៍ច្រើនបំផុត។
អត្ថបទពាក់ព័ន្ធ៖ បើឈឺជើង ជង្គង់ ឬត្រគាក ក្បាច់ហាត់ប្រាណទាំងនេះ អាចជួយបាន
២- សកម្មភាពពង្រឹងសាច់ដុំ
គួរឲ្យភ្ញាក់ផ្អើលជាខ្លាំង ការលើកទម្ងន់បានបង្ហាញថាធ្វើឲ្យប្រសើរដល់ការឈឺចាប់នៅក្នុងជំងឺរលាកសន្លាក់ដោយពង្រឹងសាច់ដុំដែលទទួលខុសត្រូវទ្រសន្លាក់។ សកម្មភាពពង្រឹងសាច់ដុំ ក៏បន្ថយផងដែរនូវហានិភ័យក្នុងការដួល ដែលជាគ្រោះថ្នាក់ដែលអ្នកជំងឺរលាកឆ្អឹងសន្លាក់សឹងគ្រប់គ្នាប្រឈមមុខ។ ថ្នាក់លំហាត់ថៃឈិ និងយ៉ូហ្គាក៏ផ្តល់ផងដែរនូវលំហាត់ប្រាណងាយស្រួល ដែលត្រូវបានតាក់តែងជាពិសេសសម្រាប់អ្នកដែលមានជំងឺរលាកសន្លាក់ដើម្បីធ្វើឲ្យប្រសើរដល់កម្លាំង និងតុល្យភាព។
៣- លំហាត់ប្រាណត្រគាក
ការយោលជើង សម្រាប់លំហាត់ប្រាណនេះ អ្នកត្រូវតែតោងកាន់ទៅលើកន្លែងមាំ ហើយគ្រាន់តែយោលជើងពីចំហៀងម្ខាងទៅម្ខាងទៀតប៉ុណ្ណោះ។ ការយោលជើងសក្តិសមកាន់តែខ្លាំងក្នុងការអនុវត្តនៅក្នុងអាងហែលទឹកដោយសារភាពអណ្តែតបានជួយដល់ចលនា ហើយកម្លាំងទប់មកពីទឹកធ្វើឲ្យសាច់ដុំយើងប្រឹងធ្វើការកាន់តែខ្លាំងឡើង។
ការគន្លាសន្ធឹងជើង ចាប់ផ្តើមដោយស្ថានភាពដដែលដូចគ្នាទៅនឹងលំហាត់ប្រាណពីមុន បន្ទាប់មកគន្លាសន្ធឹងជើងយើងថ្នមៗទៅក្រោយ ហើយឆ្លាស់គ្នារវាងជើងទាំងពីរ។
ប្រសិនបើត្រគាកអ្នកតឹងខ្លាំងពេក ការបង្ខំវាឲ្យកម្រើកអាចនឹងធ្វើឲ្យខ្នងអ្នកឈឺចាប់បាន ហើយបង្កនូវបញ្ហាជាបន្តទៅទៀត។ វាប្រសើរបំផុតដែលស្វែងរកអ្នកជំនាញដើម្បីរៀនសូត្ររបៀបធ្វើលំហាត់ប្រាណឲ្យបានត្រឹមត្រូវ។
៤- លំហាត់ជង្គង់
ការយោលរលាក់ជង្គង់៖ បន្ទាបចុះនៅជង្គង់ម្ខាង ដោយប្រើប្រាស់កម្រាលទន់នៅខាងក្រោមដើម្បីទ្រាប់ជង្គង់។ យោលរលាក់ថ្នមៗទៅមុខ ក្នុងខណៈដែលរក្សាស្ថានភាពត្រង់សម្រាប់ស្មា។ លំហាត់ប្រាណនេះទាញសន្ធឹងផ្នែកខាងមុខនៃជង្គង់ក្នុងខណៈរក្សាឆ្អឹងខ្នងចង្កេះឲ្យនៅល្អ។ កុំគន្លាសន្ធឹងជង្គង់យើងហួសម្រាមមេជើងឡើយដើម្បីចៀសវាងការប្រទាញជង្គង់។
អត្ថបទពាក់ព័ន្ធ៖ រឿងខ្លះគួរដឹង បង្ការកុំឲ្យមានបញ្ហាជង្គង់កើតឡើង
អង្កុញជើង៖ សម្រាប់លំហាត់ប្រាណនេះ ដេកនៅលើផ្ទៃរឹងផ្គាប់មុខ។ បន្ទាប់មកបត់កែងជើងថ្នមៗទៅក្រោយទៅរកគូទ។ រក្សាត្រគាកយើងនៅជាប់នឹងដី។ ព្យាយាមកុំដាក់ទម្ងន់ច្រើនពេកទៅលើសន្លាក់ និងសាច់ដុំដែលរងប៉ះពាល់ ដោយប្រការនេះអាចនឹងធ្វើឲ្យស្ថានភាពយើងកាន់តែដុនដាបឡើង។
ខណៈដែលលំហាត់ប្រាណទាំងនេះអាចនឹងជួយធ្វើឲ្យស្ថានភាពយើងបានប្រសើរឡើងយ៉ាងច្រើនមែន ពួកវាមិនអាចបំបាត់ចោលទាំងស្រុងបាននូវការឈឺចាប់មកពីជំងឺរលាកឆ្អឹងសន្លាក់នោះឡើយ។ ប្រសិនបើការឈឺចាប់ធ្ងន់ធ្ងរពេក យើងគួរតែសាកល្បងធ្វើឲ្យធូរស្រាលពីថ្នាំបំបាត់ការឈឺចាប់ដូចជាឱសថ NSAIDs។ ឱសថក្រុម NSAIDs មានទាំងឱសថមិនត្រូវការវេជ្ជបញ្ជា និងទាមទារវេជ្ជបញ្ជា។ ពួកវាមានប្រសិទ្ធភាពនៅក្នុងការបន្ថយការឈឺចាប់ដែលបង្កឡើងដោយស្ថានភាពរលាកសន្លាក់។ ក្រៅពីនេះ ពួកវាក៏បន្ថយការរលាកផងដែរ ដែលជាបញ្ហាធំមួយនៃជំងឺរលាកឆ្អឹងសន្លាក់។ ឱសថ NSAIDs ដែលមិនត្រូវការវេជ្ជបញ្ជាគឺជាការចាប់ផ្តើមដ៏ល្អ។ យើងក៏អាចពិគ្រោះនឹងវេជ្ជបណ្ឌិតផងដែរសម្រាប់ឱសថក្រុម NSAID ដែលទាមទារវេជ្ជបញ្ជាដើម្បីឲ្យត្រូវស្របតាមស្ថានភាពអ្នកប្រសើរបំផុត។
អត្ថបទពាក់ព័ន្ធ៖
- លោតហាត់ប្រាណ ១ថ្ងៃ តែ៥នាទី ក៏អាចជួយការពារស្រ្តីពីការពុកឆ្អឹងត្រគាក
- តិចនិកកម្ដៅសាច់ដុំមុនរត់ហាត់ប្រាណ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]