យ៉ាងណាមិញ អ្នកជំងឺក៏អាចអនុវត្តគន្លឹះងាយៗមួយចំនួន ដើម្បីជួយឲ្យឆាប់ជាសះស្បើយ ទោះបីជាមិនបាន១០០% ក៏អាចជួយពង្រឹងកម្លាំង ចលនា និងសុខភាពរបស់អ្នកជំងឺបានមួយកម្រិតដែរ។
គន្លឹះជួយឲ្យជាសះស្បើយក្រោយគ្រោះថ្នាក់សរសៃឈាមខួរក្បាល
១. ញ៉ាំអាហារសុខភាព
អាហារដែលយើងញ៉ាំប្រចាំថ្ងៃ មានឥទ្ធិពលផ្ទាល់ទៅនឹងសុខភាពរាងកាយទាំងមូល។ ដូច្នេះហើយ យើងចាំបាច់ផ្លាស់ប្ដូររបបអាហារ ក្រោយជួបបញ្ហាគ្រោះថ្នាក់សរសៃឈាមខួរក្បាល ដូចជាកាត់បន្ថយអាហារមានជាតិខ្លាញ់ អាហារកែច្នៃ និងគ្រឿងផ្អែម ព្រមទាំងជំនួសមកនូវបន្លែ និងផ្លែឈើស្រស់ៗ។ ទម្លាប់ញ៉ាំអាហារបែបនេះ មិនត្រឹមតែជួយឲ្យឆាប់ជាសះស្បើយនោះទេ ថែមទាំងអាចកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់សរសៃឈាមខួរក្បាលម្ដងទៀតផងដែរ។
២. ធ្វើលំហាត់កាយសម្បទា
យោងតាមការសិក្សាបានបង្ហាញថា រយៈពេលពីរបីខែដំបូងក្រោយគ្រោះថ្នាក់សរសៃឈាមខួរក្បាល មានសារសំខាន់ណាស់ក្នុងដំណើរការជាសះស្បើយ។ ហេតុនេះហើយ អ្នកជំងឺត្រូវធ្វើលំហាត់ប្រាណកាយសម្បទាអំឡុងពេលនេះ។ ជាទូទៅ លំហាត់ប្រាណកាយសម្បទាផ្ដោតទៅលើជំនាញសរសៃប្រសាទ ចលនា និងលំដាប់នៃចលនា។