រលាកសរសៃប្រសាទលើផ្ទៃមុខ និងស្រ្តូកខុសគ្នាយ៉ាងម៉េចខ្លះ?
អាការៈមួយចំនួនដូចជា ពិបាកបិទភ្នែកដោយសារតែខ្សោយសាច់ដុំ ឬខ្សោយផ្ទៃមុខភ្លាមៗ អាចជាសញ្ញានៃជំងឺBell’s palsy ឬរលាកសរសៃប្រសាទលើផ្ទៃមុខ។ យ៉ាងណាមិញ បញ្ហាគ្រោះថ្នាក់សរសៃឈាមខួរក្បាល ក៏មានរោគសញ្ញាស្រដៀងនឹងជំងឺBell’s palsyដែរ។ អ៊ីចឹងហើយ ធ្វើម៉េចទើបយើងអាចដឹងច្បាស់ពីភាពខុសគ្នារវាងជំងឺទាំងពីរនេះ?

ជំងឺBell’s palsyជាអ្វី?
ជាក់ស្ដែង ជំងឺBell’s palsy អាចបណ្ដាលឲ្យយើងពិការបាន។ ថ្វីដ្បិតតែមូលហេតុជាក់លាក់ដែលបង្កឲ្យកើតជំងឺនេះ នៅមិនទាន់ដឹងច្បាស់យ៉ាងណាក្ដី ប៉ុន្តែពេលខ្លះ ការឆ្លងមេរោគដោយពពួកវីរុស ក៏អាចនាំឲ្យកើតជំងឺBell’s palsyបានដែរ ក្រោយពេលដែលវីរុសសម្ងំ និងរើឡើងវិញ។ កត្តាផ្សេងទៀត រួមមានប្រព័ន្ធភាពស៊ាំចុះខ្សោយ ស្ត្រេសរយៈពេលយូរ គេងមិនគ្រប់គ្រាន់ និងជំងឺAutoimmune។ ចំណែកឯការព្យាបាលវិញ មានប្រសិទ្ធភាពបំផុតក្នុងរយៈពេល៧២ម៉ោង។ ប៉ុន្តែ ជំងឺBell’s palsyអាចជាសះស្បើយដោយខ្លួនឯងដោយពុំចាំបាច់ព្យាបាលក្នុងរយៈពេលប្រហែល៣សប្ដាហ៍។ យ៉ាងណាមិញ ប្រសិនបើការព្យាបាលមានភាពយឺតយ៉ាវ នោះកម្រិតពិការ ឬខ្សោយអាចមានរយៈពេលយូរដូចគ្នា។
អ្វីទៅជាគ្រោះថ្នាក់សរសៃឈាមខួរក្បាល?
កំណក ឬដុំកំណកខ្លាញ់ពីផ្នែកផ្សេងទៀតនៃរាងកាយ អាចធ្វើដំណើរតាមចរន្តឈាម និងជាប់នៅក្នុងសរសៃឈាមខួរក្បាល ជាហេតុនាំឲ្យរាំងស្ទះលំហូរឈាមទៅកាន់ខួរក្បាល។ គ្រោះថ្នាក់សរសៃឈាមខួរក្បាលកម្រិតស្រាល ឬMini Stroke អាចបង្កផលប៉ះពាល់តិចតួច។ ប៉ុន្តែ ចំពោះរបួសក្បាល ឬបែកសរសៃឈាមអាចបណ្ដាលឲ្យមានការហូរឈាមមិនឈប់ និងបង្កជាបញ្ហាគ្រោះថ្នាក់សរសៃឈាមខួរក្បាល។

រោគសញ្ញាជំងឺBell’s palsy និងគ្រោះថ្នាក់សរសៃឈាមខួរក្បាល
ថ្វីដ្បិតតែរោគសញ្ញានៃជំងឺBell’s palsy និងគ្រោះថ្នាក់សរសៃឈាមខួរក្បាលស្រដៀងគ្នា ប៉ុន្តែភាពខុសគ្នាចម្បងរវាងជំងឺទាំង២ គឺជំងឺBell’s palsyប៉ះពាល់តែលើផ្ទៃមុខប៉ុណ្ណោះ។ ជាទូទៅ ជំងឺBell’s palsyកើតឡើងភ្លាមៗលើមនុស្សគ្រប់វ័យ មិនថាប្រុស ឬស្រីនោះទេ ហើយជំងឺនេះកម្រនឹងកើតមាន និងមិនគ្រោះថ្នាក់ដល់អាយុជីវិតផងដែរ។ អ្នកជំងឺភាគច្រើនអាចជាសះស្បើយ ដោយពុំមានបន្សល់ផលវិបាកណាមួយឡើយ។
អត្ថបទគួរអាន៖
- ឈឺក្បាល មិនមែនចេះតែលេបថ្នាំគ្រប់ពេលទេ អាចប៉ះពាល់សុខភាព
- ប្រយ័ត្ន! ឈឺក្បាលខ្ទោកៗ អាចជាសញ្ញានៃជំងឺគួរឲ្យបារម្ភមួយនេះ
- ទម្លាប់៥យ៉ាង នាំឲ្យក្រោកពីគេងមានបញ្ហាឈឺក្បាល
- អាហារ ៦ មុខនេះអាចបង្កអាការៈឈឺក្បាលប្រកាំង
- វិធី ៥ យ៉ាង ជួយគ្នាយើងអាចគ្រប់គ្រងការឈឺក្បាលប្រកាំងបាន
- សម្គាល់ម៉េច ទើបដឹងថាឈឺក្បាលធម្មតា ឬឈឺក្បាលប្រកាំង?
ចំណែកគ្រោះថ្នាក់សរសៃឈាមខួរក្បាល ច្រើនតែកើតលើអ្នកជំងឺលើសឈាម សរសៃឈាមបេះដូង ឬទឹកនោមផ្អែម ហើយបញ្ហាមួយនេះមិនត្រឹមតែប៉ះពាល់ដល់សរសៃប្រសាទផ្ទៃមុខនោះទេ ថែមទាំងប៉ះពាល់ដល់រាងកាយទាំងមូល ជាពិសេសខួរក្បាលតែម្ដង។