ជាការពិតណាស់មានមនុស្សជាច្រើនមានការព្រួយបារម្ភអំពីការភ្លេចភ្លាំង។ គ្នាយើងមួយចំនួនតែងតែគិតថាការភ្លេចភ្លាំងគឺជាសញ្ញាដំបូងនៃជំងឺវង្វេង។ ប៉ុន្តែមិនមែនមនុស្សទាំងអស់ដែលមានបញ្ហាការចងចាំមានជំងឺវង្វេងនោះទេ។ មានមូលហេតុផ្សេងទៀតដែលអាចទាក់ទងនិងការចងចាំរួមទាំងបញ្ហាមួយចំនួនបញ្ចូលទាំងវ័យចំណាស់ ស្ថានភាពសុខភាព បញ្ហាផ្លូវចិត្តឬជំងឺវង្វេងប្រភេទផ្សេងទៀត។
រោគសញ្ញា
ចំពោះការបាត់បង់ការចងចាំ ឬភេ្លចេភ្លាំង គឺជារោគសញ្ញាសំខាន់នៃជំងឺវង្វេង។ រោគសញ្ញាដំបូងរួមមាន ពិបាកក្នុងការចងចាំហេតុការណ៍ថ្មីៗ ឬការសន្ទនា។ នៅពេលដែលជំងឺនោះវិវដ្ត ការចងចាំអាចនឹងអន់ថយកាន់តែអាក្រក់ទៅៗ ហើយរោគសញ្ញាដទៃទៀតក៏វិវដ្តដែរ។ អ្នកដែលមានជំងឺវង្វេងអាច៖
- ធ្វើការចោទសួរនូវសំណួរដដែលម្ដងហើយម្ដងទៀត
- ភ្លេចការសន្ទនា ការណាត់ជួប ឬព្រឹត្តិការណ៍ផ្សេងៗ
- វង្វេងនៅកន្លែងដែលធ្លាប់ស្គាល់
- ភ្លេចឈ្មោះសមាជិកក្នុងគ្រួសារ និងវត្ថុប្រើប្រាស់ប្រចាំថ្ងៃ
- អាចមានបញ្ហាក្នុងការស្វែងរកពាក្យត្រឹមត្រូវដើម្បីកំណត់អត្តសញ្ញាណវត្ថុ ការបង្ហាញគំនិត ឬការចូលរួមក្នុងការសន្ទនា។
នៅពេលដែលយើងកើតមានជំងឺវង្វេង វាអាចប៉ះពាល់ដល់អារម្មណ៍ និងអាកប្បកិរិយា។ បញ្ហាអាចមានដូចខាងក្រោម៖
- ជំងឺបាក់ទឹកចិត្ត
- ភាពស្រពិចស្រពិល
- ការប្រែប្រួលអារម្មណ៍
- ការមិនទុកចិត្តលើអ្នកដទៃ
- ឆាប់ខឹង
- ការផ្លាស់ប្ដូរទម្លាប់គេង
- មានការភ័ន្តច្រឡំ និងបាត់បង់ជំនឿលើអ្វីមួយ
វិធីបង្ការ ឬការពារពីជំងឺវង្វេង
ចំពោះជំងឺវង្វេងគឺជាបញ្ហាសុខភាពមួយដែលមិនអាចបង្ការបាននោះទេ។ ប៉ុន្តែមានភស្តុតាងមួយចំនួនបង្ហាញថាការផ្លាស់ប្ដូររបបអាហារ ការធ្វើលំហាត់ប្រាណ ក៏អាចបន្ថយហានិភ័យនៃការវិវដ្តទៅជាជំងឺនេះ និងជំងឺដទៃទៀតដែលបណ្ដាលឱ្យមានជំងឺវង្វេងដែរ។ ជម្រើសនៃរបៀបរស់នៅដែលមានសុខភាពល្អអាចកាត់បន្ថយហានិភ័យនៃការភ្លេចភ្លាំងរួមមាន៖
- ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់
- ការទទួលទានអាហារមានសុខភាពល្អ និងអាហារដែលមានជាតិខ្លាញ់ទាប
- អនុវត្តតាមការណែនាំនៃការព្យាបាលដើម្បីគ្រប់គ្រងជំងឺលើសឈាម ទឹកនោមផ្អែម និងកូលេស្តេរ៉ូលខ្ពស់
- ប្រសិនបើគ្នាយើងជក់បារី គួរសុំការណែនាំពីគ្រូពេទ្យដើម្បីរកវិធីផ្ដាច់បារី
ពេលណាត្រូវទៅជួបគ្រូពេទ្យ
បញ្ហាសុខភាពមួយចំនួន ទាំងអាចព្យាបាលបានក្ដី គឺសុទ្ធតែអាចធ្វើឲ្យយើងភ្លេចភ្លាំង ឬមានជំងឺបាត់បង់ការចងចាំ។ បើសិនជាគ្នាយើង មានកង្វល់ពីបញ្ហាពិបាកគិត ឬភ្លេចភ្លាំង គួរពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីបានការធ្វើរោគវិនិវច្ឆ័យ និងការព្យាបាលត្រឹមត្រូវ។
[embed-health-tool-bmi]