២. ដាក់ឲ្យកូនគេងលើគ្រែទារក
គ្រែទារកជាកន្លែងមានសុវត្ថិភាពសម្រាប់កូន និងអាចជួយឲ្យប៉ាម៉ាក់អាចសម្រាកនៅពេលតែមួយ។ ជៀសវាងទម្លាប់ឲ្យកូនគេងនៅក្នុងរទេះរុញ ឬក្នុងដៃ ពីព្រោះអាអូនអាចទម្លាប់ និងមិនព្រមគេងនៅលើគ្រែនៅពេលក្រោយ។
៣. មើលសញ្ញាកូនងងុយគេង
ជាមួយគ្នានេះដែរ ប៉ាម៉ាក់គប្បីសង្កេតមើលសញ្ញាមួយចំនួនដែលបញ្ជាក់ថាកូនងងុយគេង ដូចជាញីភ្នែក ស្ងាប និងរញ៉ាំរញ៉ូវ។ ផ្ទុយទៅវិញ បើយើងមិនអើពើនឹងសញ្ញាទាំងនេះ កូនអាចនឹងកាន់តែហត់នឿយខ្លាំង និងកាន់តែពិបាកដាក់ឲ្យគេងថ្ងៃ។
៤. បំពេញតម្រូវការរបស់កូន
ទារកចូលចិត្តគេងថ្ងៃ នៅពេលដែលពួកគេមានអារម្មណ៍ស្រួលខ្លួន។ ហេតុនេះហើយ ប៉ាម៉ាក់គប្បីធានាថាកូនមានអារម្មណ៍កក់ក្ដៅ និងញ៉ាំឆ្អែតមុនពេលគេង។
៥. សង្កេតមើលអាការៈខាងរាងកាយកូន
ទារកអាចមិនគេងថ្ងៃដោយសារតែបញ្ហាជំងឺ ឬដុះធ្មេញដែលតម្រូវឲ្យប៉ាម៉ាក់ត្រូវនាំកូនទៅពិគ្រោះជាមួយនឹងគ្រូពេទ្យកុមារ។ ម្យ៉ាងវិញទៀត ប៉ាម៉ាក់គប្បីយកចិត្តទុកដាក់បន្ថែមនៅពេលដែលអាអូនមានការភ័យខ្លាចក្នុងការគេងតែឯង និងស្វែងរកវិធីដោះស្រាយ មុនពេលដែលប្រការទាំងនេះរំខានដល់ការគេងថ្ងៃរបស់កូន។