ទឹកដោះម្ដាយអាចខ្វះសារធាតុមួយចំនួន ម៉ាក់ៗត្រូវខំបំពេញបន្ថែម

    ទឹកដោះម្ដាយអាចខ្វះសារធាតុមួយចំនួន ម៉ាក់ៗត្រូវខំបំពេញបន្ថែម

    ទឹក​ដោះ​ម្ដាយ​ជា​អាហារ​ចាំ​បាច់​បំផុត​សម្រាប់​ទារក និយាយ​ឲ្យ​ស្រួល​ទៅ​ប្រៀប​បាន​ដូច​ជា​ថ្នាំ​ទិព្វ​អ៊ីចឹង​ដែរ។ អ្នក​ជំនាញ​ជា​ច្រើន​អះ​អាង​ថា ទឹកដោះម្ដាយផ្ទុក​វីតាមីន និង​ជាតិ​រ៉ែ​គ្រប់​គ្រាន់​ក្នុង​ការ​ជំរុញ​ឲ្យ​ទារក​លូតលាស់​បាន​ល្អ ប៉ុន្តែ​ទឹក​ដោះ​ម្ដាយ​ក៏​នៅ​មាន​ចំណុច​ខ្វះ​ខាត​ផ្នែក​សារធាតុ​ចិញ្ចឹម​ខ្លះ​ៗ មិន​អាច​ផ្ដល់​ឲ្យ​កូន​គ្រប់​គ្រាន់​ដែរ។

    តាម​ពិត​ទៅ ​សារធាតុ​ចិញ្ចឹម និង​កាឡូរី​នៅ​ក្នុង​ទឹក​ដោះ​ម្ដាយ​អាច​ប្រែប្រួល​ទៅ​តាម​ចំនួន​ថ្ងៃ​ម៉ាក់ៗ​បំបៅ​ដោះ​កូន ម៉ាក់ៗ​បំបៅ​កូន​ញឹក​ញាប់​ប៉ុនណា និង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​ម៉ាក់ៗ​ជាដើម។ អត្ថប្រយោជន៍​ទឹក​ម្ដាយ​ចំពោះ​ទារក និង​ម៉ាក់​ៗ​មាន​ច្រើន​ដូច​ជា អា​អូន​លូត​លាស់​បាន​ល្អ មិន​ងាយ​ឈឺ និង​ម៉ាក់​ៗ​ស្រក​ទម្ងន់​បាន​លឿន និងកាត់​បន្ថយ​កើត​ជំងឺ​មហារីក​ជាដើម​។ ទឹក​ដោះ​ម្ដាយ​មាន​សារធាតុ​ចិញ្ចឹម​ទាំង​អស់​ដែល​ទារក​ត្រូវ​ការ​សម្រាប់​ការ​លូតលាស់ និង​ការ​អភិវឌ្ឍ​ត្រឹមត្រូវ​ដូច​ជា៖

    • ជាតិ​ទឹក
    • ប្រូតេអ៊ីន
    • ថាមពល
    • ជាតិ​ខ្លាញ់
    • កាបូអ៊ីដ្រាត
    • វីតាមីន (វីតាមីន A, វីតាមីនC, វីតាមីនD)
    • ជាតិ​រ៉ែ (ជាតិ​ដែក សូដ្យូម កាល់ស្យូម)។ល។

    ខណៈ​ដែល​ទឹក​ដោះ​ម្ដាយ​មាន​ជីវជាតិ​ខ្ពស់​ជួយ​ដល់​ការ​លូតលាស់ និង​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​កូន​បាន​ល្អ ប៉ុន្តែ​ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា នៅ​ក្នុង​ទឹក​ដោះ​ម្ដាយ​នៅ​ខ្វះ​សារធាតុ​ចិញ្ចឹម​មួយ​ចំនួន​ទៀត​ដូច​ជា៖

    • វីតាមីន B
    • វីតាមីនK
    • ជាតិ អ៊ីយ៉ូត
    • ជាតិ​ស័ង្កសី។

    កង្វះ​សារធាតុ​ចិញ្ចឹម​ក្នុង​ទឹក​ដោះ​ម្ដាយ អាច​ប៉ះពាល់​ទៅ​ដល់​ការ​លូតលាស់​របស់​កូន​ក៏​ពិត​មែន ប៉ុន្តែ​ម៉ាក់​ៗ​អាច​ព្យាយាម​បង្គ្រប់​រាល់​វីតាមីន និង​ជាតិ​រ៉ែ​ដោយ​ការ​មាន​របប​អាហារ​ត្រឹម​ត្រូវ សម្បូរ​ជីវជាតិ​គ្រប់​គ្រាន់​ទ្រ​ទ្រង់​ដល់​រាងកាយ​ខ្លួន និង​ផលិត​ទឹក​ដោះ​សម្រាប់​កូន។ មួយ​វិញ​ទៀត ស្ត្រី​ពពោះ​ក៏​ត្រូវ​ញ៉ាំ​អាហារ​ឲ្យ​បាន​គ្រប់​គ្រាន់ ព្រោះ​កង្វះ​សារធាតុ​ណា​មួយ​អំឡុង​ពេល​ពពោះ ក៏​អាច​បន្ត​ខ្វះ​សារធាតុ​នោះ​ដល់​ពេល​បំបៅ​ដោះ​កូន​ដូច​គ្នា។​

    ទឹក​ដោះ​ម្ដាយ​

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    Nutrients and calories in breast milk: A guide for the science-mindedhttps://parentingscience.com/calories-in-breast-milk/

    Breastmilk Information https://www.infantnutritioncouncil.com/breastmilk-information/

    Breast milk is conditionally perfect https://pubmed.ncbi.nlm.nih.gov/29407004/

     

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 13/08/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត