មិនថាតែមនុស្សធំទេ កូនក្មេងក៏មានអាចម៍ត្រចៀកដែរ ក្មេងខ្លះមានអាចម៍ត្រចៀករាវ ឯខ្លះទៀតអាចម៍ត្រចៀករឹង។ ពេលត្រចៀកកូនមានអាចម៍ ម៉ាក់ៗតែងយកសំឡីត្បារត្រចៀកទន់ទៅត្បារដើម្បីសម្អាត តែតាមក្បួនពេទ្យមិនតម្រូវឲ្យត្បារត្រចៀកនោះទេ។
មិនថា កូនក្មេង ឬមនុស្សចាស់នោះទេ ដាច់ខាត់មិនត្រូវត្បារត្រចៀកនោះទេ កាលណាយើងរបស់អ្វីមួយទៅត្បារត្រចៀក គឺដូចយកមេរោគទៅចូលក្នុងត្រចៀកកណ្តាល។ នេះបើតាមការអះអាងរបស់លោកវេជ្ជបណ្ឌិត ហម សីលា ឯកទេសត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យព្រះអង្គឌួង។
ត្រចៀកបែងចែកចេញជា ៣ ទី១ ជាត្រចៀកផ្នែកខាងក្រៅ ដែលមានស្លឹកត្រចៀក និងរន្ធត្រចៀក ទី២ ត្រចៀកកណ្តាល មានកូនឆ្អឹងសម្រាប់បំពងសំឡេង អាចធ្វើឲ្យឮសំឡេង ហើយមានរន្ធមួយចេញពីត្រចៀកកណ្តាលចូលមកបំពង់ក និងទី៣ ត្រចៀកផ្នែកខាងក្នុង ដែលមានតួនាទីស្តាប់ ធ្វើឲ្យខ្លួនយើងមានលំនឹង។
លោកវេជ្ជបណ្ឌិត ឯកទេសត្រចៀក រូបនេះ បន្ថែមថា ការយកអ្វីមួយទៅត្បារ មិនថាសំឡី ឬរបស់រឹងៗនោះទេ អាចធ្វើឲ្យដាច់រហែកក្រដាសត្រចៀក និងអាចប៉ះពាល់ដល់ការស្តាប់ឮ ឬថ្លង់។ កាលណាយើងសម្អាតត្រចៀករៀងរាល់ថ្ងៃ ធ្វើឲ្យរមាស់ ងាយនឹងកើតផ្សិត។
វេជ្ជបណ្ឌិត ហម សីលា ឯកទេសត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យព្រះអង្គឌួង ចុះបើមិនឲ្យត្បារត្រចៀកសោះ បើត្រចៀកកូនមានអាចម៍ត្រចៀកច្រើនអាចប៉ះពាល់ដល់ត្រចៀកទេ? លោកវេជ្ជបណ្ឌិត ហម សីលា បកស្រាយថា កូនក្មេងមានអាចម៍ត្រចៀកច្រើនអាចធ្វើឲ្យហឹង ស្តាប់មិនបាន ឬពេលខ្លះឈឺ តែយើងមិនត្រូវត្បារ ឬឆ្កឹះដោយខ្លួនឯងនោះទេ ត្រូវមកជួបគ្រូពេទ្យឯកទេសដើម្បីបូមលាងសម្អាតអាចម៍ត្រចៀកចេញ។ ក្នុងករណីអាចម៍ ត្រចៀកកូនរឹង គ្រូពេទ្យនឹងដាក់ថ្នាំបន្តក់សម្រាប់រំលាយអាចម៍ត្រចៀក ដើម្បីឲ្យអាចម៍ត្រចៀកទន់ ធ្លាក់ចេញមកក្រៅដោយខ្លួនឯង។
រន្ធត្រចៀកមានក្រពេញសម្រាប់បង្កើតអាចម៍ត្រចៀក មានតួនាទីការពារត្រចៀកពីមេរោគ ហេតុនេះហើយម៉ាក់ប៉ាមិនត្រូវត្បារយកអាចម៍ត្រចៀកនោះទេ តែអាចផ្តិតត្រចៀកកូនក្រោយងូតទឹករួចនៅផ្នែកខាងក្រៅត្រចៀក។