ក្មេងវ័យជំទង់ចង់សម្រកទម្ងន់ ប៉ាម៉ាក់ត្រូវដឹងចំណុចទាំងនេះ

    ក្មេងវ័យជំទង់ចង់សម្រកទម្ងន់ ប៉ាម៉ាក់ត្រូវដឹងចំណុចទាំងនេះ

    មនុស្ស​ភាគ​ច្រើន​ជា​ពិសេស​ក្មេង​វ័យ​ជំទង់​តែង​តែ​ចង់​បាន​រាង​កាយ​គួរ​ឲ្យ​ទាក់​ទាញ​ជាមួយ​នឹង​ទម្ងន់​ដែល​ខ្លួន​ចង់​បាន។ វិធី​សម្រក​ទម្ងន់​ដែល​មិន​ត្រឹម​ត្រូវ​អាច​បណ្តាល​ឲ្យ​មាន​ផល​វិបាក​ធ្ងន់​ធ្ងរ​មួយ​ចំនួន។ ដូច្នេះ​ការ​បញ្ចុះ​ទម្ងន់​តាម​របៀប​ត្រឹម​ត្រូវ និង​មាន​ទម្លាប់​ល្អ​គឺ​មិន​ត្រូវមើល​រំលង​​​នោះ​ទេ។

    ១- តាំងចិត្ត

    ប៉ាម៉ាក់​ត្រូវ​ជួយ​គាំទ្រ និង​ផ្តល់​ចំណង់​ដល់​កូន​។ ការ​លើស​ទម្ងន់​ពិត​ជា​ធ្វើ​ឲ្យ​ខូច​ខាត​ទាំង​សុខ​ភាព​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត ដូច្នេះ​ក្នុង​នាម​ជា​ប៉ាម៉ាក់ យើង​គួរ​តែ​ផ្ដល់​ជា​​ជំនួយ និង​យល់​ដឹង​ពី​កូន​។ យើង​ត្រូវ​បង្ហាញ​ពី​ឆន្ទៈ​រ​ក្នុង​ការ​ជួយ​ដល់​កូន​នៅ​ពេល​ដែល​ពួក​គេ​ត្រូវ​ការ​។

    ២- ជួយ​កូន​ឲ្យ​មាន​ភាព​ប្រាកដប្រជា

    ព្យាយាម​ពន្យល់កូន​​ឲ្យ​យល់​ថា​គ្មាន​ភាព​ល្អ​ឥត​ខ្ចោះ​ទេ​សំរាប់​មនុស្ស​ម្នាក់​ៗ។ មនុស្ស​យើង​​គ្រប់​គ្នា​មាន​ទំហំ និង​រូប​រាង​ផ្ទាល់​ខ្លួន ដែល​តម្រូវ​ឲ្យ​ពួក​គេ​មាន​រូប​រាង​ខុស​គ្នា​ពី​អ្នក​ដទៃ។ ក្រៅ​ពី​ភាព​ស្រស់​ស្អាត ការ​សម្រក​ទម្ងន់​គឺ​ធ្វើ​ដើម្បី​ឲ្យ​មាន​សុខ​ភាព​ល្អ និង​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង។ យើង​​ត្រូវ​នាំ​កូន​​​ធ្វើលំហាត់​ប្រាណ​ ឬ​បើ​អាច​ យើង​នាំកូន​ទៅ​ហាត់​ប្រាណ​ជា​មួយ​នឹង​អ្នក​ឯក​ទេស​ដើម្បី​បាន​រាង​កាយ​ដែល​សម​ស្រប​ទៅ​នឹង​ពួក​គេ។

    ៣- ប្រាប់​ឲ្យ​កូន​​សម្រកទម្ងន់​​តាម​សម្រួល

    យើង​ត្រូវ​ឲ្យ​កូន​យល់​ដឹង​ពី​ផល​ប៉ះ​ពាល់​អវិជ្ជ​មាន​ដោយ​សារ​របប​អាហារ​មក​​លើ​សុខ​ភាព។ ដោយ​ការ​ពន្យល់​នេះ​ពួក​គេ​នឹង​ដឹង​ថា​ការ​បញ្ចុះ​ទម្ងន់ និង​ថែ​រក្សា​ទម្ងន់ គឺ​ត្រូវ​ធ្វើ​ពេញ​មួយ​ជីវិត មិន​ធ្វើ​ត្រឹម​តែ​មួយ​យប់​នោះ​ទេ តែ​មិន​គិត​លើ​ការ​ប្រើ​ថ្នាំ​សម្រក​ទម្ងន់​នោះ​ទេ ព្រោះ​ថ្នាំ​សម្រក​ទម្ងន់​អាច​ធ្វើ​ឲ្យ​មាន​ផល​អាក្រក់​ច្រើន​ជាង​ផល​ល្អ។ មាន​តែ​របប​អាហារ​ដែល​ល្អ និង​លំហាត់​ប្រាណ​ប៉ុណ្ណោះ​​ដែល​អាច​មាន​លទ្ធ​ផល​វិជ្ជ​មាន​បាន។

    កូនវ័យជំទង់

    ៤- លើក​ទឹក​ចិត្ត​កូន​​ឲ្យ​​ហាត់​ប្រាណ

    ការ​ធ្វើ​សកម្មភាព​រាង​កាយ​ជា​ប្រចាំ​រយៈពេល​មួយ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​គឺ​សំខាន់​ចំពោះ​សុខ​ភាព​ក្មេង​ជំទង់។ ដើម្បី​ជំរុញ​ឲ្យ​ពួក​គេ​ចូល​រួម​សកម្មភាព​ទាំង​នោះយើង​​ត្រូវ​ចង​ចាំ​ថា៖
    – ហាត់​ប្រាណ​ទៅ​តាម​កម្រិត​ដែល​​អាច​ធ្វើ​បាន
    – ឲ្យ​កូន​​ធ្វើ​សកម្ម​ភាព​ណា​ដែល​ពួក​គេ​ចូល​ចិត្ត កុំ​បង្ខំ​ពួក​គេ​ឲ្យ​ធ្វើ​អ្វី​ដែល​ពួក​គេ​មិន​ចូល​ចិត្ត
    – ត្រូវ​ធ្វើ​ជា​គំរូ​ដល់​កូន​។ សកម្មភាព​ឪពុក​ម្តាយ​អាច​ជំរុញ​​ដល់​កូន​ៗ​ជា​ខ្លាំង។ ស្វែង​រក​សកម្ម​ភាព​ណា​ដែល​គ្រួសារយើង​​អាច​ចូល​រួម​បាន​ទាំង​អស់​គ្នា។ វា​អាច​ជួយ​លើក​កម្ពស់​ដល់​ការ​ថែ​ទាំ​សុខភាព​ក្នុង​គ្រួ​សារ និង​ទំនាក់​ទំនង​ក្នុង​គ្រួ​សារ។

    ៥- រៀប​ចំ​ផែន​ការ​អាហារ​ឲ្យ​កូន​ញ៉ាំ

    វ័យ​ជំទង់​តែង​តែ​ចូល​ចិត្ត​ញ៉ាំ​​អាហារ​សម្រន់។ ជំនួស​ដោយ​ការ​ញ៉ាំ​អាហារ fast food ប៉ាម៉ាក់​​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​កូន​​ញ៉ាំ​អាហារ​សម្រន់​ដូច​ជា៖
    – ផ្លែ​ឈើ​ស្រស់​ដូច​ជា ផ្លែ ប៊ឺរី ក្រូច ឬ​ទំពាំង​បាយ​ជូរ
    – ទឹក​ដោះ​គោ​ជូរ ឬ​នំ​ដែល​មាន​ជាតិ​ខ្លាញ់​ទាប
    – ឈីស
    – ទឹក​ដោះ​គោ​ស្រស់
    – នំ​ប្រៃ (Crackers)
    – សាឡាត
    ពេលយើង​​ញ៉ាំ​អាហារ​ ​មិន​ត្រឹម​តែ​ត្រូវ​ដឹង​ពី​ម្ហូប​អាហារ​ដែល​ត្រូវ​ញ៉ាំ​នោះ​ទេ យើង​​ក៏​ត្រូវ​ដឹង​ពី​វិធី​បរិភោគ​ដែរ។ យើង​ត្រូវ​ប្រាប់​ឲ្យ​កូន​​ញ៉ាំ​តិច និង​ប្រើ​ស្លាប​ព្រា​តូច​ៗ។ ការ​ញ៉ាំក្នុង​ល្បឿន​យឺត​ក៏​ល្អ​ផង​ដែរ លើស​ពី​នេះ​ទៀត​យើង​ត្រូវ​លើក​ទឹក​ចិត្ត​កូន​យ​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​ឲ្យ​បាន​គ្រប់​គ្រាន់។ ជាង​នេះ យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ផឹក​ទឹក និង​ត្រូវ​គណនា​ពី​កាឡូរី​ដែល​កូន​​បាន​ញ៉ាំ បើ​អាច​ធ្វើ​បាន​។ ដូច​គ្នា​ដែរ យើង​គួរ​តែ​កាត់​បន្ថយ​ ភេស​ជ្ជៈ​កំប៉ុង ទឹកក្រូច ហើយ​ងាក​មក​ជ្រើស​រើស​យក​ទឹក​ដែល​គ្មាន​កាឡូរីវិញ​។

    ៦- ត្រូវ​គិត​បែបវិជ្ជមាន​ជានិច្ច

    ប៉ាម៉ាក់​ត្រូវ​ស្ដាប់​កូន​ ហើយ​ត្រូវ​លើក​ទឹក​ចិត្ត ឬ​សរសើរ​ដល់​ការ​ខិត​ខំ​របស់កូន​។ វា​អាច​ជួយ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ចង់ធ្វើ​ទៀត​ និង​មានអារម្មណ៍​កក់​ក្ដៅ​។ ប្រសិន​បើ​កូនយើង​​មាន​ភាព​តាន​តឹង​ដោយ​សារ​តែ​បញ្ហា​សម្រក​ទម្ងន់ យើង​​ត្រូវ​នាំ​កូន​​ទៅ​ជួបពេទ្យ​ជំនាញ។​​

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព
    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ចាន់ សុខឡាង កែសម្រួល​ចុងក្រោយ 15/12/2020
    ត្រួតពិនិត្យដោយ គឹម កាណែល