សុខភាពទារកទើបនឹងកើតមានសភាពទន់ខ្សោយនៅឡើយ ដូចនេះម៉ាក់ប៉ា ឬអ្នកថែរក្សាត្រូវប្រយ័ត្នគ្រប់យ៉ាង ហើយស្បែកក៏ងាយរងគ្រោះដូចគ្នាដែរ។ វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅបានឲ្យដឹងថា ទារកទើបនឹងកើតស្បែកងាយជួបបញ្ហាច្រើន តែករណីខ្លះនឹងបាត់ទៅវិញដោយខ្លួនឯង និងខ្លះទៀតត្រូវរកជំនួយវេជ្ជសាស្ត្រ។ លោកបន្ថែមទៀតថា បញ្ហាស្បែកដែលកើតឡើងដោយខ្លួនឯង មិនសូវបារម្ភ ដូចករណីយើងយកអ្វីទៅលាបផ្ដេសផ្ដាសឡើយ។ ខាងក្រោមជាបញ្ហាស្បែកដែលទារកទើបកើត តែងជួបប្រទះ៖
១- កន្ទួលសៗនៅចុងច្រមុះ ឬត្របកភ្នែក
បញ្ហាស្បែកប្រភេទនេះ បណ្ដាលមកពីក្រពេញខ្លាញ់នៅលើស្បែក។ ពងបែកតូចៗពណ៌ស ឬលឿងលើមុខរបស់ទារក ជាសញ្ញាបញ្ជាក់ពីភាពសម្បូរជាតិខ្លាញ់ដែលផ្ទុកសារជាតិ គីរ៉ាទីន (Keratin) និង ស៊ីប៊ឺម (Sebum)។ ជាធម្មតា អាការៈនេះនឹងត្រូវជាសះស្បើយឡើងវិញ ពី២-៣ថ្ងៃ ឬអាចដល់មួយសប្ដាហ៍ ដោយឯកឯង មិនចាំបាច់ការព្យាបាលអ្វីទាំងអស់។
បញ្ហារបកស្បែកលើទារកមិនមែនបណ្ដាលមកពីរោលទឹកភ្លោះឡើយ។ របកស្បែកអាចគ្រាន់តែជាករណីស្រាល ដែលឆ្លងមេរោគពីម្ដាយ ឬឆ្លងតាមមេរោគតាមទ្វារមាសជាដើម។ ក្នុងករណី កូនរបកស្បែកតិចតួច វាអាចគ្រាន់តែជាជំងឺសើស្បែកនៅលើក្មេងប៉ុណ្ណោះ។
កន្ទួលខ្ទុះតូចៗ ពណ៌ក្រហមដែលមានពងបែកច្រើនកើតមាននៅលើខ្នង មុខ បរិវេណដើមទ្រូងទារក នេះជារោគសញ្ញារបស់ចែងថ្ងៃ ឬចំហាយក្ដៅដែលពាក្យបច្ចេកទេសហៅថា Miliaria។ Miliaria កើតឡើងដោយសារការកកស្ទះរន្ធញើស ហើយជាពិសេសកើតតែពេលដែលអាកាសធាតុក្ដៅខ្លាំង ឬសើមខ្លាំង។
ស្រែងទឹកដោះ ជាការរលាកក្រហមៗ ហើយមានខ្ទុះសៗនៅលើមុខ ឬថ្ពាល់កូន។ ជំងឺនេះកើតឡើងដោយសារការវិវត្ត នៃការបញ្ជូនអ័រម៉ូនពីម៉ាក់ទៅរាងកាយទារក ឬមកការពីហៀរទឹកដោះ និងទឹកដោះគោទៅលើមុខទារក។ បើរលាកតិចតួច វារលាយបាត់ទៅវិញដោយខ្លួនឯង តែរលាកខ្លាំងម៉ាក់ប៉ាចាំបាច់ត្រូវទៅជួបគ្រូពេទ្យដើម្បីប្រើប្រេង ឬក្រែមបំបាត់រលាកព្យាបាល។