មិនមែនតែមនុស្សចាស់ទេដែលមានបញ្ហាប្រព័ន្ធរំលាយអាហារ ក្មេងៗក៏ជួបបញ្ហានេះដូចគ្នា ហើយ បើសិនជាឪពុកម្តាយបណ្តោយទុកយូរ អាចប៉ះពាល់ដល់ការលូតលាស់ទាំងផ្នែករាងកាយ និងបញ្ញាស្មារតីកូន។ នាមជាឪពុកម្តាយ យើងត្រូវរៀនសង្កេត បើឃើញកូនៗមានសញ្ញាទាំងប៉ុន្មាននេះ បញ្ជាក់ថា ក្រពះពោះវៀនពួកគេមានបញ្ហាហើយ ត្រូវប្រញាប់រកដំណោះស្រាយ ឬទៅជួបពេទ្យជំនាញ។
១. ហើមពោះ អត់សូវផោម
ក្មេងបញ្ចេញខ្យល់ ឬផោមជាញឹកញាប់ជារឿងធម្មតានោះទេ តែបើហើមពោះញឹកញាប់ មិនសូវផោមនោះទើបគួរឲ្យបារម្ភ។ លោកស្រីវេជ្ជបណ្ឌិតឯកទេសកុមារ គុជ ឆោមដាលីន បម្រើការងារនៅ Singapore Medical Center ថា ក្មេងហើមពោះអាចបណ្តាលមកពីវិបាកជំងឺផ្សេងៗដូចជាការរលាកពោះវៀន ឯករណីមួយទៀត អាចមកពីរបបអាហារមិនសូវមានជាតិសរសៃ (Fiber)។