ជាធម្មតា ទារកចាំបាច់ត្រូវការថែទាំឲ្យបានដិតដល់ ដើម្បីឲ្យលូតលាស់បានល្អ ប៉ុន្តែមានអូនតូចមួយចំនួនឡើងគីឡូតិច ឬទម្ងន់មិនគ្រប់តាមស្តង់ដារ ធ្វើឲ្យការលូតលាស់មិនល្អដូចក្មេងធម្មតា ជាពិសេស ខួរក្បាលក៏ទទួលរងផលអាក្រក់ពីការមិនគ្រប់ទម្ងន់ដែរ។ នេះបើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត អ៊ុន យូ ឯកទេសរោគកុមារ។
ទាក់ទងនឹងបញ្ហានេះ លោកវេជ្ជបណ្ឌិត បានពន្យល់ឲ្យដឹងថា ចំពោះទារកដែលមានទម្ងន់មិនគ្រប់តាមស្តង់ដារ បន្ទាប់ពីចេញពីផ្ទៃម្តាយហើយ គឺអាចមានផលប៉ះពាល់ទៅដល់ការលូតលាស់ខួរក្បាលរបស់ក្មេង ពីព្រោះវាបណ្តាលមកពីទារកទទួលបានអាហារូបត្ថម្ភមិនគ្រប់គ្រាន់ ធ្វើឲ្យខួរក្បាលលូតលាស់មិនបានល្អ។ ម្យ៉ាងវិញទៀត ទារកមិនគ្រប់គីឡូអាចបណ្តាលមកពីកូនកើតមិនគ្រប់ខែ ទើបទម្ងន់មិនគ្រប់បែបនេះ ហើយអ្វីដែលអាណាព្យបាលគួរធ្វើគឺគ្រាន់តែព្យាយាមបំប៉នអាហារឲ្យបានល្អ កូននឹងរីកធំធាត់ធម្មតាវិញហើយ។
អត្ថបទពាក់ព័ន្ធ៖
ទោះយ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិត បានបន្តថា ក្នុងករណីដែលទារកកើតមកបាន៤-៥ខែហើយ តែគីឡូនៅតែមិនឡើង ឬស្រកទៅៗ ម៉ាក់ប៉ាត្រូវនាំកូនទៅជួបគ្រូពេទ្យ ដើម្បីឲ្យពេទ្យតាមដានគីឡូកូនរហូតដល់គ្រប់គីឡូ ឬស្រាវជ្រាវពីមូលហេតុច្បាស់លាស់ថាហេតុអីបានកូនទម្ងន់មិនគ្រប់តាមស្តង់ដារ ដើម្បីទារកអាចទទួលបានការបំប៉នឲ្យបានទាន់ពេលវេលា។
ក៏ប៉ុន្តែ លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា វាគ្មានបញ្ហាអីគួរឲ្យបារម្ភខ្លាំងទេ ប្រសិនបើកូនកើតមកគ្មានជំងឺផ្សេងៗមកជាមួយដូចជា៖
– ជំងឺបេះដូងប្រហោង
– ជំងឺពីក្នុងផ្ទៃម្តាយ
– ខ្វះអង់ហ្សីម។ល។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕