backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ទន្តពេទ្យណែនាំតិចនិកដកធ្មេញទឹកដោះឱ្យកូន ដោយសុវត្ថិភាព

ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស. ទន្តបណ្ឌិតឯកទេស ជុំ ម៉ូនី · សុខភាពមាត់ធ្មេញ · មន្ទីរព្យាបាលមាត់ធ្មេញអេឡេហ្គង់


អត្ថបទ​ដោយ សុខ វណ្ណ · កែ Jul 27, 2023

ទន្តពេទ្យណែនាំតិចនិកដកធ្មេញទឹកដោះឱ្យកូន ដោយសុវត្ថិភាព

ធ្មេញទឹកដោះ ឬធ្មេញព្រៃរង្គើនៅពេលធ្មេញស្រុក (ធ្មេញថ្មី) ចាប់ផ្តើមដុះចេញ ដោយសារ​ធ្មេញស្រុកដុះនៅក្រោមឫសធ្មេញទឹកដោះដែលធ្វើឱ្យឫសធ្មេញទឹកដោះរលាយ ហើយសឹករហូតនៅសល់តែក្បាល​ធ្មេញជាប់នឹងសាច់អញ្ចាញ។ តើកុមារដូរធ្មេញនៅអាយុប៉ុន្មាន? ម៉ាក់ប៉ាគួរជួយដកធ្មេញទឹក​ដោះ​បែបណាទើបមិនឆ្លងមេរោគ?

ទន្តបណ្ឌិត ហ្គេក មិនីឡែន ប្រធានផ្នែកព្យាបាលធ្មេញនៅមន្ទីរព្យាបាលធ្មេញ​អេឡេហ្គង់​បានឱ្យ​ដឹង​ថា ជាទូទៅធ្មេញទឹកដោះរង្គើបាក់នៅពេលកុមារ​មានអាយុចាប់ពី ៥ ឆ្នាំកន្លះដល់ ១២ ឆ្នាំកន្លះ។

១. ពេលធ្មេញទឹកដោះរង្គើ ម៉ាក់ប៉ាគួរធ្វើម៉េចដើម្បី​ឱ្យធ្មេញ​កូនរង្គើខ្លាំងឆាប់បាក់?

បើម៉ាក់ប៉ាចង់ជួយឱ្យធ្មេញទឹកដោះកូនរង្គើខ្លាំងឆាប់បាក់ ម៉ាក់ប៉ាអាចជួយអង្រួន​ធ្មេញកូន​តាម​ចលនា​រុញធ្មេញចេញក្រៅចូលក្នុងបាន តែ​ត្រូវលាងសម្អាតដៃឱ្យបានស្អាតជាមុន​សិនចៀសវាង​ចម្លង​មេរោគចូល​ក្នុងមាត់កូន។ លើសពីនេះទៅទៀត ម៉ាក់ប៉ាក៏អាចប្រាប់ឱ្យកូន​យក​អណ្តាតរុញ​ធ្មេញលេងដើម្បីជំរុញធ្មេញទឹកដោះឱ្យឆាប់បាក់បានដែរ។

២. ពេលធ្មេញទឹកដោះរង្គើ ម៉ាក់ប៉ាគួរជួយដកធ្មេញឱ្យកូនតាមវិធី​ណា និងនៅពេលណា​ទើប​មាន​សុវត្ថិភាព?

ម៉ាក់ប៉ាអាចជួយដកធ្មេញទឹកដោះឱ្យកូនក្នុងករណីធ្មេញទឹកដោះនោះរង្គើខ្លាំងដោយលាងសម្អាតដៃជាមុន រួចប្រើដៃចាប់ទាញក្បាលធ្មេញដែល​ជាប់នឹងសាច់អញ្ចាញ ឬប្រើវិធីទាក់ខ្សែអំបោះដោយ​ចង​ខ្សែអំបោះជាមួយក្បាលធ្មេញ រួចទាញកន្រ្តាក់ឱ្យខ្លាំងដើម្បីឱ្យក្បាលធ្មេញរបេះចេញ។ ម៉ាក់ប៉ាគួរ​ដក​ធ្មេញ​ឱ្យកូននៅពេលព្រឹក ឬពេលថ្ងៃដើម្បីងាយស្រួលក្នុងការតាមដានការហូរឈាមរបស់កូន។

៣. បន្ទាប់ពីដកធ្មេញទឹកដោះ ម៉ាក់ប៉ាគួរធ្វើបែបម៉េចដើម្បី​ជួយ​​ទប់​ឈាម​ និងការពារកុំឱ្យឆ្លង​មេរោគ?

បន្ទាប់ពីជួយដកធ្មេញឱ្យកូនហើយ ម៉ាក់ប៉ាអាចមូរកំប្រេស ឬសម្លីដែលបានសម្លាប់មេរោគហើយ​ឱ្យ​ណែន ហើយឱ្យកូនខាំឱ្យនៅ​កន្លែង​ចន្លោះធ្មេញដែលបានដករួចឱ្យជាប់យ៉ាងហោចណាស់ ១៥ នាទីទើបអាចដកចេញ។ បន្ទាប់​ពីដក​សំឡីចេញហើយ ម៉ាក់ប៉ាត្រូវហាមកូនកុំឱ្យយកដៃទៅប៉ះចន្លោះធ្មេញដែលបានដករួច ចៀសវាង​បង្កឱ្យមានការឈឺចាប់ ហូរឈាម ឬឆ្លងមេរោគជាដើម។ ជាងនេះទៅទៀត ដើម្បី​កាត់​បន្ថយ​ការឈឺចាប់ ម៉ាក់ប៉ាអាចឱ្យកូនញុំាថ្នាំ​បំបាត់ការឈឺចាប់ទៅតាមអាយុ និងគីឡូរបស់កូនបាន។

ទន្តបណ្ឌិត ហ្គេក មិនីឡែន
ទន្តបណ្ឌិត ហ្គេក មិនីឡែន ប្រធានផ្នែកព្យាបាលធ្មេញនៅមន្ទីរព្យាបាលធ្មេញ​អេឡេហ្គង់

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

៤. ក្រោយពេលដកធ្មេញទឹកដោះហើយ ម៉ាក់ប៉ាគួរឱ្យកូនតមអាហារ​អ្វីឬ​អត់?

ក្រោយពីដកធ្មេញទឹកដោះហើយ ម៉ាក់ប៉ាអាចឱ្យកូនញុំាអាហារបានគ្រប់មុខ គ្រាន់តែប្រាប់កូនឱ្យ​ចៀសវាង​ទំពាអាហារ​នៅត្រង់កន្លែងដែលបាន​​ដកធ្មេញដើម្បីកាត់បន្ថយការឈឺចាប់ ការហូរឈាម និងបង្ការការឆ្លងមេរោគជាដើម។

៥. ពេលណាម៉ាក់ប៉ាគួរដកធ្មេញទឹកដោះឱ្យកូនដោយខ្លួន​ឯង ហើយពេល​ណាគួរនាំទៅពេទ្យធ្មេញ?

ធ្មេញទឹកដោះរង្គើអាចមានពីរករណី។ បើធ្មេញទឹកដោះរង្គើខ្លាំង មាន​ន័យ​ថាឫសធ្មេញ​ទឹកដោះ​រលាយ​អស់ច្រើន ដូច្នេះម៉ាក់ប៉ាអាចដកធ្មេញទឹកដោះឱ្យកូនបាន។ ផ្ទុយមកវិញ បើក្នុងករណី​ម៉ាក់ប៉ា​ជួយអង្រួនធ្មេញទឹកដោះ ឬឱ្យកូនអង្រួនធ្មេញដោយខ្លួនឯង​ហើយធ្មេញទឹកដោះ​នោះ​នៅតែ​អត់​រង្គើខ្លាំងទៀត ម៉ាក់ប៉ាគួរនាំកូនទៅជួបគ្រូពេទ្យជំនាញដើម្បីដឹងថា ធ្មេញទឹកដោះនោះ​អាចដក​បាន​ឬទេ?

បើធ្មេញទឹកដោះរង្គើតិច ម៉ាក់ប៉ាមិនគួរ​ព្យាយាមជួយដកធ្មេញទឹកដោះឱ្យកូនទេ ដោយសារឫស​ធ្មេញ​ទឹកដោះ​នៅសល់ក្នុងឆ្អឹងវែង ហើយម៉ាក់ប៉ាក៏​មិន​មានឧបករណ៍​សម្រាប់ធ្វើការដក​ធ្មេញទឹកដោះ​ឱ្យ​កូន​ដូច​គ្រូពេទ្យ​ដែរ​។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.

ទន្តបណ្ឌិតឯកទេស ជុំ ម៉ូនី

សុខភាពមាត់ធ្មេញ · មន្ទីរព្យាបាលមាត់ធ្មេញអេឡេហ្គង់


អត្ថបទ​ដោយ សុខ វណ្ណ · កែ Jul 27, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម