កាលពីដើមឆ្នាំថ្មីនេះ គ្រប់គ្នាច្បាស់ជាបានឃើញព័ត៌មានលើបណ្ដាញសង្គមពីចំនួនមនុស្សជាច្រើននាក់នាំគ្នាទៅទិញថ្នាំ Molnupiravir សម្រាប់ប្រើប្រាស់ ចំពេលករណីវិជ្ជមានវីរុសបំប្លែងអូមីក្រុងកំពុងកើនមាន។ ថ្នាំ Molnupiravir អាចទប់ស្កាត់ការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ កាត់បន្ថយហានិភ័យស្លាប់ និងការពារការបំប្លែងខ្លួនថ្មីរបស់វីរុសកូវីដ-១៩ តែយើងមិនគួរចេះតែប្រើតាមគ្នា មិនបានដឹងពីការណែនាំថាគួរប្រើបែបណា ឬក្រុមមនុស្សណាអាចប្រើបាន ឬអត់នោះទេ។
បើតាមព័ត៌មានសំខាន់នៃការចេញវេជ្ជបញ្ជាប្រើថ្នាំ Molnupiravir របស់ FDA សហរដ្ឋអាមេរិក ឲ្យដឹងថា ថ្នាំនេះអនុញ្ញាតឲ្យប្រើប្រាស់សម្រាប់ព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលទៅមធ្យមចំពោះមនុស្សពេញវ័យដែល៖
ស្របពេលគ្នានេះដែរ FDA សហរដ្ឋអាមេរិកក៏បានណែនាំបន្ថែមពីការប្រើប្រាស់ថ្នាំ Molnupiravir ថា ថ្នាំនេះមិនត្រូវបានអនុញ្ញាតឲ្យប្រើចំពោះអ្នកជំងឺដែលមានអាយុតិចជាង ១៨ ឆ្នាំទេ។ Molnupiravir មិនត្រូវបានអនុញ្ញាតឲ្យប្រើលើសពី ៥ ថ្ងៃជាប់ៗគ្នាដែរ។
FDA អាមេរិកបន្តថា Molnupiravir ក៏មិនត្រូវបានអនុញ្ញាតឲ្យប្រើការពារមុនឆ្លង ឬក្រោយព្យាបាលជាសះស្បើយពីជំងឺកូវីដ- ១៩ទេ។ ម៉្យាងវិញទៀត ស្ត្រីពពោះ ក៏មិនអាចប្រើថ្នាំនេះសម្រាប់ព្យាបាលកូវីដ-១៩បានដែរ ព្រោះអាចប៉ះពាល់ដល់ការលូតលាស់កូនក្នុងផ្ទៃបាន។
ទោះជាឥឡូវនេះ មានថ្នាំព្យាបាលកូវីដ-១៩ ដែលមានសមត្ថភាពក្នុងការកាត់បន្ថយករណីធ្ងន់ធ្ងរ ឬចូលសម្រាកក្នុងមន្ទីរពេទ្យ យើងគ្រប់គ្នាគួរតែចាក់វ៉ាក់សាំងកូវីដ -១៩ និងបន្តអនុវត្តវិធាការសុខាភិបាលតាមការណែនាំពីក្រសួងសុខាភិបាល។
ចំណុចសំខាន់
ថ្នាំ Molnupiravir សម្រាប់ព្យាបាលជំងឺកូវីដ ១៩ គួរតែប្រើក្រោយពេលឆ្លងសម្រាប់មនុស្សពេញវ័យអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ឬមនុស្សដែលប្រឈមនឹងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរក្រោយឆ្លងវីរុសកូរ៉ូណា។ ថ្នាំ Molnupiravir មិនគួរប្រើសម្រាប់ក្មេងៗ ឬប្រើជាប់ៗគ្នាលើសពី ៥ថ្ងៃ និងមិនស័ក្ដិសមប្រើចំពោះស្ត្រីពពោះឡើយ។