សាស្ត្រាចារ្យថា ជំងឺទឹកនោមផ្អែម ត្រូវបានចាត់ចូលជាជំងឺរ៉ាំរ៉ៃ ដែលពាក្យថា រ៉ាំរ៉ៃ មានន័យថា ព្យាបាលមិនជានោះទេ តែកើតហើយតម្រូវឲ្យព្យាបាលអស់មួយជីវិត ដោយអ្នកជំងឺត្រូវលេបថ្នាំជាប់រហូត។
ចុះបើជំងឺទឹកនោមផ្អែម ព្យាបាលមិនជានោះទេ ម៉េចបានយើងនៅតែខំព្យាបាល? សំណួរនេះលោកវេជ្ជបណ្ឌិតពន្យល់ថា កាលណាកើតជំងឺទឹកនោមផ្អែមហើយ យើងមិនព្យាបាល កម្រិតជាតិស្ករក្នុងឈាមឡើងដល់ ៤០០-៥០០ mg/dL ឬ១០០០ mg/dL ធ្វើឲ្យអ្នកជំងឺសន្លប់ស្លាប់ភ្លាមៗ។ ផ្ទុយទៅវិញ ទោះជាមិនទាន់មានថ្នាំព្យាបាលជំងឺទឹកនោមផ្អែមឲ្យជាដាច់ក៏ដោយ តែបើគ្រូពេទ្យប្រើថ្នាំព្យាបាលអ្នកជំងឺទឹកនោមផ្អែម ឲ្យកម្រិតជាតិស្ករចុះមកនៅកម្រិតធម្មតាវិញ អ្នកជំងឺទឹកនោមអាចរស់នៅបានយូរ ដូចមនុស្សជាធម្មតា។