វិធីសាស្រ្តថ្មីតែសាមញ្ញ ជួយឱ្យហានិភ័យជំងឺទឹកនោមផ្អែមថយចុះ ដោយពុំបាច់ពឹងផ្អែកខ្លាំងលើការចាក់អាំងស៊ុយលីន ត្រូវអ្នកវិទ្យាសាស្រ្តរកឃើញ និងណែនាំ។
ក្រុមអ្នកវិទ្យាសាស្រ្តនៃប្រទេសអ៊ីស្រាអែល បានរកឃើញថា វិធីសាមញ្ញដែលអាចអនុវត្តបានក្នុងជីវភាពប្រចាំថ្ងៃនោះគឺ ការកម្រិតអាហារត្រឹមតែបីពេលសម្រាប់១ថ្ងៃ (មិនឱ្យលើសពីបីពេល) ដោយក្នុងនោះអាហារទាំងបីពេលនោះ គប្បីទទួលទានឱ្យទៀងទាត់ពេលវេលា។ អនុវត្តតាមវិធីនេះក្នុងរយៈពេលបីខែ អាចជួយបន្ថយការពឹងផ្អែកខ្លាំងលើការចាក់អាំងស៊ុយលីនសម្រាប់ជំងឺទឹកនោមផ្អែមប្រភេទ២បាន ដោយមានប្រសិទ្ធភាព។
អ្នកវិទ្យាសាស្រ្តបានពន្យល់ថា ដោយសារវិធីសាស្រ្តកំណត់នេះ គឺជួយឱ្យអ្នកកើតជំងឺទឹកនោមផ្អែម ស្រកទម្ងន់ខ្លះ ព្រមទាំងបន្ថយចំណង់ញ៉ាំអាហារ ដែលជាគន្លឹះសំខាន់ក្នុងការគ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងឈាម។ វិធីនេះ ត្រូវបានពិសោធរយៈពេល១២សប្តាហ៍លើ អ្នកជំងឺទឹកនោមផ្អែមស្ម័គ្រចិត្ត ដែលមានបញ្ហាលើសទម្ងន់ ២៨ នាក់ ហើយវិធីនេះ ជួយឱ្យអ្នកទាំងនោះឲ្យស្រកទម្ងន់ជាមធ្យម៥គីឡូក្រាម និងថយចុះជាតិស្ករក្នុងឈាម (Hemoglobin A1C) ប្រមាណ១,២%។
អត្ថបទពាក់ព័ន្ធ៖
- មូលហេតុបង្កជំងឺទឹកនោមផ្អែម យើងគួរដឹង និងការពារ ពិសេសអ្នកធាត់ៗ
- ហាត់ប្រាណមុនញ៉ាំអាហារពេលព្រឹក ជួយរាងកាយប្រឆាំងជំងឺទឹកនោមផ្អែមបាន
- កើតទឹកនោមផ្អែម បើសាកព្យាបាលដោយឱសថបុរាណ ប្រៀបនឹងសម្លាប់អ្នកជំងឺ
ក្រោយរយៈពេល ១២សប្តាហ៍ អ្នកវិទ្យាសាស្រ្តក៏បានកត់សម្គាល់ឃើញពីប្រសិទ្ធភាព ឃើញថា អ្នកជំងឺទាំងនោះ ពុំពឹងផ្អែកលើការចាក់អាំងស៊ុយលីនបានច្រើន ដែលអ្នកវិទ្យាសាស្រ្តចាត់ទុកវិធីនេះ ជាការណែនាំថ្មីមួយសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ សម្រាប់ការរកឃើញនេះ គឺជាការស្រាវជ្រាវរួមគ្នា រវាងក្រុមអ្នកវិទ្យាសាស្រ្តនៃ មជ្ឈមណ្ឌលវេជ្ជសាស្រ្ត Wolfson និងសាកលវិទ្យាល័យ Hebrew Jerusalem នៃប្រទេសអ៊ីស្រាអែល។
[embed-health-tool-bmi]