ជំងឺទឹកនោមផ្អែម បានក្លាយជាកង្វល់ដ៏ធំធេងនៅទូទាំងពិភពលោក ដោយសារតែកំណើនយ៉ាងឆាប់រហ័សនៃការកើតជំងឺរ៉ាំរ៉ៃមួយនេះ។ ពិតណាស់ អ្នកកើតជំងឺទឹកនោមផ្អែម ចាំបាច់ត្រូវប្រុងប្រយ័ត្នឲ្យបានដិតដល់ចំពោះសុខភាព ដើម្បីបញ្ចៀសផលវិបាកផ្សេងៗដែលកើតឡើងដោយសារតែជំងឺនេះ។ ការគ្រប់គ្រងទម្ងន់ កម្រិតជាតិស្ករក្នុងឈាម និងការត្រួតពិនិត្យអវយវៈជាប្រចាំ មានសារសំខាន់ណាស់ចំពោះអ្នកជំងឺទឹកនោមផ្អែម ជាពិសេស ដើម្បីការពារខ្លួនពីផលវិបាកធ្ងន់ធ្ងរមួយ គឺការបាត់បង់ស្មារតីដោយសារជំងឺទឹកនោមផ្អែម ឬ Diabetic coma តែម្ដង។
មូលហេតុបង្កនៃបាត់បង់ស្មារតីដោយសារជំងឺទឹកនោមផ្អែម
ជាក់ស្ដែង ការបាត់បង់ស្មារតីដោយសារតែជំងឺទឹកនោមផ្អែម ជាផលវិបាកមួយដែលគំរាមកំហែងដល់អាយុជីវិត។ ប្រសិនបើអ្នកជំងឺទឹកនោមផ្អែមមានជាតិស្ករក្នុងឈាមខ្ពស់ពេក ឬទាបពេក នោះនឹងអាចបាត់បង់ស្មារតី ដែលមិនដឹងខ្លួនយូរ ឬមិនមានរំញ៉ោចទៅនឹងធាយុបង្ករំញ៉ោចជាដើម ហើយបើទុកមិនព្យាបាល អ្នកជំងឺអាចនឹងបាត់បង់ជីវិត។
ចង់គណនា BMR ចុចទីនេះ!
ចង់គណនា BMI ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ
រោគសញ្ញានៃការបាត់បង់ស្មារតីដោយសារតែជំងឺទឹកនោមផ្អែម
មុនពេលកើតមានអាការៈមួយនេះ អ្នកជំងឺអាចមានជាតិស្ករក្នុងឈាមខ្ពស់ ឬទាបជ្រុល ហើយអ្នកដែលមានជាតិស្ករក្នុងឈាមខ្ពស់ អាចមានរោគសញ្ញាខាងក្រោមនេះ៖
ស្រេកទឹកខ្លាំង នោមញឹកញាប់ អស់កម្លាំង ចង្អោរ ក្អួត ដកដង្ហើមខ្លីៗ ស្ងួតមាត់ ចង្វាក់បេះដូងលោតញាប់ ឈឺពោះ ចំណែកអ្នកដែលមានបញ្ហាជាតិស្ករក្នុងឈាមទាបជ្រុល អាចកើតមានអាការៈអស់កម្លាំង ញ័រខ្លួនប្រាណ អន្ទះអន្ទែង ខ្សោយ និងថប់បារម្ភ។ បន្ថែមពីនេះ អ្នកជំងឺក៏អាចពិបាកក្នុងការនិយាយស្ដី ភ័ន្តភាំង វិលមុខ ឬធេងធោង ចង្អោរ និងឃ្លានជាដើម។
គន្លឹះក្នុងបញ្ចៀសការបាត់បង់ស្មារតីដោយសារជំងឺទឹកនោមផ្អែម
យើងអាចការពារខ្លួនពីការបាត់បង់ស្មារតីដោយសារជំងឺទឹកនោមផ្អែម ដោយការអនុវត្តតិចនិកមួយចំនួន ដើម្បីរក្សាជាតិស្ករក្នុងឈាមឲ្យស្ថិតក្នុងកម្រិតមួយសមស្រប រួមមាន៖
- ស្វែងយល់ពីអាហារដែលប៉ះពាល់ដល់ជាតិស្ករក្នុងឈាម និងផែនការរបស់អាហារដែលសមស្របសម្រាប់យើង
- ញ៉ាំអាហារទៀងទាត់
- ជៀសវាងញ៉ាំគ្រឿងស្រវឹងច្រើនជ្រុល
- ត្រួតពិនិត្យ និងកត់ត្រាកម្រិតជាតិស្ករក្នុងឈាមឲ្យបានទៀងទាត់
- ញ៉ាំថ្នាំទៅតាមកម្រិត និងពេលវេលាកំណត់
- គ្រប់គ្រងស្រ្តេសឲ្យបានល្អ
- ពិនិត្យទឹកនោមរកមើលសារធាតុketones នៅពេលដែលកម្រិតជាតិស្ករក្នុងឈាមកើនឡើង។