backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ចេញសញ្ញាសង្ស័យទាំងនេះគួរជួបពេទ្យ អាចជារោគសញ្ញាមហារីកក្រពះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 12, 2022

ចេញសញ្ញាសង្ស័យទាំងនេះគួរជួបពេទ្យ អាចជារោគសញ្ញាមហារីកក្រពះ

ទោះ​ជា​យើង​ជួប​ប្រទះ​​អាការៈ​ឈឺ​ក្រពះ​ពី​ពេល​មួយ​ទៅ​ពេល​មួយ​ក៏​ដោយ​ ​ក៏​មិន​អាច​បញ្ជាក់​ពី​រោគសញ្ញា​​ដំបូង​នៃ​ជំងឺ​មហារីក​ក្រពះ​​​ដែរ​។ ហេតុនេះ​ហើយ​ ដើម្បី​ដឹង​ថា​យើង​​អាច​ប្រឈម​នឹង​ជំងឺ​មហារីក​មួយ​ប្រភេទ​នេះ​ឬ​អត់​ គ្នា​យើង​គួរ​តែ​សង្កេត​មើល​រោគសញ្ញា​មួយ​ចំនួន​​​ខាង​ក្រោម​។

រោគសញ្ញា​ព្រមាន​នៃ​ជំងឺ​មហារីក​ក្រពះ

ជំងឺ​មហារីក​ក្រពះ​ ​កើត​ឡើង​នៅ​ពេល​ដែល​មាន​ការ​លូតលាស់​កោសិកា​មិន​ប្រក្រតី​នៅ​ក្នុង​ក្រពះ​របស់​យើង​។ ជា​ទូទៅ រោគសញ្ញា​ដំបូង​នៃ​ជំងឺ​មហារីក​ក្រពះ ពិបាក​ក្នុង​ការ​​កត់សម្គាល់​ណាស់​ ពីព្រោះ​ថា​រោគសញ្ញា​ទាំង​នោះ អាច​ភ័ន្ត​ច្រឡំ​ជាមួយ​នឹង​ជំងឺ​ក្រពះ​ពោះវៀន​​ធម្មតា។ ហេតុ​នេះ​ហើយ ទើប​យើង​បាន​ដឹង​ពី​វត្តមាន​នៃ​ជំងឺ​មហារីក​នេះ នៅ​ពេល​ដែល​ជំងឺ​វិវត្ត​ដល់​ដំណាក់កាល​ធ្ងន់ធ្ងរ​ទៅ​ហើយ​។ យ៉ាង​ណា​មិញ យើង​ក៏​អាច​សង្កេត​មើល​សញ្ញា​ព្រមាន​ដំបូង​មួយ​ចំនួន​ដូច​ខាង​ក្រោម​នេះ​។

១. ហើម​ពោះ​

យើង​អាច​នឹង​មាន​អារម្មណ៍​ថា​ពោះ​​ឆ្អែត និង​តឹង។ ពិត​ណាស់​ ជំងឺ​មហារីក​ក្រពះ អាច​ធ្វើ​ឲ្យ​ជញ្ជាំង​ក្រពះ​​រឹង និង​កាត់បន្ថយ​សមត្ថភាព​ក្នុង​ការ​ផ្ទុក​អាហារ​។ ក្នុង​ករណី​ដែល​មហារីក​ក្រពះ​រាលដាល​ដល់​ស្រទាប់​ខាង​ក្នុង​នៃ​ពោះ វា​អាច​បង្ក​ជា​ការ​ប្រមូលផ្ដុំ​​​សារធាតុ​រាវ​នៅ​ក្នុង​ពោះ​របស់​យើង ព្រម​ទាំង​ធ្វើ​ឲ្យ​យើង​ហើម​ពោះ​ដូច​ទៅ​នឹង​ស្ត្រី​ដែល​ជិត​គ្រប់​ខែ​។

២. ក្រហាយ​ទ្រូង​

​ក្រហាយ​ទ្រូង ដែល​ជា​ការ​ឈឺ​ចុកចាប់​នៅ​ដើម​ទ្រូង និង​បំពង់​ក​ ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ ហើយ​ជា​ទូទៅ អាការៈ​នេះ​​មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ឡើយ​។ ប៉ុន្តែ ប្រសិនបើ​យើង​កើត​មាន​អាការៈ​ក្រហាយ​ទ្រូង​ដែល​មិន​បាត់​ទៅ​វិញ​ ក្រោយ​ប្រើ​ថ្នាំ​បន្សាប​ជាតិ​អាស៊ីដ (Antacids) ​ឬ​ថ្នាំ​ផ្សេង​ទៀត នោះ​អាច​ជា​រោគសញ្ញា​ព្រមាន​មួយ​។ ប្រសិនបើ​មាន​ការ​លូតលាស់​កោសិកា​មហារីក​ដ៏​ធំ​នៅ​ក្នុង​ចំណុច​ចេញ​នៃ​ក្រពះ  សារធាតុ​រាវ​អាច​កកកុញ ហើយ​​អាហារ​​អាច​នឹង​ត្រលប់​មក​​កាន់​បំពង់​អាហារ​វិញ ជា​ហេតុ​នាំ​ឲ្យ​កើត​មាន​អាការៈ​ក្រហាយ​ទ្រូង​។

៣. ក្អួត និង​ចង្អោរ​

​ទន្ទឹម​នឹង​នេះ​ដែរ រោគសញ្ញា​មួយ​ទៀត​នៃ​ការ​លូតលាស់​កោសិកា​មហារីក​ គឺ​ជា​ការ​រារាំង​ច្រក​ចេញ​របស់​​ក្រពះ (Exit of stomach) ​។ ប្រសិនបើ​ អាហារ​ និង​ភេសជ្ជៈ​ដែល​យើង​ញ៉ាំ ​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ផ្នែក​ដំបូង​នៃ​ពោះវៀន​របស់​យើង​បាន​​ទេ​នោះ វា​នឹង​​បញ្ជូន​សញ្ញា​ទៅ​ខួរ​ក្បាល​ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ចង់​ក្អួត​។

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!

៤. មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន

ជា​ទូទៅ​ អារម្មណ៍​មិន​ស្រួល​ខ្លួន​​នេះ អាច​បណ្ដាល​មក​ពី​ជំងឺ​មហារីក​ក្រពះ​រាលដាល​ដល់​ស្រទាប់​ពោះ ព្រម​ទាំង​ធ្វើ​​ឲ្យ​យើង​​មាន​អារម្មណ៍​ហើម​ពោះ និង​ធ្ងន់​ពោះ​។

៥. ស្រក​ទម្ងន់​

ដោយ​សារ​តែ​យើង​ប្រឈម​នឹង​រោគសញ្ញា​ដទៃ​ទៀត​ដូចជា​ចង្អោរ​ ក្អួត និង​ហើម​ពោះ​ យើង​អាច​នឹង​មិន​សូវ​​ញ៉ាំ​ញឹកញាប់​ដូច​មុន ព្រម​ទាំង​​ស្រក​ទម្ងន់​ដោយ​មិន​ចាំបាច់​ខំ​ប្រឹង​។ រោគសញ្ញា​មួយ​នេះ​ ​​ជា​រោគសញ្ញា​ដ៏​គួរ​ឲ្យ​បារម្ភ​បំផុត​។

មហារីកក្រពះ១

៦. ឈាម​ក្នុង​លាមក​ ឬ​កម្អួត

រោគសញ្ញា​នេះ ​មិន​សូវ​កើត​ឡើង​ញឹកញាប់​ប៉ុន្មាន​ទេ​ ប៉ុន្តែ​​វា​អាច​នឹង​កើត​ឡើង​នៅ​ពេល​ដែល​យើង​បាត់បង់​ឈាម​ច្រើន​។ យើង​អាច​សង្កេត​ឃើញ​ការ​ប្រែប្រួល​នៅ​ក្នុង​លាមក​ ក៏​ដូចជា​លាមក​ប្រែ​ទៅ​ជា​​ពណ៌​ខ្មៅ។ ប៉ុន្តែ ​ក្នុង​ករណី​ដែល​ចេញ​ឈាម​យឺត គ្នា​យើង​អាច​នឹង​ពិបាក​កត់​សម្គាល់​ឃើញ​​ពី​ការ​ប្រែប្រួល​ណា​មួយ​នៅ​ក្នុង​លាមក​។

អត្ថបទគួរអាន៖

៧. មាន​អារម្មណ៍​ឆ្អែត

យើង​នឹង​មាន​អារម្មណ៍​​ថា​ឆ្អែត បើ​ទោះ​បី​ជា​យើង​ញ៉ាំ​អាហារ​តិចតួច​ក៏​ដោយ។ មួយ​វិញ​ទៀត យើង​ប្រហែល​ជា​អាច​ញ៉ាំ​ត្រឹម​តែ​២០%​នៃ​បរិមាណ​អាហារ​ដែល​យើង​ធ្លាប់​ញ៉ាំ​​ប៉ុណ្ណោះ​។

ចំណុចសំខាន់

រោគសញ្ញា​ដំបូង​នៃ​ជំងឺ​មហារីក​ក្រពះ ពិបាក​ក្នុង​ការ​​កត់សម្គាល់​ណាស់​ ពីព្រោះ​ថា​រោគសញ្ញា​ទាំង​នោះ អាច​ភ័ន្ត​ច្រឡំ​ជាមួយ​នឹង​ជំងឺ​ក្រពះ​ពោះវៀន​​ធម្មតា។ ហេតុ​នេះ​ហើយ ទើប​យើង​បាន​ដឹង​ពី​វត្តមាន​នៃ​ជំងឺ​មហារីក​នេះ នៅ​ពេល​ដែល​ជំងឺ​វិវត្ត​ដល់​ដំណាក់កាល​ធ្ងន់ធ្ងរ​ទៅ​ហើយ​។ យ៉ាង​ណា​មិញ យើង​ក៏​អាច​សង្កេត​មើល​សញ្ញា​ព្រមាន​ដំបូង​មួយ​ចំនួន​ដូច​ខាង​ក្រោម​នេះ​៖
  • ហើម​ពោះ​
  • ក្រហាយ​ទ្រូង​
  • ក្អួត និង​ចង្អោរ
  • មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន​
  • ស្រក​ទម្ងន់
  • ឈាម​ក្នុង​លាមក​ ឬ​កម្អួត
  • មាន​អារម្មណ៍​ថា​ឆ្អែត

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 12, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម