និយមន័យ
១- អ្វីជាជំងឺមហារីកថ្លើម?
មហារីកថ្លើម សំដៅលើបញ្ហាមានដុំមិនប្រក្រតីកើតមាននៅក្នុងកោសិកាថ្លើម។ ថ្លើម ជាសរីរាង្គមួយនៅផ្នែកខាងស្តាំ ខាងលើពោះ ខាងក្រោមសន្ទះទ្រូង និងក្រោមក្រពះ។ មហារីកថ្លើម ច្រើនជាជំងឺមហារីកកោសិកា (Carcinoma) វាជាដុំមហារីកដំណាក់កាលដំបូង ដែលកើតឡើងនៅក្នុងថ្លើមមិនមែនដោយសាររីករាលដាលពីផ្នែកផ្សេងៗក្នុងរាងកាយទេ។
មិនមែនគ្រប់មហារីកដែលប៉ះពាល់ដល់ថ្លើមទាំងអស់ ហៅថា មហារីកថ្លើម នោះទេ មានមហារីកកើតពីសរីរាង្គដទៃទៀតនៅក្នុងខ្លួន ដូចជា ពោះវៀនធំ សួត ឬសុដន់ អាចរីករាលដាលទៅថ្លើម ដែលករណីនេះ គេហៅថា មហារីករីករាលដាលពីសរីរាង្គផ្សេង។
២- មហារីកថ្លើមកើតឡើងញឹកញាប់ដែរទេ?
មហារីកថ្លើម ច្រើនកើតលើប្រុសៗច្រើនជាងស្ត្រី ភាគច្រើនចន្លោះអាយុពី ៥០-៧០ ឆ្នាំ។ ដឹងពីរោគវិនិច្ឆ័យលឿន អាចទទួលបានលទ្ធផលល្អក្នុងការព្យាបាល ហើយយើងអាចទប់ស្កាត់ជំងឺបាន ដោយកាត់បន្ថយកត្តាហានិភ័យរបស់វា។
រោគសញ្ញា
៣- រោគសញ្ញាមហារីកថ្លើមមានអ្វីខ្លះ?
មួយភាគបីក្នុងចំណោមអ្នកជំងឺមហារីកថ្លើម មិនមានរោគសញ្ញានៅដំណាក់កាលដំបូងទេ ខណៈរោគសញ្ញាជំងឺ អាចនឹងលេចឡើងមានដូចជា៖
– ស្រកទម្ងន់ខ្លាំង
– ចង្អោរ ក្អួត
– ឈឺពោះ
– ពោះឡើងធំ (ទាចទឹក)
– បាត់បង់ចំណង់អាហារ
– អស់កម្លាំង
– ឡើងលឿង
– ស្លេកតាមកន្លែង
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
៤- ពេលណាគួរទៅជួបពេទ្យ?
បើមានរោគសញ្ញាបានរៀបរាប់ខាងលើ ឬមានសំណួរ ក្តីបារម្ភអ្វីមួយ សូមពិគ្រោះជាមួយគ្រូពេទ្យ។ រាងកាយមនុស្សម្នាក់ៗមានលក្ខណៈខុសៗគ្នា អ្វីល្អបំផុតត្រូវជួបគ្រូពេទ្យដើម្បីប្រឹក្សា និងពិនិត្យឲ្យបានទាន់ពេល។
មូលហេតុបង្ក
៥- មូលហេតុបង្កឲ្យកើតមហារីកថ្លើម
មូលហេតុកើតមហារីកថ្លើមភាគច្រើន មិនត្រូវបានគេកំណត់ច្បាស់លាស់នោះទេ។ ក្នុងករណីខ្លះ ជំងឺរលាកថ្លើម អាចបណ្តាលឲ្យកើតជំងឺមហារីកថ្លើមបាន។
មូលហេតុផ្សេងទៀតរួមមាន ជំងឺក្រិនថ្លើម ឬថ្លើមខូចខាតដោយសារការផឹកស្រា ធាត់ ឬខ្លាញ់រុំថ្លើមជាដើម។ មហារីកថ្លើម កើតឡើងនៅពេលមានការផ្លាស់ប្តូរនៃកោសិកាថ្លើម (ផ្លាស់ប្តូរហ្សែន DNA) ដោយប្រែប្រួលមេតាប៉ូលីសក្នុងខ្លួន។ កោសិកាទាំងនោះ នឹងបាត់បង់ការគ្រប់គ្រង ហើយបង្កើតជាដុំសាច់មហារីក។
អត្ថបទពាក់ព័ន្ធ៖
កត្តាប្រឈម
៦- កត្តាប្រឈមមហារីកថ្លើម
កត្តាដែលអាចបង្កើនហានិភ័យជំងឺមហារីកថ្លើមមានដូចជា៖
– ជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទ B ឬ C៖ ឆ្លងមេរោគរ៉ាំរ៉ៃដោយសារមេរោគរលាកថ្លើមប្រភេទ B (HBV) ឬប្រភេទ C (HCV) អាចបង្កើនហានិភ័យ កើតមហារីកថ្លើមបាន។
– ជំងឺក្រិនថ្លើម៖ កកើតនៃជាលិកាក្រើមនៅក្នុងថ្លើម នាំឲ្យកើនហានិភ័យវិវត្តទៅជាជំងឺមហារីកថ្លើម។
– ជំងឺតំណពូជ៖ ជំងឺថ្លើមតំណពូជ មានដូចជា ជំងឺលើសជាតិដែក (Hemochromatosis syndrome) ជំងឺ Wilson disease (ជំងឺអូតូអ៊ីមម្យូន ដែលសំដៅលើការលើសជាតិទង់ដែងក្នុងថ្លើម)។
– ជំងឺទឹកនោមផ្អែម៖ អ្នកមានជាតិស្ករខ្ពស់នៅក្នុងឈាម អាចមានហានិភ័យខ្ពស់ជំងឺមហារីកថ្លើមជាងអ្នកមិនមានជំងឺទឹកនោមផ្អែម។
– ខ្លាញ់រុំថ្លើមមិនបណ្តាលមកពីស្រា៖ ការប្រមូលផ្តុំជាតិខ្លាញ់នៅក្នុងថ្លើម ក៏អាចនាំឲ្យកើតជំងឺមហារីកថ្លើមដូចគ្នា។
– ប៉ះពាល់ជាតិពុល Aflatoxins៖ ជាតិពុល Aflatoxins អាចជំរុញឲ្យកើតមហារីក ដោយគេប្រទះឃើញជាតិពុលប្រភេទនេះ នៅក្នុងអាហារផលិតចេញពីពោត និងសណ្តែកដី។
– ផឹកស្រា៖ ផឹកស្រាប្រចាំថ្ងៃរយៈពេលច្រើនឆ្នាំ អាចនឹងធ្វើឲ្យខូចថ្លើម និងបង្កើនហានិភ័យមហារីកថ្លើមបាន។
– ធាត់៖ បញ្ហាធាត់លើសទម្ងន់ ក៏អាចបង្កើនហានិភ័យមហារីកថ្លើមដូចគ្នា ព្រោះអាចនាំឲ្យមានខ្លាញ់រុំថ្លើម និងជំងឺក្រិនថ្លើម។
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះ មិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
ការធ្វើរោគវិនិច្ឆ័យតែងមានការពិបាក ដោយសារតែកោសិកាមហារីកថ្លើម មិនមានចេញរោគសញ្ញានៅដំណាក់កាលដំបូង។ ដើម្បីធ្វើរោគវិនិច្ឆ័យ ពេទ្យអាចធ្វើតេស្តឈាម AFP (Alpha Fetoprotein) ឬពិនិត្យមើលមុខងារថ្លើម ចំពោះអ្នកមានជំងឺក្រិនថ្លើម ឬជំងឺរលាកថ្លើមប្រភេទ B និង C ។ ប៉ុន្តែ ការធ្វើតេស្តនេះនៅតែមិនច្បាស់លាស់ ព្រោះថាទោះមិនមានកោសិកាមហារីកថ្លើមប្រភេទ Carcinoma ក៏អាចមានភាពមិនប្រក្រីតីលើតេស្តឈាមដូចគ្នា។ ហេតុនេះពេទ្យ អាចធ្វើតេស្តរួមផ្សំជាមួយនឹងការពិនិត្យអេកូ ស្កេនCT ឬ MRI លើថ្លើម។ បើរូបភាពអេកូ បង្ហាញថាមានដុំមហារីក ពេទ្យនឹងធ្វើកោសល្យវិច្ឆ័យលើថ្លើម ដោយកាត់យកសាច់ថ្លើមយកទៅមើលមីក្រូទស្សន៍ដើម្បីរកមើលកោសិកាមហារីក។
៨- ព្យាបាលដោយវិធីណា?
ការព្យាបាលមហារីកថ្លើម អាស្រ័យលើដំណាក់កាលជំងឺ អាយុ និងស្ថានភាពសុខភាពយើង។ ការវះកាត់ ជាការព្យាបាលដ៏ល្អបំផុត ប៉ុន្តែអ្នកជំងឺភាគច្រើន មិនអាចធ្វើការវះកាត់បាន ដោយសារជំងឺក្រិនថ្លើម ឬមានដុំសាច់រីករាលដាល។ ក្នុងករណីដុំសាច់តូចៗតិចជាង ៥ សង់ទីម៉ែត្រ ជំងឺរលាកថ្លើម និងលក្ខខណ្ឌមិនអាចវះកាត់ ថ្លើមនៅមានតែអាចដំណើរមុខងារបានធម្មតា និងមិនវិវត្តទៅកាន់ស្ថានភាពធ្ងន់ធ្ងរនោះទេ។
អ្នកជំងឺមិនអាចវះកាត់ អាចព្យាបាលដោយវិធីសាស្ត្រផ្សេងៗ រួមមាន ការព្យាបាលដោយចាក់ថ្នាំគីមីចូលតាមសរសៃឈាម សារជាតិគីមីនឹងហូរទៅតាមចរន្តឈាមទៅកាន់ដុំសាច់មហារីក និងបំផ្លាញវា។
អ្នកជំងឺមានដុំសាច់ធំ ឬខូចថ្លើមច្រើន អាចធ្វើការប្តូរថ្លើមបាន (ករណីប្តូរថ្លើម មានតែនៅបរទេសប៉ុណ្ណោះ)។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៨- ទម្លាប់រស់នៅ
ផ្លាស់ប្តូរទម្លាប់រស់នៅ និងការព្យាបាលតាមផ្ទះ អាចជួយទប់ស្កាត់បង្ការជំងឺមហារីកថ្លើមបាន ដូចជា៖
– ពិនិត្យមើលឡើងវិញ ណាត់ជួបពេទ្យដើម្បីពិនិត្យមើលអាការៈសុខភាព
– ស្តាប់ការណែនាំរបស់វេជ្ជបណ្ឌិត ហាមប្រើថ្នាំមិនស្របច្បាប់ ឬមិនបានប្រើថ្នាំតាមវេជ្ជបញ្ជា
– សិក្សាពីមហារីកថ្លើម ដើម្បីសម្រេចចិត្តទទួលការព្យាបាលដ៏ត្រឹមត្រូវ
– ហាមផឹកស្រា។
[embed-health-tool-bmi]