backup og meta

ជក់បារីអាចនាំឲ្យ​កើត​ជំងឺមហារីកយ៉ាងតិច ១៥ប្រភេទ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Aug 03, 2021

    ជក់បារីអាចនាំឲ្យ​កើត​ជំងឺមហារីកយ៉ាងតិច ១៥ប្រភេទ

    ជក់បារី​​នាំ​ឲ្យ​កើតជំងឺ​មហារីក​ផ្សេង​ៗ ហើយ​ការ​ឈប់​ជក់​បារី ឬ​មិន​ជក់​បារី ជា​វិធី​សាស្រ្ត​ល្អ​បំផុត​មួយ​ក្នុង​ការ​បង្ការ​ជំងឺ​មហារីក​​។សារធាតុ​គីមី​នៅ​ក្នុង​ផ្សែង​បារី​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​រាងកាយ​ទាំង​មូល មិន​ត្រឹម​តែ​សួត​នោះ​ទេ។ ការ​ជក់​បារី​អាច​បង្ក​ឲ្យ​អ្នក​ជក់​ប្រឈម​នឹង​ជំងឺ​មហារីក​យ៉ាង​តិច​១៥​ប្រភេទ​ផ្សេងៗ​គ្នា​។

    ការ​ជក់បារី​មិន​ថា​តិច​ឬ​ច្រើន សុទ្ធ​តែ​គ្មាន​សុវត្ថិភាព​ចំពោះ​សុខ​ភាព ការ​ឈប់​ជក់បារី​ទាំង​ស្រុង ជា​រឿង​ល្អ​បំ​ផុត​សម្រាប់​សុខភាព​។

    ១. ជក់បារី​បង្ក​ហានិភ័យ​កើត​ជំងឺ​មហារីក​បែប​ណា?

    រាង​កាយ​​យើង​ត្រូវ​បាន​បង្កើត​ឡើង​​ដោយ​អាច​មាន​សមត្ថភាព​ជួសជុល​ការ​ខូច​ខាត​តិច​តួច​បាន ប៉ុន្តែ​រាង​កាយ​មិន​អាច​ជួសជុល​ការ​ខូច​ខាត​ច្រើន​ដែល​បង្ក​ឡើង​ដោយ​ការ​ជក់បារី​នោះ​ទេ​។

    ចំនួន​បារី​ដែល​យើង​ជក់​ និង​រយៈពេល​នៃ​ការ​ជក់​បារី បូក​បញ្ចូល​គ្នា​ ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​ជំងឺ​មហារីក​កាន់​តែ​ខ្ពស់​។ ចំនួន​បារី ជក់​ប្រចាំ​ថ្ងៃ​កាន់តែ​ច្រើន ហានិភ័យ​កាន់​តែ​ខ្ពស់។ ការ​អាច​កាត់​បន្ថយ​ចំនួន​បារី​ជក់​ប្រចាំ​ថ្ងៃ អាច​ជា​ជំហាន​ល្អ​សម្រាប់​សុខភាព​។

    ការ​ជក់​បារី​ក្នុង​រយៈពេល​យូរ​ឆ្នាំ ក៏​បង្កើន​ហានិភ័យ​កើត​ជំងឺ​មហារីក​កាន់តែ​ខ្ពស់​ដែរ។ ដូច​នេះហើយ​បាន​ជា​ការ​មាន​ផែន​ការ​ឈប់​ជក់​បារី​ទាំង​ស្រុង​ជា​រឿង​សំខាន់​។

    គ្នា​យើង​អ្នក​ជក់​បារី​ត្រូវ​ដឹង​ថា ការ​ឈប់​ជក់​បារី​បាន​កាន់​តែ​លឿន ហានិភ័យ​កើត​ជំងឺ​មហារីក​ក៏​អាច​កាត់​បន្ថយ​បាន​ច្រើន​ដែរ​។ គ្រប់​គ្នា​ដែល​សម្រេច​ចិត្ត​ឈប់​ជក់​បារី អាច​ទទួល​ប្រយោជន៍​សុខភាព​ជា​ច្រើន ហើយ​មិន​យឺត​ពេល​នោះ​ទេ​ក្នុង​ការ​សម្រេច​ចិត្ត​ឈប់​ជក់​បារី ទោះ​ជា​ធ្លាប់​ជក់​យូរ​ឆ្នាំ​មក​ហើយ​ក្ដី​។

    ឈប់ជក់បារី

    ២. ការ​ជក់​បារី ការ​ខូចខាត​DNA និង​ជំងឺ​មហារីក​

    ​DNA​ មាន​នៅ​ក្នុង​កោសិកា និង​គ្រប់​គ្រង​ដំណើរ​ការ​របស់​កោសិកា​។ បារី​ត្រឹម​តែ​មួយ​ដើម​ក៏​អាច​ធ្វើ​ឲ្យ​DNA ខូច​បាន​ដែរ​។ ផ្សែង​បារី បញ្ចេញ​សារធាតុ​គីមី​ជាង ៥ ០០០ ហើយ​សារធាតុ​គី​មី​ជា​ច្រើន ដែល​គេ​ដឹង​ថា​មិន​តិច​ជាង​៧០ អាច​បង្ក​ជា​ជំងឺ​មហារីក​បាន​។

    សារធាតុ​គីមី​ចូល​ទៅ​ក្នុង​សួត និង​បន្ត​សាយភាយ​ពេញ​ទាំង​រាង​កាយ​របស់​អ្នក​ជក់​បារី​។ សារធាតុ​គី​មី​ពី​បារី អាច​បំផ្លាញ​DNA។ សារធាតុ​គីមី​នៅ​ក្នុង​បារី ធ្វើ​ឲ្យ​កោសិកា​ជួប​ការ​លំបាក​ក្នុង​ការ​ជួស​ជុល​DNA ដែល​ខូចខាត​។ ដូច​គ្នា​ដែរ សារធាតុ​គីមី​ទាំង​នេះ ក៏​បាន​បំផ្លាញ​ផ្នែក​របស់​DNA ដែល​ជួយ​ការពារ​យើង​ពី​ជំងឺ​មហារីក​ផង​ដែរ​។ ការ​ខូច​ខាត​DNA កាន់​តែ​ច្រើន​ក្នុង​កោសិកា​ដដែល​ៗ​ និង​ក្នុង​រយៈពេល​យូរ នាំ​ឲ្យ​កើត​ទៅ​ជា​ជំងឺ​មហារីក​។

    ៣. បារី​អាច​បង្ក​ជំងឺ​មហារីក​អ្វី​ខ្លះ?

    ​ទំនាក់​ទំនង​រវាង​ការ​ជក់​បារី និង​ជំងឺ​មហារីក​មាន​ភាព​ច្បាស់​លាស់​ណាស់។ ជក់​បារី​អាច​មាន​ហានិភ័យ​កើត​ជំងឺ​មហារីក​យ៉ាង​តិច​១៥ ក្នុង​នោះ​ជំងឺ​មហារីក​ពីរ​ប្រភេទ ដែល​គេ​ដឹង​ច្បាស់​ថា​ឧស្សាហ៍​កើត គឺ​ជំងឺ​មហារីក​សួត និង​ពោះ​វៀន​។​

    ជំងឺ​មហារីក​ផ្សេង​ទៀត​ ដែល អាច​កើត​ឡើង​ដោយសារ​ការ​ជក់​បារី​មាន​ដូច​ជា​ មហារីក​មាត់ ច្រមុះ និង​ឆ្អឹងស៊ីនូស មហារីក​ប្រអប់​សំឡេង មហារីក​បំពង់អាហារ មហារីក​ថ្លើម មហារីក​លំពែង មហារីក​ក្រពះ មហារីក​ប្លោក​នោម មហារីក​ត្រង​នោម មហារីក​មាត់​ស្បូន និង​មហារីក​ឈាម​ផ្សេងៗ​មួយ​ចំនួន​ទៀត​។

    ការ​ជក់​បារី​ក៏​បង្ក​ជា​ជំងឺ​មួយ​ចំនួន​ទៀត ដូច​ជា​ជំងឺ​បេះដូង និង​ជំងឺ​សួត​ផ្សេងៗ​ទៀត​។​ ដើម្បី​ឲ្យ​មាន​សុខភាព​ត្រូវ​ឈប់​ជក់​បារី​ទាំង​ស្រុង​តែ​ម្ដង ហើយ​បើ​យើង​ជា​មនុស្ស​មិន​ជក់​បារី កុំ​សាក​ល្បង​ជក់បារី ជា​ដាច់​ខាត។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Aug 03, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម