ស្រីៗ មកដឹងពីភាគរយព្យាបាលមហារីកទ្វារមាសជាសះស្បើយ តាមដំណាក់កាល

    ស្រីៗ មកដឹងពីភាគរយព្យាបាលមហារីកទ្វារមាសជាសះស្បើយ តាមដំណាក់កាល

    ការ​ឡើង​ក្រហម ផ្លាស់​ប្ដូរ​នៃ​បបូរ​ទ្វារមាស មាន​ដុំ​ពក មាន​ដំបៅ​រាប​ស្មើ អាច​ជារោគសញ្ញា​នៃ​ជំងឺ​មហារីក​ទ្វារមាស ដែល​គ្នា​យើង​ស្រី​ៗ​មិន​សូវ​បាន​ដឹង បាន​ឮ។ ជំងឺ​មហារីក​ទ្វារ​មាស គឺ​ជា​មហារីក​ដែល​ប៉ះ​ពាល់​ដល់​ផ្នែក​ខាង​ក្រៅ​នៃ​តំបន់​ប្រដាប់​ភេទ​របស់​ស្ត្រី។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី ច័ន្ទ រស្មី

    លោក​បន្ត​ថា ក្រុម​គ្រូពេទ្យ​ជំនាញ​បាន​កំណត់​ដំណាក់​កាល​នៃ​ជំងឺ​មហារីក​ទ្វារមាស ដោយ​ផ្អែក​លើ​ទំហំ​ ទី​តាំង និង​ថា​វា​បាន​រាលដាល​ដល់​កូន​កណ្ដុរ នៅ​ក្បែរ​នោះ​ដែល​ត្រូវ​បាន​កំណត់​ក្នុង​ពេល​វះ​កាត់​យក​ដុំ​សាច់​ចេញ​ដោយ៖

    ដំណាក់​កាល​ទី​១៖ មហារីក​ត្រូវ​បាន​កំណត់​ចំពោះ​បបូរ​ទ្វារមាស ឬ​រន្ធគូថ (តំបន់​ចន្លោះ​ទ្វារមាស និង​រន្ធគូទ)
    ដំណាក់​កាល​ទី២៖ មហារីក​បាន​រាលដាល​ដល់​ជាលិកា​ដែល​នៅ​ជាប់​គ្នា (ផ្នែក​ខាង​ក្រោម​នៃ​បង្ហួរ​នោម ឬ​ទ្វារមាស ឬ​រន្ធគូទ) ប៉ុន្តែ មិន​មែន​ដល់​កូន​កណ្ដុរ​ទេ
    ដំណាក់​កាល​ទី៣៖ មហារីក​បាន​រាលដាល​ដល់​កូន​កណ្ដុរ ប៉ុន្តែ​មិន​​ដល់​ជាលិកា​ដែល​នៅ​ជាប់​នោះ​ទេ
    ដំណាក់​កាល​ទី៤៖ មហារីក​បាន​រីក​រាល​ដាលបន្ថែម​ទៀត​ឧទាហរណ៍​ទៅ​ប្លោក​នោម​ផ្នែក​ខាង​លើ​នៃ​ទ្វារ​មាស ឬ​បង្ហួរ​នោម រន្ធគូទ កូន​កណ្ដុរ​នៅ​ឆ្ងាយ ឬ​នៅ​ខាង​ក្រៅ​អាង​ត្រគាក។

    ប្រសិន​បើ​មហារីក​ទ្វារមាស​ត្រូវ​បាន​គេ​ធ្វើ​រោគ​វិនិច្ឆ័យ និង​ព្យាបាល​នៅ​ដំណាក់​កាល់​ដំបូង ស្ត្រី ៣នាក់​ក្នុង​ចំណោម ៤នាក់​មិន​មាន​រោគ​សញ្ញា​មហារីក​ក្នុង​រយៈ​ពេល​៥ឆ្នាំ​បន្ទាប់​ពី​ធ្វើ​រោគ​វិនិច្ឆ័យ។ ភាគ​រយ​នៃ​ស្ត្រី​ដែល​រស់នៅ​លើស​ពី​៥ឆ្នាំ បន្ទាប់​ពី​ធ្វើ​រោគ​វិនិច្ឆ័យ និង​ព្យាបាល​អាស្រ័យ​លើ​តំបន់ និង​ទំហំ​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​មហារីក មាន៖

    • ដំណាក់​កាល​ទី១ ៖ ច្រើនជាង ៩០%
    • ដំណាក់​កាល​ទី២ ៖ ៨០%
    • ដំណាក់​កាល​ទី៣ ៖ ៥០-៦០%
    • ដំណាក់​កាល​ទី៤ ៖ មាន​តែ​ប្រមាណ ១៥% ប៉ុណ្ណោះ។

    ហេតុ​នេះ​ហើយ លោក​វេជ្ជបណ្ឌិត​រូប​នេះ​បាន​ណែនាំ​ឲ្យស្ត្រី​គ្រប់​រូប​​ដែល​មាន​បញ្ហា​មិន​ប្រក្រតី ឬ​មាន​ដុំ​ពក ដុំ​ដំបៅ ទោះ​បី​តូច​ក្ដី​កើត​នៅ​លើ​ប្រដាប់​ភេទ គួរ​ទៅ​ពិគ្រោះ និង​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ក្នុង​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ​ឲ្យ​បាន​ឆាប់ និង​ព្យាបាល​ឲ្យ​បាន​ទាន់​ពេល​វេលា។

    ​មហារីក​ទ្វារ​មាស

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 10/08/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត