backup og meta

Small intestine cancer (មហារីកពោះវៀនតូច)

និយមន័យ

១- អ្វី​ជា​ជំងឺ​មហារីក​ពោះវៀន​តូច?

មហារីក​ពោះ​វៀន​តូច​ ​ជា​ជំងឺ​កម្រ​ពេល​កោសិកា​ពោះ​វៀន​តូច​មាន​ការ​ផ្លាស់​ប្ដូរ ​ហើយ​​លូត​លាស់​លឿន​ខុស​ធម្មតា ​និងបង្ក​ជា​ដុំ ឬ​ដុំ​សាច់។ ពោះ​វៀន​តូច​ មាន​មុខ​ងារ​បំបែក ​និង​ស្រូប​យក​ចំណី​អាហារ​ ខ្លាញ់​ វីតាមីន​ និង​សារធាតុ​ដទៃ​ទៀត។ បើ​យើង​មានជំងឺ​មហារីក​ប្រភេទ​នេះ​ដុំ​មហារីក​ទៅ​បាំង​ផ្លូវ​ពោះវៀន បង្ក​ឲ្យ​មាន​បញ្ហា​ប្រឈម​ និង​គ្រោះថ្នាក់​ជាច្រើន។

មហារីក​ពោះ​វៀន​តូច​ចែក​ជា​ប្រាំ​ប្រភេទ៖

– ប្រមាណ​ជាង ៣០​-៤០ ភាគរយ ករណី​ដុំ​មហារីក​ (Adenocarcinoma) ចាប់​ផ្ដើម​កើត​នៅ​ក្នុង​កម្រាល​នៃ​ពោះ​វៀន​តូច។ ដំបូង​គ្រាន់​ជា​កោសិកា​តូច ប៉ុន្តែ​លូត​លាស់​លឿន​ជាង​កោសិកា​ធម្មតា​ បង្កើត​​ជា​ដុំ​សាច់ (Polyp) យូរៗ​ទៅ​នឹង​វិវត្តជា​ដុំ​មហារីក។

– កោសិកា​មហារីក​វិវដ្ត​ក្នុង​ជាលិកា​ទន់នៃ​ពោះ​វៀន​តូច។

– ដុំ​មហារីក​លូត​លាស់​យឺត (Carcinoid Tumors) តែង​កើត​នៅ​ខាង​ក្រោម​ពោះ​វៀន​តូច​ ​អាច​ប៉ះពាល់​​ខ្នែង​ពោះ​វៀន និង​រន្ធ​គូទ។ ដុំ​មហារីក​ទាំង​នោះ ផលិត​សារ​ធាតុ​គីមី​ជា​ច្រើន​ ដូច​ជា ​សេរ៉ូ​តូ​នីន (Serotonin) ជាដើម។

– ដុំ​នៅ​ក្រពះ​ពោះ​វៀន (GISTs) ជា​ប្រភេទ​កម្រ​នៃ​មហារីក​ពោះ​វៀន។ ច្រើន​ជាង​ពាក់​កណ្ដាល​នៃ​ករណី​មហារីក​នេះ ដុំ​សាច់​ចាប់​ផ្ដើម​លូតលាស់​នៅ​ក្នុង​ក្រពះ យ៉ាងណាដុំសាច់ GIST ទាំង​អស់​មិន​មែន​សុទ្ធ​ដុំជា​មហារីក​នោះ​ដែរ។

– ដុំ​ជាលិកា​ទឹក​រងៃ​ក្នុង​ពោះ​វៀន​តូច (Intestinal Lymphomas) ជា​មហារីក​កើត​នៅ​ក្នុង​កូន​កណ្ដុរ ហើយជា​ទូទៅ​តែង​កើត​ឡើង​ពេល​ប្រព័ន្ធ​ភាព​ស៊ាំ​ថយ​ចុះ មាន​ន័យ​ថា​ប្រព័ន្ធ​ប្រឆាំង​ទៅ​នឹង​ជំងឺ​ក្នុង​ខ្លួន​​យើង​ចុះ​ខ្សោយ​ និង​មិន​អាច​វាយ​តបត​មេរោគ ឬ​ជំងឺផ្សេងៗ​បាន។

២- កើតឡើងញឺកញាប់ដែរទេ?

មហារីក​ពោះ​វៀន​តូច​ គឺ​ប្រភេទមហារីកកម្រ យ៉ាង​ណា​សូម​ទៅ​ពិគ្រោះ​ជា​មួយ​គ្រពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។

រោគសញ្ញា

៣- រោគសញ្ញាមានអ្វីខ្លះ?

រោគសញ្ញា​ទូទៅ​របស់​មហារីក​ពោះ​វៀន​តូច​​​មាន៖

– ឈឺ​ ឬ​រមួល​ពោះ នៅ​ចំ​កណ្តាល​ក្រពះ

– ស្រក​ទម្ងន់​គ្មាន​មូល​ហេតុ

– ឡើង​កូន​កណ្ដុរ​ក្នុង​ពោះ​

– មាន​ឈាម​ក្នុង​លាមក

អាច​មាន​រោគសញ្ញា​ដទៃ​ទៀត មិន​បាន​រៀប​រាប់​ដូច​ខាង​លើ​ ហេតុ​នេះ​បើ​មាន​ចម្ងល់ ឬ​ប្រទះ​រោគសញ្ញា​គួរ​ឲ្យ​សង្ស័យ​ណា​មួយ ​សូម​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ។

៤- ពេល​ណា​គួរ​ទៅ​ជួប​គ្រូពេទ្យ?

បើ​មាន​សញ្ញា អាការៈ​ដូច​បាន​រៀប​រាប់​ខាង​លើ ឬ​មាន​ចម្ងល់​ផ្សេងៗ សូម​ពិគ្រោះ​យោបល់​ជា​មួយ​គ្រូពេទ្យ ព្រោះ​រាងកាយ​មនុស្ស​ម្នាក់ៗ​មាន​ភាព​ខុស​គ្នា ហេតុនេះ​រោគសញ្ញា​អាច​នឹង​ខុស​គ្នា​ដែរ។

មូលហេតុបង្ក

៥- មូលហេតុបង្កមាន​អ្វី​ខ្លះ?

មក​ទល់​នឹង​ពេល​នេះ អ្នក​ស្រាវ​ជ្រាវ នៅ​តែ​មិន​មាន​អំណះអំណាង​ច្បាស់លាស់ ​ពី​មូល​ហេតុ​ បណ្ដាល​ឲ្យ​កើត​មហារីក​ប្រភេទ​​នេះ​នៅ​ឡើយ​ទេ។

កត្តាប្រឈម

៦- កត្តាប្រឈមមានអ្វីខ្លះ?

កត្ដា​ប្រឈម​ធ្វើ​ឲ្យ​កើត​ជំងឺ​មហារីក​កម្រ​នេះ​មាន​ដូច​ជា៖

– អាយុ (ជា​មធ្យម​កើត​លើ​វ័យ ៦០ ឆ្នាំឡើង)

– ភេទ (ច្រើន​កើត​ទៅ​លើ​ប្រុសៗ)

– ហ្សែន

– ជក់​បារី និង​ផឹក​ស្រា

– ញ៉ាំ​អាហារ​សំបូរ​ជាតិ​ខ្លាញ់

– ហើម​កូន​កណ្ដុរ (Lymphedema) ខូច​សរសៃ​ឈាម​​ភ្ជាប់​ទៅ​កូន​កណ្ដុរ។

– រស់​នៅ​ និង​ធ្វើ​ការ​ក្បែរ​កន្លែង​សម្បូរ​សារ​ធាតុ​គីមី​ដូច​ជា​ អាស៊ីដ​ Phenoxyacetic។

– ជំងឺ​មួយ​ចំនួន​​ប៉ះពាល់​ដល់​បំពង់​អា​ហារ ដូច​ជា​ជំងឺ​ពោះ​វៀន​ (Crohn’s disease) មហារីក​ពោះវៀន​ធំ​ ឬជំងឺ Celiac។

រោគវិនិច្ឆ័យ​ និងការព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?

គ្រូពេទ្យ​នឹង​ពិនិត្យ​​ប្រវត្ដិ​ជំងឺ ​ ​រោគសញ្ញា​ផ្សេង​ទៀត​យើង​បាន​ជួប​ប្រទះ ក្រោយ​មក​នឹង​ស្នើ​ធ្វើ​តេស្ដ​ស្កេន​រូប​ភាព​លើ​ពោះ​វៀន​តូច ដើម្បី​រក​មើល​មហារីក​ និង​ការ​រាល​ដាល។ តេស្ដ​ទាំង​នេះ​រួម​មាន ថតកាំ​រស្មី​អ៊ិច ស្កេន​ CT ឬថតអឹមរ៉ាយ​ MRI។ គ្រូពេទ្យក៏​អាច​ស្នើ​សុំ​ឆ្លុះ អង់ដូស្កុប (Endoscopy) ដើម្បី​ពិនិត្យ​បំពង់​អាហារ​​ ក្រពះ​ និង​ផ្នែក​ដំបូង​នៃ​ពោះ​វៀន​តូច​ តាម​រយៈ​ម៉ាស៊ីន​ឆ្លុះ​បំពាក់​ពន្លឺ និង​កាមេរ៉ា​នៅ​ខាង​ចុង។ ពេទ្យ​នឹង​ឲ្យ​យើង​ផឹក​ថ្នាំ​សន្លប់​ អំឡុង​ពេល​ធ្វើ​តេស្ត យ៉ាងណា​នៅ​មាន​តេស្ត​ច្រើន​ទៀត​ដែល​អាច​នឹង​ត្រូវ​អនុវត្តដូចជា៖

– តេស្ដ​លាមក​ រក​មើល​ឈាម​ក្នុង​លាមក

– កាត់​សាច់​កូន​កណ្ដុរ​ទៅ​វិភាគ រក​មើល​កោសិកា​មហារីក

– វះកាត់​ ដោយ​ចោះ​ចូល​តាម​ជញ្ចាំងពោះ​ ដើម្បី​រក​មើល​សញ្ញា​មហារីក

– តេស្ដ​មុខងារ​ថ្លើម​ ដោយ​ជួស​ឈាម​ដើម្បី​ វាស់​សារធាតុ​ថ្លើម​បាន​បញ្ចេញ

– តេស្ដ​សារធាតុ​គីមី​ក្នុង​ឈាម ​ដើម្បី​វាស់​កម្រិត​សារ​ធាតុ​គីមី​ដែល​រាងកាយ​បាន​ផលិត។

៨- ព្យាបាលដោយវិធីណា?

គ្រូពេទ្យ​នឹង​ស្នើ​ការ​ព្យាបាល​​អាស្រ័យ​លើ​ប្រភេទ​មហារីក ​និង​ករណី​រីក​រាល​ដាល​ តាមរយៈ​វិធី​មួយ​ចំនួន​ដូច​ជា៖

– វះកាត់ ​គឺ​ជា​វិធីព្យាបាល​ពេញ​និយម គ្រូពេទ្យ​អាច​កាត់​យក​ផ្នែក​ខ្លះនៃពោះ​វៀន​តូច ​ដែល​មាន​ដុំ​មហារីក​ចេញ ​ឬក្នុង​ករណី​មិន​អាច​កាត់​ដុំ​សាច់​មហារីក​បាន ពេទ្យ​អាច​នឹង​បង្កើត​ផ្លូវ​ថ្មី ​សម្រួល​ឲ្យ​អាហារ​អាច​ឆ្លង​កាត់​​ដុំសាច់​នោះ។

– ព្យាបាល​ដោយ​កាំរស្មី ​ក្រោយ​កាត់កាសិកា​មហារីករួច ​គ្រូពេទ្យ​នឹង​ធ្វើ​ការ​ព្យាបាល​បន្ថែម​ដោយ​កាំ​រស្មី​អ៊ិច​​កម្រិត​ខ្ពស់​​ ដើម្បី​សម្លាប់​មេរោគ។

– ព្យាបាល​ដោយ​សារធាតុ​គីមី តាម​រយៈ​ថ្នាំ​លេប ឬ​ចាក់ចូល​សរសៃ​ឈាម ក្នុង​គោល​បំណង​សម្លាប់​ ឬ​បញ្ឈប់​ការ​លូត​លាស់​របស់​មហារីក។

បច្ចុប្បន្ន​នេះ​មាន​ការ​ព្យាបាល​ថ្មី​ៗ​ជា​ច្រើន​កំពុង​ធ្វើ​ការ​សាក​ល្បង ​ហេតុ​នេះ​សូម​​ពិគ្រោះ​យោបល់​ជា​មួយ​គ្រូពេទ្យ។

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៩- ទម្លាប់​រស់​នៅ

គ្មាន​វិធី​ណា​មួយ មាន​ប្រសិទ្ធភាព ១០០ ភាគរយ​ទេ តែ​ដើម្បី​បង្ការ និង​កាត់​បន្ថយ​ហានិភ័យ​គួរ​តែ​កែប្រែ​ទម្លាប់​រស់នៅ​ខ្លះៗ​អាច​ជួយ​កែ​ខៃ​បាន ហេតុ​នេះ​សូម​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​​សម្រាប់​ព័ត៌មាន​បន្ថែម។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូនទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Small Intestine Cancer Treatment (PDQ®)–Patient Version. https://www.cancer.gov/types/small-intestine/patient/small-intestine-treatment-pdq#section/_96. Accessed October 31, 2017.

What Is Small Intestine Cancer? https://www.webmd.com/cancer/cancer-of-the-small-intestine. Accessed October 31, 2017.

កំណែ​ប្រែបច្ចុប្បន្ន

28/01/2019

អត្ថបទ​ដោយ Prem Satya

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

ជំងឺមហារីកទាំង៥ប្រភេទដែលអ្នកគួរតែពិនិត្យក្នុងឆ្នាំ២០២៤

មហារីកពោះវៀនធំ ជាមូលហេតុចម្បងនាំឲ្យមនុស្សពេញវ័យស្លាប់ច្រើនជាងគេ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Prem Satya · កែ Jan 28, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម