និយមន័យ
១- ជំងឺមហារីកក្រពេញលើតម្រងនោមជាអ្វី?
ជំងឺមហារីកក្រពេញលើតម្រងនោមគឺជាជំងឺកម្រដែលកើតទៅលើក្រពេញដែលមានរាងត្រីកោណតូចស្ថិតនៅពីលើតម្រងនោម (adrenal glands)។ វាផលិតអ័រម៉ូនដើម្បីទៅចិញ្ចឹមដល់គ្រប់សរីរាង្គនិងជាលិកាដែលនៅក្នុងខ្លួនយើង។ មហារីកក្រពេញលើតម្រងនោមគឺជាជំងឺកាចសាហាវតែបើឆាប់រកឃើញនោះ នៅអាចមានឱកាសព្យាបាលជាបាន។ ប៉ុន្ដែបើវារាលដាលទៅដល់កន្លែងផ្សេងនោះនឹងពិបាកព្យាបាលណាស់។ ការព្យាបាលគឺគ្រាន់តែអាចពន្យាពេលនៃការស្លាប់ប៉ុណ្ណោះ។ ផ្ទុយទៅវិញការលូតលាស់នៃកោសិកាទាំងអស់នៅក្នុងក្រពេញលើតម្រងនោមមិនប្រាកដថាជាមហារីកទេ អាចជាដុំស្លូតដូចជា adenoma ឬ pheochromocytoma។
២- ជំងឺមហារីកក្រពេញលើតម្រងនោមកើតច្រើនដែរឬទេ?
មហារីកក្រពេញលើតម្រងនោមអាចហៅម្យ៉ាងទៀតថាមហារីក adrenocortical ដែលអាចកើតលើមនុស្សគ្រប់វ័យ តែភាគច្រើនគេឃើញប៉ះពាល់លើកូនក្មេងដែលមានអាយុតិចជាង ៥ឆ្នាំនិងមនុស្សចាស់អាយុ ៤០ឆ្នាំនិង ៥០ឆ្នាំ។ ហេតុនេះសូមពិគ្រោះជាមួយគ្រូពេទ្យសម្រាប់ព៌ត៍មានបន្ថែម។
រោគសញ្ញា
១- រោគសញ្ញារបស់មហារីកក្រពេញលើតម្រងនោមមានអ្វីខ្លះ?
រោគសញ្ញាមហារីកនេះបណ្ដាលមកពីការកើនឡើងនៃការផលិតអ័រម៉ូនដូចជាអ័រម៉ូនអង់ដ្រូសែន (androgen) អឺសដ្រូសែន (estrogen) និងអាល់ដូស្ដេរ៉ូន (aldosterone) ហើយក៏អាចបណ្ដាលមកពីដុំសាច់ដែលរីកធំហើយសង្កត់លើសរីរាង្គក្នុងខ្លួនផងដែរ។ រោគសញ្ញាដែលបង្កដោយសារអ័រម៉ូនអង់ដ្រូសែន និងអឺសដ្រូសែនកើនឡើងគឺងាយស្រួលរកឃើញលើកូនក្មេងជាងមនុស្សធំព្រោះការប្រែប្រួលនៃរូបរាងរបស់ពួកគេខ្លាំងនិងស្រួលមើលឃើញជាងអំឡុងពេលពេញវ័យ។ សញ្ញាមហារីកក្រពេញលើតម្រងនោមលើក្មេងមាន៖
- ដុះរោមលើថ្ងាស ក្លៀកនិងមុខច្រើន
- លិង្គរីកធំ
- ក្លីតូរីសរីកធំ
- ដោះរីកធំចំពោះក្មេងប្រុស
- ឆាប់ពេញវ័យចំពោះក្មេងស្រី
អ្នកជំងឺមហារីកប្រមាណជាងពាក់កណ្ដាលមិនបង្ហាញឲ្យឃើញជារោគសញ្ញានោះទេរហូតដល់ដុំមហារីក រីកធំហើយសង្កត់ទៅលើសរីរាង្គផ្សេងទៀត។ ស្រ្ដីដែលមានដុំមហារីកបណ្ដាលឲ្យអ័រម៉ូនអង់ដ្រូសែនកើនឡើងនឹងមានដុះរោមមុខ និងសំឡេងធំ។ រីឯបុរសវិញកើនឡើងអ័រម៉ូនអឺសដ្រូសែនធ្វើឲ្យដោះរីកឬតឹង។ ប៉ុន្ដែបើគេរកឃើញមានការកើនឡើងអ័រម៉ូនអឺសដ្រូសែនក្នុងស្ដ្រី និងអង់ដ្រូសែនក្នុងបុរសវិញនោះគេនឹងពិបាកធ្វើរោគវិនិច្ឆ័យ។ រោគសញ្ញាដទៃទៀតដែលធ្វើឲ្យកើនឡើងអ័រម៉ូន ក័រទីហ្សូល (cortisol) និងអាល់ដូស្ដេរ៉ូន (aldosterone) ចំពោះមនុស្សធំមាន៖
- លើសសម្ពាធឈាម
- លើសកម្រិតជាតិស្ដរក្នុងឈាម
- ឡើងទម្ងន់
- រដូវមិនទៀង
- ងាយជាំ
- ជំងឺបាក់ទឹកចិត្ត
- នោមញឹក
- រមួលក្រពើ
អាចមានរោគសញ្ញាដទៃទៀតដែលមិនបានរៀបរាប់ដូចខាងលើ ហេតុនេះបើគ្នាយើងមានក្ដីបារម្មណ៍ទាក់ទងនឹងរោគសញ្ញាសូមទៅពិគ្រោះជាមួយគ្រូពេទ្យ។
២- ពេលណាគួរទៅជួបគ្រូពេទ្យ?
បើយើងមានសញ្ញា ឬអាការៈដូចដែលបានរៀបរាប់ខាងលើ ឬមានចម្ងល់ផ្សេងៗសូមទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យ។ រាងកាយយើងដំណើរការខុសៗគ្នា ដូច្នេះវាជារឿងល្អក្នុងការទៅពិគ្រោះជាមួយគ្រពេទ្យនូវអ្វីយើងបារម្ភចំពោះសុខភាព។
មូលហេតុ
១- មូលហេតុបណ្ដាលឲ្យមានមហារីកក្រពេញលើតម្រងនោម?
អ្នកវិទ្យាសាស្ដ្រមិនដឹងច្បាស់ពីមូលហេតុដែលបណ្ដាលឲ្យកើតមហារីកនេះទេ។ យោងតាមសមាគមមហារីករបស់សហរដ្ឋអាមេរិកបានឲ្យដឹងថាអ្នកកើតមហារីកប្រមាណជាង ៨៥% កើតឡើងដោយគ្មានមូលហេតុហើយប្រមាណជាង ១៥% គឺបណ្ដាលមកពីកត្តាហ្សែន។
ហានិភ័យ
១- អ្វីធ្វើឲ្យប្រឈមមុខខ្ពស់ទៅនឹងមហារីកក្រពេញលើតម្រងនោម?
កត្ដាប្រឈមធ្វើឲ្យកើតជំងឺមហារីកក្រពេញលើតម្រងនោមមានដូចជា៖
- បណ្ដុំរោគសញ្ញា Beckwith-weidemann ជាជំងឺទាក់ទងនឹងការលូតលាស់ខុសធម្មតារបស់រាងកាយនិងសរីរាង្គ ហើយអ្នកដែលកើតជំងឺនេះអាចប្រឈមមុខខ្ពស់ទៅនឹងមហារីកតម្រងនោម និងថ្លើម។
- បណ្ដុំរោគសញ្ញា Li-fraumeni ជាជំងឺតំណពូជដែលអាចប្រឈមមុខខ្ពស់ទៅនឹងការកើតជំងឺមហារីកផ្សេងទៀត។
- ជំងឺ Familial adenomatous polyposis (fap) ជាជំងឺតំណពូជដែលមានដុំសាច់លូនចេញមកច្រើនក្នុងពោះវៀនធំហើយវាក៏ធ្វើឲ្យប្រឈមមុខខ្ពស់ទៅនឹងការកើតមហារីកផងដែរ។
- ជំងឺ Multiple endocrine neoplasia (men1) ជាជំងឺតំណពូជម្យ៉ាងដែលធ្វើឲ្យដុំសាច់កាន់តែលូតលាស់ទាំងដុំសាច់ស្លូតនិងកាចនៅក្នុងជាលិកាដែលផលិតអ័រម៉ូនដូចជាក្រពេញ pituitary ក្រពេញប៉ារ៉ាទីរ៉ូអ៉ីត និងលំពែង។
- ជក់បារីក៏ធ្វើឲ្យប្រឈមមុខខ្ពស់ទៅនឹងមហារីកនេះដែរតែមិនទាន់មានការបញ្ជាក់ណាច្បាស់លាស់នោះទេ។
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ជំងឺនោះទេ។ អ្នកគួរតែពិភាក្សា ជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានលម្អិត។
១- រោគវិនិច្ឆ័យមហារីកក្រពេញលើតម្រងនោម?
ការធ្វើរោគវិនិច្ឆ័យទៅលើមហារីកក្រពេញលើតម្រងនោមជាទូទៅពឹងផ្អែកលើប្រវត្តិនៃជំងឺ និងការពិនិត្យលើខ្លួនប្រាណ។ លើសពីនេះទៀតគ្រូពេទ្យនឹងបូមឈាម និងយកទឹកនោមទៅពិនិត្យ។
គ្រូពេទ្យនឹងធ្វើតេស្ដបន្ថែមដូចខាងក្រោម៖
- ការច្រឹបសាច់ទៅវិភាគ
- ឆ្លុះអេកូ
- ស្កេន CT
- ស្កេន PET
- ស្កេន MRI
- ឆ្លុះសរសៃក្នុងតម្រងនោម
២- ការព្យាបាលមហារីកក្រពេញលើតម្រងនោម?
ការព្យាបាលឲ្យទាន់ពេលអាចមានឱកាសជាសះស្បើយបាន។ គេចែកការព្យាបាលនេះជាបីប្រភេទធំៗដូចជា៖
ការវះកាត់
គ្រូពេទ្យនឹងស្នើធ្វើវិធីព្យាបាលមួយឈ្មោះថាការកាត់ក្រពេញលើតម្រងនោមចេញ (adrenectomy)។ បើមហារីកបានរាលដាលទៅផ្នែកផ្សេងទៀតនៃខ្លួនប្រាណនោះគ្រូពេទ្យនឹងកាត់យកចេញកូនកណ្ដុល និងជាលិកាដែលនៅជុំវិញ។
ព្យាបាលដោយកាំរស្មី
គេប្រើកាំរស្មីអ៉ិចក្នុងកម្រិតថាមពលខ្ពស់ដើម្បីសម្លាប់កោសិកាមហារីក និងបញ្ឈប់កុំឲ្យកោសិកាមហារីកលូតលាស់ទៀត។
ព្យាបាលដោយសារធាតុគីមី
គេប្រើវិធីនេះអាស្រ័យតាមដំណាក់កាលនៃមហារីកដើម្បីបញ្ឈប់ការលូតលាស់នៃកោសិកាមហារីក។ គេអាចផឹកឬចាក់តាមសរសៃឈាមឬសាច់ដុំ លើសពីនេះទៀតគ្រូពេទ្យអាចនឹងធ្វើការព្យាបាលពីរមុខបញ្ជូលគ្នាជាមួយការប្រើប្រាស់សារធាតុគីមី។
ការព្យាបាលដទៃទៀត
ការដុត ឬបំផ្លាញដុំកោសិកាដែលពិបាកក្នុងការកាត់ចោល។ គ្រូក៏អាចប្រើថ្នាំ Mitotane ដើម្បីព្យាបាលមហារីកក្រពេញលើតម្រងនោមហើយករណីខ្លះគេប្រើវាក្រោយវះកាត់ហើយ ព្រោះវាអាចទៅទប់ការផលិតអ័រម៉ូនច្រើនជ្រុល និងជួយកាត់បន្ថយដុំសាច់។ គ្នាយើងក៏អាចទៅពិគ្រោះជាមួយគ្រូពេទ្យនូវវិធីព្យាបាលសាកល្បងដូចជាព្យាបាលតាមជីវសាស្ដ្រដែលប្រើប្រព័ន្ធការពារខ្លួនដើម្បីប្រឆាំងនឹងកោសិកាមហារីក។
ផ្លាស់ប្ដូររបៀបរស់នៅ និងវិធីព្យាបាលនៅផ្ទះ
១- បំលាស់ប្ដូររបៀបរស់នៅនិងវិធីព្យាបាលនៅផ្ទះជួយពេលមានមហារីកបំពង់បង្ហូរនោម?
សូមទៅពិគ្រោះជាមួយគ្រូពេទ្យបើយើងសង្ស័យថាមានជំងឺនេះ ឬសម្រាប់ព៌ត៍មានបន្ថែម។
[embed-health-tool-bmi]