និយមន័យ
១- អ្វីជាជំងឺមហារីកមាត់?
ជំងឺមហារីកមាត់ ជាប្រភេទមហារីក កើតនៅលើជាលិកាមាត់ ហើយអាចកើតនៅគ្រប់ទីកន្លែងនៃអវយវៈនេះ ដូចជា បបូរមាត់ អណ្ដាត ថ្ពាល់ អញ្ចាញ ក្រអូមមាត់ កន្លើតរឹង និងទន់ បំពង់ក ជាដើម តែភាគច្រើនកើតលើ អណ្ដាត និងបបូរមាត់។ មហារីកមាត់ ដំណាក់កាលដំបូង អាចមានរោគសញ្ញា ឬគ្មានអ្វីទាំងអស់។ គេតែងប្រទះឃើញមហារីកនេះ ពេលវារាលដាលទៅដល់ក មានហើមកូនកណ្ដុរ ឬអាចរកឃើញដោយសារពេទ្យធ្មេញតែម្តង។
២- កើតឡើងញឹកញាប់ដែរទេ?
សូមទៅពិគ្រោះជាមួយគ្រូពេទ្យសម្រាប់ព័ត៌មានបន្ថែម។
រោគសញ្ញា
៣- រោគសញ្ញាមានអ្វីខ្លះ?
រោគសញ្ញាមហារីកប្រភេទនេះ តែងស្រដៀងទៅនឹងបញ្ហាបង្ករោគក្នុងមាត់មួយចំនួន ទើបពិបាកឲ្យដឹងថាជាជំងឺមហារីក។ ហេតុនេះសូមទៅពិនិត្យជាមួយពេទ្យធ្មេញ ឬគ្រូពេទ្យជំនាញ រោគសញ្ញាដូចខាងក្រោម៖
– ហើម ឡើងក្រាស់បបូរមាត់ មានដុំ ឡើងដុំកន្ទួល បន្ទះសនៅបបូរមាត់ អញ្ចាញ ឬកន្លែងដទៃក្នុងមាត់ និងមិនងាយជាក្នុងពេល ២ សប្ដាហ៍
– ហូរឈាមតាមមាត់គ្មានមូលហេតុ
– ស្ពឹកគ្មានមូលហេតុ បាត់ញ្ញាណដឹង ឬឈឺ តឹងនៅបបូរមាត់ក្រោម មុខ ក ឬចង្ការ
– ស្រៀវធ្មេញ
– ឈឺ ឬមានអារម្មណ៍ មានអ្វីជាប់ក្នុងបំពង់ក
– ឈឺ ឬពិបាកលេប
– មានបញ្ហាដាក់ធ្មេញ
– ហើម ក
– ឈឺត្រចៀកមិនជាសះ
– ស្រកទម្ងន់
– សម្លេងស្អក ឈឺករ៉ាំរ៉ៃ ឬប្ដូរសម្លេង
អាចមានរោគសញ្ញាដទៃទៀត មិនបានរៀបរាប់ដូចខាងលើ ហេតុនេះបើមានចម្ងល់ ឬប្រទះ រោគសញ្ញាគួរឲ្យសង្ស័យណាមួយ សូមពិគ្រោះជាមួយគ្រូពេទ្យ។
៤- ពេលណាគួរទៅជួបគ្រូពេទ្យ?
បើមានសញ្ញា អាការៈដូចបានរៀបរាប់ខាងលើ ឬមានចម្ងល់ផ្សេងៗ សូមពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ព្រោះរាងកាយមនុស្សម្នាក់មានភាពខុសគ្នា ដូច្នេះរោគសញ្ញាអាចនឹងខុសគ្នាដែរ។
មូលហេតុបង្ក
៥- មូលហេតុបង្កមានអ្វីខ្លះ?
មហារីកមាត់ កើតដោយសារ កាសិកាក្នុង DNA បានបំបែកខ្លួន និងលូតលាស់លឿនខុសប្រក្រតី ហើយកោសិកាថ្មីទាំងនោះ បានទៅសម្លាប់ពពួកកោសិកាធម្មតា យូរទៅក៏ប្រមូលផ្តុំបង្កើតជាដុំមហារីកក្នុងមាត់។
កត្តាប្រឈម
៦- កត្តាប្រឈមមានអ្វីខ្លះ?
កត្ដាប្រឈមធ្វើឲ្យកើតជំងឺមហារីកនេះមានដូចជា៖
– ប្រើថ្នាំជក់ (ជក់បារី ស៊ីហ្គារ កញ្ឆា ឬទំពារថ្នាំជក់)
– ផឹកស្រា
– ឆ្លងកាមរោគ (វីរុសឆ្លងតាមការរួមភេទ)
– ប៉ះកម្ដៅថ្ងៃយូរ
– ធ្លាប់មានកើតមហារីកមាត់
– សមាជិកគ្រួសារធ្លាប់កើតមហារីក
គួរដឹងដែរថាប្រមាណ ២៥ភាគរយ ក្នុងចំណោមអ្នកជំងឺមហារីកមាត់ទាំងអស់ គឺអ្នកជក់បារី និងផឹកស្រាម្ដងម្កាល។
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
គ្រូពេទ្យ នឹងពិនិត្យរកមើលអាការៈមួយចំនួនលើ ក្រអូមមាត់ បំពង់ក អណ្ដាត ថ្ពាល់ និងកូនកណ្តុរ នៅក។ អាចសួរនាំយើងពីរោគសញ្ញា ក៏ដូចជាស្ថានភាពឈឺចាប់ ពេលណាមានដំបៅ ហើយព័ត៌មានទាំងនេះ នាំឲ្យពេទ្យអាចសម្រេចធ្វើតេស្ដមួយចំនួនមាន៖
– ស្កេនរូបភាព៖ ឆ្លុះកាំរស្មីអ៊ិច ស្កេន CT ឆ្លុះ MRI ឆ្លុះ Endoscopy ឬស្កេន PET។
– កាត់សាច់ទៅវិភាគ៖ យកជាលិកាពីដំបៅទៅវិភាគនៅមន្ទីរពិសោធ
៨- ព្យាបាលដោយវិធីណា?
ការព្យាបាលអាស្រ័យលើដំណាក់កាលនៃមហារីក ចំពោះដំណាក់កាលដំបូងការព្យាបាល គឺដោយវះកាត់ ដើម្បីកាត់យកដុំមហារីក និងកូនកណ្ដុរមានមហារីកចេញ។ បើមហារីកស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរ យើងត្រូវព្យាបាលដោយវិធីផ្សេងៗជាច្រើនទៀត ដូចជា៖
– ព្យាបាលដោយកាំរស្មី ដើម្បីបផ្លាញកាសិកាមហារីក។
– ព្យាបាលដោយសារធាតុគីមី ដូចជា លេបថ្នាំ ឬចាក់តាមសរសៃឈាម ដើម្បីការពារកោសិកាមហារីកមិនអាចបំបែកខ្លួនបាន។
– ព្យាបាលឲ្យត្រូវគោលដៅ តាមរយៈប្រើថ្នាំការពារកុំឲ្យកោសិកាមហារីកបំបែកខ្លួន។
យ៉ាងណាវិធីព្យាបាលទាំងនេះអាចនាំឲ្យមានផលរំខានដូចជា៖
ព្យាបាលដោយកាំរស្មី
– ឈឺបំពង់ក ឬមាត់
– ស្ងួតមាត់
– ដង្កូវស៊ីធ្មេញ
– ដំបៅ ឬហូរឈាមតាមអញ្ចាញ
– ឆ្លងរោគច្រើន
– ក្រជារបួសក្រោយធ្វើធ្មេញ
– គាំង និងឈឺថ្គាម
– ពិបាកពាក់ធេ្មញសប្បនិម្មិត
– អស់កម្លាំង
– ប្រែប្រួលរសជាតិ និងក្លិន
– ស្បែកស្ងួត និងរលាក
– ស្រកទម្ងន់
– ប្រែប្រួលក្រពេញទីម៉ូស
ព្យាបាលដោយសារធាតុគីមី
– ជ្រុះសក់
– ឈឺមាត់ និងអញ្ចាញ
– ហូរឈាមតាមមាត់
– ស្លេកស្លាំងខ្លាំង
– ខ្សោយ
– អត់ឃ្លានបាយ
– ចង្អោរ
– ក្អួត
– រាក
– ដំបៅមាត់ និងបបូរមាត់
-ស្ពឹកដៃ និងជើង
ព្យាបាលឲ្យត្រូវគោលដៅ
– គ្រុនក្ដៅ
– ឈឺក្បាល
– ក្អួត
– រាក
– ប្រតិកម្មអាលែកហ្ស៊ី
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅ
គ្មានវិធីណាមួយ មានប្រសិទ្ធភាព ១០០ ភាគរយទេ តែដើម្បីបង្ការ និងកាត់បន្ថយហានិភ័យគួរតែកែប្រែទម្លាប់រស់នៅខ្លះៗដូចជា៖
– បរិភោគអាហារមានជីវជាតិល្អ តាមការណែនាំរបស់គ្រូពេទ្យ។
– សម្អាតមាត់ឲ្យស្អាត និងផ្ដល់សំណើមជានិច្ច។
– រកវិធីដោះស្រាយផលរំខានក្រោយព្យាបាល តាមរយៈការណែនាំពីគ្រូពេទ្យ ពេលណាផលរំខានទាំងនោះ ប៉ះពាល់ដល់ការរស់នៅរបស់យើង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]