ស្វែងយល់ពីចំណេះដឹងមូលដ្ឋាន
១- អ្វីជាជំងឺមហារីកទ្វារមាស?
ជំងឺមហារីកទ្វារមាស គឺជាមហារីកដែលប៉ះពាល់ដល់ផ្នែកខាងក្រៅនៃតំបន់ប្រដាប់ភេទរបស់ស្ត្រី។ តំបន់ទាំងនោះមាន រន្ធទ្វារមាស បរបេទ្វារមាស សិរ ស្បែក និងជាលិកាគ្របដណ្តប់លើឆ្អឹងថ្ងាស់ក្រោម។ មហារីកទ្វារមាស ជាធម្មតាប៉ះពាល់លើបរបេខាងក្រៅរបស់ទ្វារមាសជាងបរបេខាងក្នុង និង សិរ ។ ជំងឺមហារីកនេះមិនសូវកើតមានទេ បើប្រៀបទៅនឹងមហារីកដទៃទៀតនៃប្រដាប់បន្តពូជដូចជា មហារីកអូវែ ឬមហារីកស្បូន។
២- តើជំងឺមហារីកទ្វារមាសកើតច្រើនដែរឬទេ?
មហារីកនេះ គឺជាប្រភេទជំងឺមហារីកដ៏កម្រមួយ វាមានតិចជាង ១% នៃជំងឺមហារីកទាំងអស់ ហើយវាច្រើនកើតលើស្ត្រីដែលមានអាយុលើសពី ៥0 ឆ្នាំ។ ប៉ុន្តែជំងឺនេះយើងអាចគ្រប់គ្រងបាន ដោយការកាត់បន្ថយកត្តាប្រឈម។ សូមមេត្តាពិគ្រោះជាមួយគ្រូពេទ្យសម្រាប់ព័ត៌មានបន្ថែម។
ដឹងពីរោគសញ្ញា
១- រោគសញ្ញាជំងឺមហារីកទ្វារមាស
រោគសញ្ញាជំងឺមហារីកទ្វារមាស រួមមាន៖
– ឈឺនៅតំបន់ទ្វារមាស ឬឈឺចាប់អំឡុងពេលរួមភេទ ឬពេលបត់ជើងតូច។
– រមាស់មានរយៈពេលយូរនៅតំបន់ទ្វារមាស។
– ឡើងក្រាស់ ឬដុំពកនៅបបេរទ្វារមាស។
– ស្បែកប្រែប្រួលពណ៌ដោយសារកោសិកាដែលលូតលាស់មើលទៅស្រដៀងនឹងជំងឺសិរមាន់។
– មានឈាម ឬការធ្លាក់សដែលមិនទាក់ទងនឹងការមករដូវធម្មតា។
វាអាចមានរោគសញ្ញាមួយចំនួនដែលមិនបានរៀបរាប់ខាងលើ។ ប្រសិនបើស្រីៗយើងមានកង្វល់អំពីរោគសញ្ញាសូមពិគ្រោះជាមួយគ្រូពេទ្យ។
២- ពេលណាដែលត្រូវទៅជួបគ្រូពេទ្យ?
ជាធម្មតាមហារីក ទ្វារមាស មិនស្តែងចេញជារោគសញ្ញាជាក់លាក់នោះទេ។ យើងត្រូវទៅជួបនឹងគ្រូពេទ្យប្រសិនបើសម្គាល់ឃើញមាន៖
– មានដុំពកនៅក្នុងតំបន់ទ្វារមាស
– រមាស់ ឬឈឺ។
– មានហូរឈាមដែលមិនមែនជាឈាមរដូវ។
– ផ្លាស់ប្ដូរពណ៌ស្បែករបស់ទ្វារមាស។
ប្រសិនបើយើងមិនមានជំងឺមហារីកទ្វារមាស ទេ យើងគួរតែនិយាយជាមួយគ្រូពេទ្យពីព័ត៌មាននៃការចាក់វ៉ាក់សាំងមហារីកស្បូន HPV (Gardasil)។ វ៉ាក់សាំងនេះជាទូទៅត្រូវបានប្រើសំរាប់ស្ត្រីដែលមានអាយុពី ១៣ ដល់ ២៦ ឆ្នាំ។
ដឹងពីមូលហេតុ
១- មូលហេតុជំងឺមហារីកទ្វារមាស
បច្ចុប្បន្នគ្រូពេទ្យមិនទាន់រកឃើញមូលហេតុនៅឡើយ។ ជាទូទៅមហារីកកើតឡើងដោយសារការមានបំរែបំរួលហ្សែនដែលកោសិកាធម្មតាវិវត្តទៅជាកោសិកាមហារីកដោយលូតលាស់ និងបំបែកកូនចៅយ៉ាងឆាប់រហ័ស។ កោសិកា និងកូនចៅរបស់វានឹងបន្តរស់នៅនៅពេលដែលកោសិកាធម្មតាផ្សេងទៀតងាប់ ហើយប្រមូលផ្តុំគ្នាក្លាយជាដុំសាច់។ ក្រៅពីនេះកោសិកាទាំងនេះបំផ្លាញកោសិកាដែលនៅជុំវិញហើយរាលដាលទៅសរីរាង្គផ្សេងទៀត។
ដឹងពីកត្តាប្រឈម
១- កត្តាប្រឈមជំងឺមហារីកទ្វារមាស
កត្តាប្រឈមដែលបង្កើនហានិភ័យនៃជំងឺមហារីកទ្វារមាស មាន៖
– កត្តាវ័យ៖ ហានិភ័យនៃជំងឺមហារីកនេះកើនឡើងទៅតាមអាយុ។ ជំងឺមហារីកនេះអាចកើតមានគ្រប់វ័យ ប៉ុន្តែជាមធ្យមសម្រាប់ធ្វើរោគវិនិច្ឆ័យគឺនៅអាយុ ៦៥ ឆ្នាំ។
– បានប៉ះពាល់នឹងវីរុស human papillomavirus (HPV)។ វីរុស HPV គឺជាមេរោគឆ្លងតាមការរួមភេទដែលអាចបង្កើនហានិភ័យនៃជំងឺមហារីកជាច្រើនក្នុងនោះមានមហារីកទ្វារមាស និងជំងឺមហារីកមាត់ស្បូនដែរ។
– អ្នកផ្ទុកមេរោគអេដស៍ (HIV).
– ធ្លាប់មានប្រវត្តិកើតជំងឺមហារីកទ្វារមាស។
– មានបញ្ហាស្បែកដែលទាក់ទងនឹងទ្វារមាស។
យល់ពីរោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ជំងឺនោះទេ។ អ្នកគួរតែពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
១– រោគវិនិច្ឆ័យនៃជំងឺមហារីកទ្វារមាស
ជាធម្មតាគ្រូពេទ្យនឹងធ្វើការពិនិត្យមើលពីការប្រែប្រួលនៃទ្វារមាស។ ដោយពឹងផ្អែកលើការពិនិត្យ និងរោគសញ្ញាគ្រូពេទ្យនឹងច្រិបយកសាច់ទៅវិភាគដើម្បីពីបញ្ជាក់ពីរោគវិនិច្ឆ័យ។ ប្រសិនបើលទ្ធផលនៃការវិភាគបង្ហាញថាជាកោសិកាមហារីក គ្រូពេទ្យនឹងសុំធ្វើតេស្តដទៃទៀតដើម្បីរកមើលពីការរាលដាលនៃមហារីក។
២– ការព្យាបាលជំងឺមហារីកទ្វារមាស
ការព្យាបាលត្រូវអាស្រ័យលើប្រភេទ និងទំហំនៃមហារីក និងរបៀបដែលវារីករាលដាល។
លើមហារីកដែលមានទំហំតូចការព្យាបាលដោយកាំរស្មីឡាស៊ែរ គឺប្រើដើម្បីដុតស្រទាប់ផ្នែកខាងលើនៃស្បែកដែលមានកោសិកាមហារីក។ ការវះកាត់នេះត្រូវបានគេហៅថា excision ឬ simple partial vulvectomy គេធ្វើដើម្បីយកកោសិកាមិនធម្មតា និងជាលិកាដែលនៅជុំវិញនោះចេញ។ ចំពោះជំងឺមហារីកមានទំហំធំ គេធ្វើការវះកាត់ vulvectomy គឺគេវះយកផ្នែកទាំងអស់ ឬផ្នែកខ្លះនៃទ្វារមាសចេញ។
ការផ្លាស់ប្តូររបៀបរស់នៅ និងការព្យាបាលនៅផ្ទះ
១- តើការផ្លាស់ប្តូររបៀបរស់នៅ និងការព្យាបាលនៅផ្ទះអ្វីខ្លះដែលអាចជួយគ្រប់គ្រងជំងឺមហារីកទ្វារមាស?
របៀបរស់នៅ និងការព្យាបាលតាមផ្ទះដូចខាងក្រោមអាចជួយយើងទប់ទល់នឹងជំងឺមហារីកទ្វារមាសបាន៖
– ត្រូវពិនិត្យឲ្យបានទៀងទាត់ដើម្បីតាមដានពីស្ថានភាពមហារីក
– អនុវត្តតាមការណែនាំរបស់គ្រូពេទ្យ
– ព្យាយាមកាត់បន្ថយកត្តាហានិភ័យឱ្យបានច្រើនតាមដែលអាចធ្វើបាន។ ភាគច្រើននៃស្ត្រីដែលមានជំងឺមហារីកទ្វារមាស គឺបណ្តាលមកពីការឆ្លងមេរោគ HPV ។
– អនុវត្តការរួមភេទដែលមានសុវត្ថិភាព។ ប្រើស្រោមអនាម័យប្រសិនបើគិតថាយើងមានឱកាសឆ្លងជំងឺកាមរោគ
– មិនត្រូវព្រងើយនឹងការឡើងក្រាស់របស់ស្បែក ឬដំបៅនៅទ្វារមាសឡើយ។
[embed-health-tool-bmi]