រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
បើគ្រូពេទ្យសង្ស័យថាមានជំងឺនេះ ការពិនិត្យភ្នែក រួមជាមួយតេស្តផ្សេងៗទៀត នឹងត្រូវធ្វើដោយផ្អែកលើប្រវត្តិជំងឺក្នុងគ្រួសារ និងអាអូនផ្ទាល់ ហើយតេស្តទាំងនោះមានដូចជា ស្កេន និងតេស្តរូបភាពផ្សេងទៀត ដើម្បីជួយគ្រូពេទ្យកំណត់ដុំមហារីក អាចរាលដាលទៅកន្លែងផ្សេងទៀត ឬយ៉ាងណា។ តេស្តរូបភាពមានដូចជា អេកូ ស្កេន (CT) និង អឹមរ៉ាយ (MRI) ក៏ដូចជាវិធីសេ្តនផ្សេងៗទៀត។
គ្រូពេទ្យអាចបញ្ជូនអាអូន ទៅឲ្យគ្រូពេទ្យឯកទសផ្នែកមហារីក ឬគ្រូពេទ្យវះកាត់ដើម្បីពិនិត្យបន្ត។
៨- ព្យាបាលដោយវិធីណា?
ព្យាបាលមហារីកស្រទាប់រ៉េទីន អាស្រ័យលើទំហំ និងទីតាំងដុំមហារីក។ ក្នុងលក្ខខណ្ឌណាក៏ដោយ គ្រូពេទ្យ នឹងព្យាយាមរិះរកវិធីសាស្ត្រព្យាបាល ដើម្បីជួយការពារភ្នែកអាអូនចៀសផុតពីពិការភាព ខណៈវិធីសាស្ត្រព្យាបាលមានដូចជា៖
– ព្យាបាលដោយធាតុគីមី៖ វិធីនេះ គឺប្រើថ្នាំមានសារធាតុគីមី ទៅសម្លាប់កោសិកាមហារីក ជាប្រភេទថ្នាំគ្រាប់ ឬចាក់តាមសរសៃឈាម។ ថ្នាំ នឹងជ្រាបចូលក្នុងរាងកាយតាមសម្លាប់កោសិកាមហារីកទាំងនោះ ហើយអាចប្រើដើម្បីព្យាបាលមហារីករាលដាលទៅកន្លែងផ្សេងក្រៅភ្នែកទៀតផង។
– ព្យាបាលដោយធាតុវិទ្យុសកម្ម៖ វិធីនេះប្រើជាតិវិទ្យុសកម្មកម្រិតខ្ពស់ ដូចជា កាំរស្មីអ៊ិច ដើម្បីសម្លាប់កោសិកាមហារីក និងចែកចេញជា ២ ប្រភេទ៖
– ព្យាបាលពីខាងក្នុង៖ គេប្រើបន្ទះតូចមួយធ្វើពីសារធាតុវិទ្យុសកម្ម ដេរជាប់នៅកន្លែងមានដុំ រួចរក្សារទុក ២-៣ ថ្ងៃ។ ហើយអំឡុងពេលនោះការព្យាបាលដោយសារធាតុវិទ្យុសកម្មនេះ និងបាញ់កាំរស្មីអ៊ិចលើដុំមហារីក ត្រូវធ្វើឡើងបន្តិចម្តងៗ។
– ព្យាបាលពីខាងក្រៅ៖ គេប្រើម៉ាស៊ីនធំមួយ បញ្ជូនធាតុវិទ្យសកម្មពីក្រៅខ្លួន។ អាអូនត្រូវដេកលើក្តារ ហើយម៉ាស៊ីននោះវិលជុំវិញខ្លួនអាអូន។
– ព្យាបាលដោយបាញ់ឡាហ្សែ (Laser Photocoagulation)៖ ឡាហ្សែ នឹងនៅបំផ្លាញសរសៃឈាមចិញ្ចឹមដុំមហារីកលើភ្នែក ពេលវាលែងទទួលបានសារធាតុចិញ្ចឹម ដុំមហារីកនឹងងាប់។
– ព្យាបាលដោយបង្កក (Cryotherapy)៖ វិធីនេះ គឺប្រើសារធាតុត្រជាក់ខ្លាំងទៅសម្លាប់កោសិកាមហារីក ដោយសារធាតុទាំងនោះមាន ដូចជា នីត្រូហ្សែន ដាក់នៅក្បែរដុំមហារីក។ ពេលកោសិកាកក គ្រូពេទ្យនឹងដកសារធាតុនោះចេញ ក្រោយមកកោសិកាមហារីកនឹងរលាយ។ ធ្វើបែបនេះជាច្រើនដង ទើបអាចសម្លាប់កោសិកាបានទាំងស្រុង។
– ការព្យាបាលដោយកម្តៅ (Thermotherapy)៖ ប្រើកម្តៅទៅសម្លាប់កោសិកាមហារីកតាមរយៈរលកសម្លេង ដែកអគ្គីសនី ឬបាញ់ឡាហ្សែជាដើម។
– វះកាត់៖ ប្រសិនជាដុំនោះធំពេក មិនអាចប្រើវិធីខាងលើបាន គ្រូពេទ្យនឹងសម្រេចធ្វើការវះកាត់ចេញតែម្តង។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅ
ការផ្លាស់ប្តូរការរស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយយើងគ្រប់គ្រងស្ថានភាពជំងឺបានដូចជា៖
– ក្មេងតូចៗមិនដឹងខ្លួនកំពុងឈឺ ឬកំពុងទទួលការព្យាបាលទេ អ៊ីចឹងដើម្បីជួយអាអូនសម្របខ្លួនជាមួយស្ថានភាពនេះបាន ប៉ាម៉ាក់ ត្រូវរក្សារទម្លាប់ប្រចាំថ្ងៃរបស់អាអូនតាមអាចធ្វើបាន។
– ព្យាយាមណាត់ពេទ្យនៅពេលអាអូនគេងថ្ងៃគ្រប់គ្រាន់ ឲ្យញ៉ាំអាហារបានទៀងទាត់ អនុញ្ញាតឲ្យអាអូនលេងអ្វីចង់លេង។
– ដើម្បីដឹងពីវិធីសាស្ត្រលួងលោមអាអូនក្នុងតំណាក់កាលព្យាបាល អាចសុំយោបល់ពីគ្រូពេទ្យ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕