backup og meta

Uterine Cancer (ជំងឺមហារីកស្បូន)

Uterine Cancer (ជំងឺមហារីកស្បូន)

និយមន័យ

១- អ្វីជាជំងឺមហារីកស្បូន?

ជំងឺ​មហារីក​ស្បូន ​ជា​ប្រភេទ​ជំងឺ​មហារីក​កើត​នៅ​ក្នុង​ស្បូន ​ដូច​ជា ស្រទាប់​ក្នុង​របស់​ស្បូន មាត់​ស្បូន ឬ​តួ​ស្បូន។ ស្បូន ​មាន​ទី​តាំង​ស្ថិត​នៅ​ចន្លោះ​ប្លោក​នោម និង​រន្ធ​គូទ មាត់​ស្បូន​ភ្ជាប់​ទៅ​នឹង​ទ្វា​រមាស ឯ​ស្បូន​ភ្ជាប់​ជាមួយ​ដៃ​ស្បូន។ មហារីក​អាច​កើត​ចេញ​ពី​ស្រទាប់​ជាលិកា​នៃស្បូន ប៉ុន្តែ​កម្រ​មាន​ដុំ​សាច់​ប្រភេទ​នេះ​ណាស់។

២- កើតឡើងញឹកញាប់ឬទេ?

បច្ចុប្បន្ន​នេះ​ចំនួន​អ្នក​កើត​ជំងឺ​មហារីក​មាត់​ស្បូន​ មាន​ការ​កើន​ឡើង​ជា​លំដាប់ ភាគ​ច្រើន​កើត​លើស្ត្រី​អស់​រដូវ។ មួយ​វិញ​ទៀត​ អ្នក​វិទ្យាសាស្ត្រ​ ​រក​ឃើញ​ថា ស្រីៗ​ធាត់​ពេក​ក៏​មាន​ហានិភ័យ​ខ្ពស់​ប្រឈម​ជំងឺ​មហារីក​នេះ​ដែរ។

រោគ​សញ្ញា

៣- រោគសញ្ញាជំងឺមហារីកមាត់ស្បូនមានអ្វីខ្លះ?

មហារីក​ប្រភេទ​នេះ ​អាច​មាន​រោគ​សញ្ញា​មួយ​ចំនួន ​បណ្តាល​មក​ពី​ជំ​ងឺ​ផ្សេង​ៗ។ ហើយ​ក្នុង​ករណី​សង្ស័យ គ្នា​យើង​គួរ​តែ​ទៅ​ជួប​គ្រូ​ពេទ្យ​ដើម្បី​ប្រឹក្សា​ និង​ពិនិត្យ​ឲ្យ​បាន​ច្បាស់ ខណៈ​រោគ​សញ្ញា​ដំបូង​មាន​ដូចជា៖

– មាន​​ហូរ​ឈាម​នៅ​ពេល​រួម​ភេទ ឬ​ក្រោយ​អស់​រដូវ

– ឈឺ​ពោះ​ញឹក​ញាប់

– មាន​ធ្លាក់​ស ឬ​មាន​ឈាម​ចេញ​តាម​ទ្វារ​មាស

– ស្បូន​ធំ​ជាង​មុន (អាច​ដឹង​ដោយ​អារម្មណ៍)

នៅ​មាន​រោគ​សញ្ញា​មួយចំនួនទៀត ​កើត​មាន​ឡើង​ក្រោយ​​មហារីក​រីក​រាល​ដាល​ទៅ​ដល់​សរីរាង្គ​ដទៃ​ទៀត​ ដូចជា ​ឈឺ​ក្រពះ ឈឺ​ទ្រូង ការ​ស្រក់​ទម្ងន់។ អាច​នឹងមាន​រោគ​សញ្ញា​មួយ​ចំនួន​​មិន​បាន​រៀប​រាប់​ខាង​លើ។ ប្រសិន​បើ​ស្រីៗ​គ្នា​យើង​មាន​ចម្ងល់​សូម​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ។

មហារីកមាត់ស្បូន

៤- ពេលណាគួរទៅជួបពេទ្យ?

យើង​គួរ​ទៅ​ជួប​គ្រូពេទ្យ​បើ​សិន​ប្រទះ​បញ្ហា​ដូច​ខាង​ក្រោម៖

– ធ្លាក់​ស​ មាន​ភាព​មិន​ប្រក្រតី ឬ​មាន​ក្លិន និង​ពណ៌

– ត្រូវ​ការ​ជំនួយ​ផ្នែក​អារម្មណ៍

– មាន​ផល​ប៉ះ​ពាល់​ក្រោយ​ព្យាបាល​ ដូចជា ​សញ្ញា​​ឆ្លង​មេ​រោគ (ក្តៅ​ខ្លួន ឈឺ​សាច់ដុំ​ ឈឺ​ក្បាល) ឬ​រោគ​សញ្ញា​មួយ​ចំនួន​ទៀត​មិន​អាច​ពន្យល់​បាន។

បើ​សិន​យើង​ប្រទះ​ឃើញ​រោគសញ្ញា​ដូច​ខាង​លើ ឬ​រោគ​សញ្ញា​ណា​មួយ​គួរ​ឲ្យ​សង្ស័យ ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ ព្រោះ​រាងកាយ​មនុស្ស​ម្នាក់ៗ​មាន​ភាព​ខុសគ្នា រោគ​សញ្ញា​ក៏​ខុស​គ្នា​ដែរ។

មូលហេតុបង្ក

៥- មូលហេតុបង្កមានអ្វីខ្លះ?

អ្នក​វិទ្យា​សាស្ដ្រ​នៅ​មិន​ទាន់​អាច​កំណត់​មូល​ហេតុ​ជាក់លាក់​បង្ក​ជំងឺ​នេះ​នៅ​ឡើយ ប៉ុន្តែ​គ្រាន់​តែ​ដឹង​ថា​ ដោយ​សារ​ករណី​ផ្លាស់​ប្តូរ​ទម្រង់​នៅ​ក្នុង​កោសិកា​ស្រទាប់​ខាង​ក្នុង​របស់​ស្បូន។ មុយ​តា​ស៉្យុង​ហ្សែន ​បាន​ប្រែ​ពី​កោសិកា​ធម្មតា​ ទៅ​ជា​កោសិកា​មិន​ប្រក្រតី។ ជា​ធម្មតា កោសិកា​មាន​សុខ​ភាព​ល្អ ​នឹង​លូត​លាស់​ ​កើន​ឡើង​នៅ​ក្រោម​ល្បឿន​ប្រាកដ​ប្រជា​មួយ ហើយ​ងាប់​ទៅវិញ​នៅ​ពេល​វេលា​ជាក់​លាក់ ប៉ុន្តែ​កោសិកា​មិន​ប្រក្រតី រីក​ធំ​ធាត់​ច្រើន​ហួស​ពី​ការ​គ្រប់​គ្រង នឹង​មិន​ងាប់​ទៅ​វិញ​ក្នុង​ពេល​ជាក់​លាក់​ណា​មួយ​ទេ។ ការ​ប្រមូល​ផ្តុំ​កោសិកា​ច្រើន​បែប​នេះ​បង្ក​ទៅ​ជា​ដុំ​មហារីក។ កោសិកា​មហារីក ​នឹង​បំផ្លាញ​ជាលិកា​នៅ​ក្បែរ​វា បន្ត​រីក​រាល​ដាល​ទៅ​ផ្នែក​ផ្សេង​ៗ​ទៀត​នៃ​រាង​កាយ។

កត្តា​ប្រឈម

៦- កត្តាប្រឈមមានអ្វីខ្លះ?

មាន​កត្តា​ប្រឈម​ជា​ច្រើន​អាច​បង្ក​ទៅ​ជា​ជំងឺ​មហារីក​ប្រភេទ​នេះ មាន​ដូច​ជា៖

– មនុស្ស​ចាស់

– ជំងឺ​តំណពូជ

– មិន​ធ្លាប់​មាន​គភ៌

– ព្យា​បាល​ដោយ​អ័រម៉ូន (tamoxifen)​ លើ​ជំងឺ​មហារីក​សុដន់។

– ធាត់ខ្លាំង៖ ទំហំ​រាង​កាយ​រីក​លូតលាស់​ហួស​ប្រមាណ​ នាំឲ្យ​ផ្លាស់​ប្តូរ​តុល្យភាព ​អ័រម៉ូន​រាង​កាយ​

– មក​រដូវ​ដំបូង​មុន​ពេល​អាយុ ១២ ឆ្នាំ ឬ​ការ​ក្រ​អស់​រដូវ ​អាច​បង្កើន​ហានិភ័យ ​បណ្តាល​មក​ពី​ផល​ប៉ះ​ពាល់​លើ​អ័រម៉ូន​អឺសស្ត្រូសែន។

– ការ​ផ្លាស់​ប្តូរ​លំនឹង​អ័រម៉ូន​ស្ត្រី៖ អូវែ បង្កើត​អ័រម៉ូន​សំខាន់​ៗ​ពីរ មាន អឺស្ត្រូហ្សែន និង​ប្រូសេស្តេរ៉ូន។ ករណី​ប្រែ​ប្រួល​​អ័រម៉ូន​ទាំង​នេះ ​ធ្វើឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ស្រទាប់​កោសិកា​ខាង​ក្នុង​ស្បូន (Endothelium)។ ជំងឺ​មហារីក​ស្រទាប់​​ក្នុង​ស្បូន​ (Endometrial cancer) កើត​ឡើង​ដោយ​សារ​កំណើន​អ័រម៉ូន​អឺស្ត្រូហ្សែន​ គ្មានកំណើន​អ័រម៉ូន​ប្រូសេស្តេរ៉ូន។ ស្រីៗ​ក្រោយ​អស់​រដូវ ​ផឹក​ភេសជ្ជៈ​ មាន​ផ្ទុក​អ័រម៉ូន​អឺស្ត្រូហ្សែន តែ​គ្មាន​អ័រម៉ូន​​ប្រូសេស្តេរ៉ូន ​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​ស្បូន។

​រោគ​វិនិច្ឆ័យ និងការ​ព្យា​បាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

តេស្តកៀសកោសិកាមាត់ស្បូន

៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?

វេជ្ជបណ្ឌិត នឹង​ធ្វើ​រោគ​វិនិច្ឆ័យ​ផ្អែក​លើ​ប្រវត្តិ​ជំងឺ​របស់​យើង ពិនិត្យ​រាង​កាយ និង​ការ​ច្រឹប​សាច់​​ស្រទាប់​ក្នុង​ស្បូន​យក​ទៅ​ពិសោធ ដើម្បី​ដឹង​ច្បាស់​ថា​ជា​ជំងឺ​មហារីក ឬ​យ៉ាងណា។ គ្រូ​ពេទ្យ​អាច​សួរ​នាំ​យើង​ពី​រោគ​សញ្ញា​លេច​ឡើង​មួយ​ចំនួន​ដើម្បី​កំណត់​ពី​ការ​លូត​លាស់​ដុំ​សាច់។

ជំងឺ​មហារីក​មាត់​ស្បូន​អាច​រាល​ដាល​ដល់​ប្លោក​នោម រន្ធ​គូទ និង​សរីរាង្គ​ដទៃ​ទៀត។ គ្រូ​ពេទ្យ​នឹងធ្វើ​តេស្ត​ផ្សេង​ៗ ​តាម​ដំណាក់​កាល​មហារីក ហើយ​តេស្ត​ទាំង​នោះ ​រួម​មាន Pap test ស្កេន CT  MRI Utralsound និង​កោស​កោសិកា​ពី​ស្បូន (uterine curettage) ទៅ​ពិនិត្យ​ជា​ដើម។

៨- ព្យាបាលដោយវិធីណា?

ការ​ព្យា​បាល​អាស្រ័យ​លើ​ដំណាក់​កាល​មហារីក អាចដឹងបានតាមរយៈ​ដុំ​សាច់​​ក្នុង​ស្បូន ឬ​អូ​វែ និង​អូ​វុល ដែល​គ្រូពេទ្យ​យក​ទៅ​ពិសោធ។ បើ​មហារីក​ពិត​ជា​រាល​ដាល​មែន ​ក៏​​មិន​រាល​ដាល​ទៅ​កន្លែង​ឆ្ងាយ​ពី​ស្បូន​ដែរ គ្រូពេទ្យ​អាច​កាត់​យក​ជាលិកា ឬ​កូន​កណ្តុរ​នៅ​ជិត​កន្លែង​សង្ស័យ ​ដើម្បី​ចៀស​វាង​មហារីក​រាល​ដាល​បន្ថែម​ទៀត។

បន្ទាប់​ពី​នេះ ការ​ព្យា​បាល ​ដោយ​វិទ្យុ​សកម្ម អ័រម៉ូន ​ថ្នាំក័រទីសូន cortisone និង​ការ​ព្យា​បាល​គី​មី​ច្បាស់​ជា​ត្រូវ​ធ្វើ​ឡើង​ដោយ​គ្រូពេទ្យ​ឯកទេស​ជំងឺ​មហារីក ដើម្បី​កាត់​បន្ថយ ​ទប់​ស្កាត់​ជំងឺ​មហារីក​នៅ​សេស​សល់។

ការ​ព្យា​បាល​​មហារីក​ ទោះ​ដោយប្រើ​ថ្នាំ ឬ​ព្យា​បាល​ដោយ​គីមី សុទ្ធ​តែ​ប៉ះពាល់​សរីរាង្គ​ក្នុង​ខ្លួន​យើង ហេតុ​នេះ​ជា​ទូទៅ​គ្រូពេទ្យ នឹង​ណែនាំ​យើង​ទៅ​ផ្នែក​ជំនួយ​អារម្មណ៍​អំឡុង​ពេល​កំពុង​ព្យាបាល។

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៩- ទម្លាប់​រស់​នៅ

ដោយ​សារ​តែ​វិធី​ព្យា​បាល​មហារីក​មាន​ផល​ប៉ះពាល់ ​ដូច​ជា ​ ​អស់​កម្លាំង​ ​ធ្វើ​ឲ្យ​រូបរាង ប្រែ​ប្រួល​ និងប៉ះទង្គិត​ផ្លូវ​ចិត្ត យើង​គួរ​ចាំ​ អំឡុង​ពេល​ព្យា​បាល យើង​នៅ​តែអាច​រស់​នៅ​ធម្មតា និង​សកម្ម​បន្តិច គួរ​តែ​ចែក​រំលែក​បទ​ពិសោធ​យើង​ជួប​ប្រទះ​ ជាមួយ​សាច់​ញាតិ​ ​មិត្ត​ភក្តិ ​ព្រោះ​ពួក​គេ​សំខាន់​ណាស់ ពិសេស​អាច​លើក​ទឹក​ចិត្ត​យើង​ក្នុង​ដំណាក់​កាល​កំពុងព្យា​បាល។

ជំងឺ​មហារីក​មាត់​ស្បូន​អាច​ជា​សះ​ស្បើយ​​ប្រសិន​ស្ថិត​ក្នុង​ករណី​ដូច​ខាង​ក្រោម៖

– ក្រោយ​វះ​កាត់​ស្រីៗ​អស់​រដូវ មិន​អាច​មាន​រដូវ​ម្តង​ទៀត​នោះ​ដែរ។

– អាច​មាន​រោគ​សញ្ញា​​ក្តៅ ​ក្រហាយ ​បើពេទ្យ​ធ្វើ​ការ​វះ​កាត់​អូវែ។

– មាន​គ្រូពេទ្យ​វះ​កាត់ ​និង​អ្នក​ឯក​ទេស​មហារីក ​មាន​បទ​ពិសោធន៍​ក្នុង​ការ​ព្យា​បាល។

– ត្រឡប់​ទៅ​រស់​នៅ និង​បន្ត​សកម្មភាព​ធម្មតា ​រាប់​ទាំង​សកម្មភាព​ផ្លូវ​ភេទ ក្រោយ​ពី​ការ​វះ​កាត់ ៤-៨ សប្តាហ៍។

– ទៅ​ជួប​គ្រូពេទ្យ​តាម​ពេល​កំណត់ ទាំង​អំឡុង​ពេល​ព្យាបាល ​និង​ក្រោយ​ព្យា​បាល ​ដើម្បី​ពិនិត្យ​មើល​ផល​ប៉ះពាល់​ និងករណី​កើត​ឡើង​វិញរបស់​មហារីក។

បញ្ហាជំងឺស្បូនផ្សេងទៀត

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Ferri, Fred. Ferri’s Netter Patient Advisor. Philadelphia, PA: Saunders/Elsevier, 2012. Print edition.

កំណែ​ប្រែបច្ចុប្បន្ន

20/09/2022

អត្ថបទ​ដោយ ជីព ចិត្ត

ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស. សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ស្វែងយល់លម្អិតពីEndometrial cancer​ (ជំងឺមហារីកស្រទាប់ក្នុងស្បូន)

Cervical Cerclage​ (ការ​ដេរ​មាត់​ស្បូន)


ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.

សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន

សម្ភពនិងរោគស្រ្តី · មន្ទីរពេទ្យកាល់ម៉ែត


អត្ថបទ​ដោយ ជីព ចិត្ត · កែ Sep 20, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម