
ស្រីៗគ្នាយើងដឹងច្បាស់ជាងគេ អារម្មណ៍ពេលកើតមហារីកដោះ ថាឈឺចាប់ ភិតភ័យប៉ុណ្ណា? ប៉ុន្តែក្រោយព្យាបាលជំងឺកាចសាហាវនេះរួច ដឹងថារក្សាទម្ងន់ប៉ុណ្ណាល្អសម្រាប់យើងអត់? បើមិនទាន់ដឹងទេចាំ “Hello គ្រូពេទ្យ” ប្រាប់ត្រួសៗទម្ងន់សាកសមសម្រាប់គ្នា និងវិធីរក្សាទម្ងន់មានប្រសិទ្ធភាព។
១- ថ្លឹងទម្ងន់
តើធ្វើម៉េចទើបអាចដឹងថាគីឡូម៉ាន សុខភាពល្អ? ដើម្បីដឹងបាន គួរប្រើក្បួនគណនាតាមសន្ទស្សន៍ទម្ងន់ធៀបនឹងកម្ពស់ (BMI) ឬពិភាក្សាជាមួយពេទ្យ ពីស្ថានភាពទម្ងន់ ដែលត្រឹមត្រូវ។
២- ឡើងទម្ងន់
ជំងឺមហារីកមិនប្រាកដថា ធ្វើឲ្យស្រកទម្ងន់ទាំងអស់នោះទេ។ ក្នុងករណីខ្លះអាចឡើងគីឡូ ដូចជា ការព្យាបាលដោយអ័រម៉ូន ថ្នាំមួយចំនួន ឬការព្យាបាលដោយសាធាតុគីមី។ វិធីព្យាបាលទាំងនេះអាចឲ្យរាងកាយស្តុកទឹក ទុកក្នុងខ្លួនច្រើន ហើយខ្លះទៀត ធ្វើឲ្យអ្នកបរិភោគច្រើនជាងមុន ហើយការហត់អស់កម្លាំង ក្រោយព្យាបាលក៏អាចធ្វើឲ្យឡើងគីឡូដូចគ្នា។
គ្រប់គ្រងការឡើងទម្ងន់តាមរយៈអាហារ៖
– ប្រើប្រាស់ផលិតផលទឹកដោះគោដែលមានជាតិខ្លាញ់ទាប
– កុំញ៉ាំប្រៃពេក ព្រោះអំបិលទាញទឹកទុកក្នុងរាងកាយ
– ប្តូរវិធីចម្អិនម្ហូប អាចសាកបែប ចំហុយ ស្ងោរ ដុត ឬអាំងវិញ
– ញ៉ាំអាហារតិចៗ ឲ្យបានច្រើនពេល។ ចម្អិនល្មមញ៉ាំបានហើយ ដើម្បីកុំឲ្យញ៉ាំច្រើនជ្រុល
– ញ៉ាំពពួកប្រូតេអ៊ីនគ្មានខ្លាញ់ ដូចជា សាច់សុទ្ធ (ជ្រូក គោ) កុំញ៉ាំស្បែក ព្រោះវាសម្បូរទៅដោយជាតិខ្លាញ់។
– ហាត់ប្រាណ៖ ហាត់ប្រាណត្រឹមត្រូវមួយចំនួនអាចជួយឲ្យស្រកគីឡូ ដូចជាដើរ ហែលទឹក ជិះកង់ យូហ្គា ឬរត់ជាដើម។ ព្យាយាមហាត់ប្រាណឲ្យបានទៀងទាត់ ព្រោះវាអាចជួយឲ្យមានកម្លាំងឡើងវិញក្រោយពីព្យាបាលមហារីក។
– រកជំនួយពីអ្នកជំនាញ៖ អាចនិយាយជាមួយគ្រូពេទ្យ អ្នកជំនាញខាងផ្នែកអាហារ និងសារធាតុចិញ្ជឹម ដើម្បីដឹងពីមូលហេតុនៃការឡើងគីឡូ បន្ទាប់ពីព្យាបាលជំងឺមហារីកសុដន់ ហើយនឹងជួយរៀបចំផែនការសម្រកគីឡូមួយដ៏សមរម្យ។
– ញ៉ាំផ្លែឈើនិងបន្លែឲ្យបានច្រើន ព្រោះផ្លែឈើសម្បូរវីតាមីន សារធាតុខនិជ ជាតិសរសៃ និងមានកាឡូរីទាប។ អាហារទាំងនេះជួយឲ្យឆ្អែតបានយូរ ហើយមិនឡើងគីឡូថែមទៀត។ ប៉ុន្តែកុំភ្លេចលាងទឹកឲ្យបានស្អាត មុនពេលញ៉ាំ។
– ញ៉ាំអាហារស្រូវសាឡី ដូចជានំប៉័ងស្រូវសាឡី ឬផាសតា (Pasta) សុទ្ធតែសំបូរដោយសារជាតិសរសៃ។ ប៉ុន្តែគួរតែពិគ្រោះជាមួយគ្រូពេទ្យជាមុនសិនថាអាហារជាតិសរសៃនេះល្អសម្រាប់ឬអត់។
– ញ៉ាំអាហារជាតិខ្លាញ់តិច តែមិនមែនមានន័យថាអត់ញ៉ាំនោះទេ។ មិនគួរញ៉ាំអាហារដែលមានសារជាតិខ្លាញ់ឆ្អែតដូចជា បឺរ អាហារបំពង ឬម៉ាយូណេ (Mayonnaise)។ ដោយឡែក គួរញ៉ាំពពួកខ្លាញ់ដែលល្អដូចជា ខ្លាញ់អូមេហ្គា ៣ (Omega-3 fatty acids) មានក្នុងគ្រាប់ធញ្ញជាតិ និងត្រីសាល់ម៉ុន។
៣-ស្រកទម្ងន់
ការស្រកទម្ងន់អាចកើតឡើងដោយសារជំងឺ ឬដោយសារការព្យាបាល។ បញ្ហាផ្លូវអារម្មណ៍ដូចជាថប់អារម្មណ៍ និងស្រ្តេសហើយបញ្ហាផ្នែករាងកាយ ដូចជា ចង់ក្អួត និងអស់កម្លាំង អាចធ្វើឲ្យស្រកគីឡូបាន។
៤-គ្រប់គ្រងអាការៈស្រកទម្ងន់តាមរយៈអាហារ
– ញ៉ាំអាហារមានជាតិប្រូតេអ៊ីន និងកាឡូរីខ្ពស់
– ញ៉ាំអាហារតិចៗ ឲ្យបានច្រើនពេល ល្អជាងញ៉ាំតែ ៣ពេល តែច្រើនៗ។
– ញ៉ាំអាហារឲ្យទៀងពេល មិនគួរចាំដល់ពេលឃ្លានទើបញ៉ាំនោះទេ ព្រោះអាចធ្វើឲ្យមិនឃ្លានតែម្តង នាំឲ្យរាងកាយទទួលបានជីវជាតិមិនគ្រប់គ្រាន់។
៥-ហាត់ប្រាណ
ការហាត់ប្រាណអាចជួយឲ្យយើងឆាប់ឃ្លាន ហើយញ៉ាំបានច្រើន។ គួររើសយកលំហាត់ប្រាណស្រាលៗ ដូចជា ជិះកង់ និងហែលទឹក។ វិធីលំហាត់ប្រាណ បញ្ចេញសកម្មភាពខ្លាំងៗដូចជា បាល់បោះ ឬបាល់ទាត់ គួរតែកុំល្អជាង។
៦-ពិគ្រោះជាមួយអ្នកជំនាញ
អាចពិភាក្សាបញ្ហានេះជាមួយគ្រូពេទ្យ ឬអ្នកជំនាញខាងផ្នែកអាហារ ព្រោះអ្នកជំនាញទាំងនេះ អាចជួយយើងរកមូលហេតុនៃការស្រកគីឡូ ឬឡើងគីឡូ ហើយនិងរបៀបដោះស្រាយ។
៧-ប្រើតិចនិកពិសេស
បើមិនអាចញ៉ាំតាមមាត់បាន អាចញ៉ាំតាមបំពង់សុងអាហារ តែចាំគ្រូពេទ្យណែនាំចាំធ្វើ។ ការរក្សាទម្ងន់ឲ្យបានថេរ គឺសំខាន់ណាស់ ជាពិសេសពេលព្យាបាលមហារីកសុដន់រួច ព្រោះអាចជួយកាត់បន្ថយបញ្ហាសុខភាពមួយចំនួន ដូចជា កាត់បន្ថយហានិភ័យនាំឲ្យលាប់ជំងឺមហារីកសុដន់ឡើងវិញ។ ដូចនេះ បើដឹងខ្លួនថាលើសគីឡូសូមព្យាយាមសម្រក ហើយបើស្រកគីឡូ សូមព្យាយាមញ៉ាំឲ្យបានគ្រប់គ្រាន់ដើម្បីឲ្យឡើងគីឡូវិញ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕