កើតទឹកនោមផ្អែម បើសាកព្យាបាលដោយឱសថបុរាណ ប្រៀបនឹងសម្លាប់អ្នកជំងឺ

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

បើ​កើត​ទឹក​នោម​ផ្អែម ហើយ​ស្វែក​រក​ការ​ព្យាបាល​ដោយ​ឱសថ​បុរាណ ប្រៀប​នឹង​សម្លាប់​អ្នក​​ជំងឺ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​សាស្ត្រាចារ្យ​មហាបរិញ្ញា សេង សេរី ឯកទេស​ជំងឺ​ទឹក​នោម​​ផ្អែម។

លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​បង្រៀន​នៅ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​រូប​នេះ បន្ត​ថា អ្នក​ជំងឺ​ទឹក​នោមផ្អែម​ដែល​ធ្លាក់​ខ្លួន​ធ្ងន់ធ្ងរ ដោយសារ​តែ​ខ្វះ​ការ​ព្យាបាល​ត្រឹម​ត្រូវ​តាម​ក្បូន​ពេទ្យ ច្រើន​ជឿ​ការ​ផ្សព្វផ្សាយ​ពី​ការ​ព្យាបាល​ដោយ​ថ្នាំបុរាណ។ ការ​ជឿ​លើ​ថ្នាំ​បុរាណ មិន​ត្រឹម​តែធ្វើ​ឲ្យ​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ​នោះ​ទេ គឺ​ខាត​បង់​ទាំង​ពេល​វេលា ចំណាយ​លុយ​កាក់​ច្រើន ហើយ​ធ្លាក់​ខ្លួន​ពិការ​ទៀត។

“អ្នក​ជំងឺ​ច្រើន​តែ​ជឿ​ថា ស្លឹក​នេះ​ជាមួយ​ស្លឹក​នោះ ប្រើ​ទៅ​ជា​ទឹក​នោម​ផ្អែម ធ្វើ​អ៊ីចឹង​ដូច​សម្លាប់​អ្នក​ជំងឺ​វិញ​ទេ ដែល​យើង​ផ្សព្វផ្សាយ​បែប​ហ្នឹង បើ​គេ​ធ្វើ​អ៊ីចឹង​កើត ពិភព​លោក​គេ​មិន​ទុក​ឲ្យ​អ្នក​កើត​ទឹកនោម​ផ្អែម ដល់ ៥០០-៦០០ លាន​នាក់​នោះ​ទេ គេ​ព្យាបាល​ជា​ហើយ”។ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត រៀបរាប់។

អត្ថបទពាក់ព័ន្ធ៖ 

វេជ្ជបណ្ឌិត សេង សេរី
សាស្ត្រាចារ្យ​មហាបរិញ្ញា វេជ្ជបណ្ឌិត សេង សេរី ឯកទេស​ជំងឺ​ទឹក​នោមផ្អែម

ផ្ទុយ​មក​វិញ លោក​វេជ្ជបណ្ឌិត​ថា បើ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ដែល​ទទួល​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ ជាមួយ​គ្រូពេទ្យ​ជំនាញ ​អាច​រស់​បាន​យូរ​ដូច​មនុស្ស​ធម្មតា អាយុ​អាច​ដល់ ៧០-៨០ឆ្នាំ ធ្វើ​កិច្ចការងារ​អ្វី​ក៏​បាន។ ចំពោះ​អ្នក​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម ហើយ​មាន​ដំបៅ​ជើង ត្រូវ​កាត់​ជើង​ចោល ភាគ​ច្រើន​អ្នក​ជំងឺ​ទទួល​ការ​ព្យាបាល​មិន​បាន​ត្រឹម​ត្រូវ​ដូច​គ្នា។

ជា​ដំបូន្មាន​សម្រាប់​អ្នក​ជំងឺ​ទឹកនោម​ផ្អែម លោក​វេជ្ជបណ្ឌិត សេង សេរី ថា អ្ន​ក​ជំងឺ​ត្រូវ
ព្យាបាល​ឲ្យ​បាន​ជាប់​លាប់ តាម​ដាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​បាន​ត្រឹម​ត្រូវ ឧស្សហ៍​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ចំណែក​ចំណី​ចំណុក ត្រូវ​ចៀស​វាង​ពពួក​អាហារ​ណា​ផ្អែម​ខ្លាំង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Share now :

ត្រួតពិនិត្យថ្ងៃទី ខែ​ធ្នូ 17, 2019 | កែសម្រួលចុងក្រោយ ខែ​ធ្នូ 17, 2019

អ្នកអាចចូលចិត្ត