
និយមន័យ
១- អ្វីជាជំងឺខ្វាក់មាន់?
ជំងឺខ្វាក់មាន់ អាចហៅបានថា ជំងឺ Nyctalopia សំដៅលើការខូចខាតគំហើញ ដោយអ្នកជំងឺខ្វាក់មាន់ គឺខ្សោយគំហើញនៅពេលយប់ និងនៅទីកន្លែងមិនសូវមានពន្លឺ។ ពាក្យថាខ្វាក់មាន់ មិនមែនបានន័យថា មិនអាចមើលឃើញនៅពេលយប់នោះទេ គ្រប់តែពិបាកមើលនៅទីងងឹតប៉ុណ្ណោះ។
២- ជំងឺខ្វាក់មាន់កើតឡើងញឹកញាប់ដែរទេ?
ជំងឺខ្វាក់មាន់ កើតឡើងជាញឹកញាប់ណាស់។ ពិភាក្សាជាមួយគ្រូពេទ្យ សម្រាប់ព័ត៌មានបន្ថែម។
រោគសញ្ញា
៣- រោគសញ្ញាជំងឺខ្វាក់មាន់មានអ្វីខ្លះ?
រោគសញ្ញាតែមួយគត់របស់ជំងឺខ្វាក់មាន់ គឺពិបាកមើលនៅកន្លែងងងឹត។ អាការៈខ្វាក់មាន់ អាចកើតឡើងនៅពេលយើងចេញពីកន្លែងភ្លឺខ្លាំង ទៅកាន់កន្លែងមានពន្លឺតិចភា្លមៗ។ យើងក៏អាចមានអាការៈខ្វាក់មាន់ នៅពេលបើកបរដោយសារតែពន្លឺភ្លឹបភ្លែតរបស់ពន្លឺភ្លើងយានយន្តចរាចរនៅតាមដងផ្លូវ។
អាចមានរោគសញ្ញាខ្លះទៀតមិនបានរៀបរាប់នៅខាងលើ។ បើសិនជាមានចម្ងល់ ឬក្តីបារម្ភណាមួយ សូមទៅពិគ្រោះជាមួយគ្រូពេទ្យ។
៤- ពេលណាត្រូវជួបគ្រូពេទ្យ?
បើមានរោគសញ្ញាបានរៀបរាប់ខាងលើ ឬមានសំណួរ ក្តីបារម្ភអ្វីមួយ សូមពិគ្រោះជាមួយគ្រូពេទ្យ។ រាងកាយមនុស្សម្នាក់ៗមានលក្ខណៈខុសៗគ្នា អ្វីល្អបំផុតត្រូវជួបគ្រូពេទ្យដើម្បីប្រឹក្សា និងពិនិត្យឲ្យបានទាន់ពេល។
មូលហេតុបង្ក
៥- អ្វីខ្លះជាមូលហេតុបង្កឲ្យមានជំងឺខ្វាក់មាន់?
បញ្ហាបណ្តាលមកពីកោសិកានៅក្នុងស្រទាប់រ៉េទីនក្នុងកែវភ្នែកមានបញ្ហា ធ្វើឲ្យយើងមើលមិនឃើញនៅកន្លែងងងឹត។ ខណៈមូលហេតុធ្វើឲ្យខូច ឬខ្សោយស្រទាប់រ៉េទីនមានដូចជា៖
– រលាកស្រទាប់រ៉េទីនភ្នែក
– ទឹកដក់ក្នុងបាតភ្នែក
– ថ្នាំទឹកដក់ក្នុងបាត ភ្នែកដែលធ្វើឲ្យកូនក្រមុំរួម
– ភ្នែកឡើងបាយ
– ទឹកនោមផ្អែម
– ជំងឺ Retinitis Pigmentosa (ជំងឺសេនេទិច ធ្វើឲ្យខូចកោសិការ៉េទីន)
– កង្វះវីតាមីន A
– ជំងឺ Keratoconus
អត្ថបទពាក់ព័ន្ធ៖
កត្តាហានិភ័យ
៦- កត្តាប្រឈមនាំឲ្យមានកើតជំងឺខ្វាក់មាន់មានអ្វីខ្លះ?
មនុស្សចាស់ងាយកើតភ្នែកឡើងបាយ ដូច្នោះហើយមនុស្សចាស់ងាយនិងកើតជំងឺខ្វាក់មាន់ជាងក្មេង បើសិនជាមានបញ្ហាភ្នែកឡើងបាយ។
គ្នាយើងមានបញ្ហាលំពែង ដូចជា Cystic Fibrosis (ជំងឺវិបត្តិសេនេទិច) ពិបាកស្រូបយកសារធាតុខ្លាញ់ នឹងងាយប្រឈមខ្វះវីតាមីន A ពីព្រោះវីតាមីន A រលាយនៅក្នងខ្លាញ់ ហេតុនេះទើបប្រឈមខ្ពស់ កើតជំងឺខ្វាក់មាន់។ បញ្ហាសុខភាពផ្សេងទៀត ដូចជាជាតិស្ករខ្ពស់នៅក្នុងឈាម ឬទឹកនោមផ្អែម ងាយនឹងមានជំងឺភ្នែក ដូចជា ភ្នែកឡើងបាយ។
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះ មិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
គ្រូពេទ្យភ្នែកនឹងសាកសួរអំពីប្រវតិ្តជំងឺ ក៏ដូចជាធ្វើតេស្តភ្នែក ហើយក៏អាចធ្វើតេស្តឈាម ព្រោះការធ្វើតេស្តឈាម អាចឲ្យដឹងពីកម្រិតវីតាមីន A និងជាតិស្ករបាន។
៨- ព្យាបាលដោយវិធីណា?
ជំងឺខ្វាក់មាន់ បង្កមកពីម្ញ៉ូបឆ្ងាយ ភ្នែកឡើងបាយ ឬការកង្វះវីតាមីន A អាចព្យាបាលជាសះស្បើយ។ ការពាក់ឡេន ឬវ៉ែនតា អាចជួយឲ្យមើលបានច្បាស់ល្អចំពោះគ្នាយើងម្ញ៉ូបឆ្ងាយ។ ត្រូវទៅជួបពេទ្យបើសិនជាការពាក់វ៉ែនតា ឬឡេន នៅតែមិនអាចមើកឃើញច្បាស់ល្អ។
– ភ្នែកឡើងបាយ៖ បាយភ្នែក គឺកញ្ចក់ភ្នែកឡើងស្រអាប់ ហើយអាចព្យាបាលបានដោយការវះកាត់។ ពេទ្យនឹងប្តូរឡេនភ្នែកស្រអាប់ចេញ ជំនួសឡេនថ្លាថ្មី។ យើងនឹងមានអារម្មណ៍ថា មើលច្បាស់ល្អក្រោយធ្វើការវះកាត់។
– កង្វះវីតាមីន A៖ បើសិនជាកម្រិតវីតាមីន A ទាប ពេទ្យនឹងផ្តល់ថ្នាំបំប៉នវីតាមីន A ដោយត្រូវប្រើប្រាស់ថ្នាំទៅតាមការណែនាំ។
– ខូចខាតហ្សែន៖ ករណីខូចហ្សែនបង្កឲ្យកើតជំងឺខ្វាក់មាន់ ដូចជាបញ្ហា Retinitis Pigmentosa មិនអាចព្យាបាលបាននោះទេ។ គ្នាយើងមានជំងឺប្រភេទនេះ ពុំគួរបើកបរពេលយប់នោះដែរ។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅ
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលតាមផ្ទះ អាចគ្រប់គ្រង និងបង្ការជំងឺខ្វាក់មាន់បានដូចខ្លះ បើទោះជាមិនអាច បង្ការជំងឺខ្វាក់មាន់ពីកំណើត ដូចជាជំងឺ Usher Syndrome ក៏ដោយ។ ប៉ុន្តែយើងនៅតែអាចគ្រប់គ្រងកម្រិតជាតិស្ករ និងរបបអាហារឲ្យមានតុល្យភាព ដើម្បីបង្ការកុំឲ្យកើតខ្វាក់មាន់។
ញ៉ាំអាហារមានវីតាមីន និងជាតិរ៉ែ អាចបង្ការកុំឲ្យកើតភ្នែកឡើងបាយ។ ត្រូវញ៉ាំអាហារដែលសម្បូរវីតាមីន A ដើម្បីបង្ការកុំឲ្យកើតខា្វក់មាន់ ពិសេសពពួកអាហារមានពណ៍ទឹកក្រូច សុទ្ធតែសម្បូរវីតាមីន A ខ្ពស់ដូចជា៖
– ត្រសក់ស្រូវលឿង
– ដំឡូងជ្វា
– ការ៉ុត
– ល្ពៅ
– ស្វាយ
វីតាមីន A ក៏មាននៅក្នុងបន្លែ និងអាហារមួយចំនួនទៀតដូចជា៖
– បន្លែស្លឹកបៃតង
– ខាត់ណា
– ទឹកដោះគោ
– ស៊ុត។
បើសិនជាយើងមានជំងឺខ្វាក់មាន់ គួរប្រុងប្រយ័ត្នចំពោះសុវតិ្ថភាពរបស់ខ្លួនឯង និងអ្នកដទៃ។ សូមកុំបើកបរនៅពេលយប់ លុះត្រាតែទទួលបានការព្យាបាលត្រឹមត្រូវ។ គួរបើកបរតែនៅពេលថ្ងៃ និងត្រូវពាក់វ៉ែនតា ឬមួកជួយការពារពីពន្លឺភ្លឺខ្លាំង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Groupមិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕