មូលហេតុ​ទាំង​៦​ ​ធ្វើ​ឲ្យ​យើង​ភ្ញាក់​ពី​គេង​​ទាំង​កណ្ដាល​យប់​

    មូលហេតុ​ទាំង​៦​ ​ធ្វើ​ឲ្យ​យើង​ភ្ញាក់​ពី​គេង​​ទាំង​កណ្ដាល​យប់​

    នៅ​ពេល​​យើង​​ភ្ញាក់​​ពី​គេង​ទាំង​កណ្ដាល​យប់ យើង​ច្បាស់​ជា​មាន​អារម្មណ៍​ឈឺក្បាល​ ឬ​គេង​មិន​បាន​ស្កប់ស្កល់​​នៅ​ពេល​ព្រឹក​មិន​ខាន​ បើ​ទោះ​បី​ជា​យើង​គេង​បាន​៧​ ទៅ៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ក៏​ពិត​មែន។​ ​តាម​ការ​សិក្សា​ ដែល​ធ្វើ​ឡើង​ដោយ​ទស្សនាវដ្ដី Sleep Medicine ទៅ​លើ​​អ្នក​ចូលរួម​​ចំនួន​៨០០០​នាក់​ បាន​បង្ហាញ​ថា​ មាន​មនុស្ស​ច្រើន​ជាង​៤០%​ កំពុង​តែ​ប្រឈម​ទៅ​នឹង​ការ​ភ្ញាក់​​​ដឹង​ខ្លួន​​នៅ​​កណ្ដាល​យប់។​ ​​យ៉ាងណា​មិញ​ ដើម្បី​កែខៃ​ទម្លាប់​គេង​ដ៏​រំខាន​​មួយ​នេះ​​ យើង​ចាំបាច់​​ត្រូវ​​ដឹង​អំពី​មូលហេតុ​​បង្ក​ជាមុន​សិន​ ដើម្បី​ចៀសវាង​ប្រឈម​នឹង​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​នៅ​ពេល​ក្រោយ​។

    . បរិយាកាស​បន្ទប់គេង

    ពិត​ណាស់​ ការ​ផ្លាស់ប្ដូរ​សីតុណ្ហភាព​ញឹកញាប់​ពេក​នៅ​ពេល​យប់​ អាច​បង្ក​ឲ្យ​មាន​ការ​រំខាន​ដល់​ការ​គេង​របស់​យើង​។​ កត្តា​ដទៃ​ទៀត​​ ដូចជា​គ្រែ​គេង​ សំឡេង​រំខាន​ ​ពន្លឺ​ភ្លឺ​ពេក​ ឬ​មូស​ជាដើម​ ក៏​អាច​​ធ្វើ​ឲ្យ​យើង​ភ្ញាក់​ទាំង​កណ្ដាលយប់​​​ផង​ដែរ។​ ដូចនេះ​ យើង​អាច​ប្រើ​របាំង​​បិទ​​ភ្នែក​ ឬ​ឧបករណ៍​ទប់​សំឡេង​​រំខាន​​ ​​ដើម្បី​​ទទួល​បាន​ដំណេក​ស្កប់ស្កល់​ពេញ​មួយ​យប់​។

    . ទម្លាប់​មិន​ល្អ​​ក្នុង​ការ​គេង​

    ប្រសិនបើ​​យើង​ចង់​គេង​លក់​​​ស្រួល​ ដោយ​មិន​ចាំបាច់​ភ្ញាក់​ទាំង​យប់​ យើង​ចាំបាច់​ត្រូវ​រក្សា​ទម្លាប់​ល្អ​នៅ​ពេល​គេង ដោយ​ចៀសវាង​​ការ​គេង​នៅ​ពេល​រសៀល​ ឬ​ការ​ធ្វើការ​រហូត​ដល់​យប់​ជ្រៅ​ ក៏​ដូចជា​ការ​ប្ដូរ​វេន​ការងារ​​ជាដើម​។ លើស​ពី​នេះ​ ការ​ញ៉ាំ​តែ​ ឬ​កាហ្វេ​ ក៏​ដូចជា​ទឹក​ច្រើន​ពេក​​ ក៏​អាច​ធ្វើ​ឲ្យ​ប្លោក​នោម​​របស់​យើង​ពេញ​នៅ​ពេល​យប់​ជ្រៅ​ ដែល​តម្រូវ​ឲ្យ​យើង​ត្រូវ​ចូល​បន្ទប់​ទឹក​ញឹកញាប់​។​

    . លក្ខខណ្ឌ​វេជ្ជសាស្ត្រ

    ​​ជា​ទូទៅ​ ​​មាន​លក្ខខ័ណ្ឌ​វេជ្ជសាស្ត្រ​ជាច្រើន​ ​ដែល​បណ្ដាល​ឲ្យ​ភ្ញាក់​ពី​គេង​ទាំង​យប់​ ​ដូចជា​បញ្ហា​គេងបាត់​​ដង្ហើម​​ (Obstructive Sleep Apnoea) បញ្ហា​បេះដូង​ ឬ​សួត​ ​កត្តា​សរសៃ​ប្រសាទ​ ការ​ឈឺចាប់​ និង​ជំងឺ​ទឹក​នោម​ផ្អែម​ជាដើម​។​ ​បន្ថែម​ពី​នេះ​ កត្តា​ថ្នាំ​ពេទ្យ​ក៏​អាច​ជះឥទ្ធិពល​ដល់​ការ​គេង​របស់​យើង​ផង​ដែរ​។

    ភ្ញាក់ពីគេង២

    . បញ្ហាផ្លូវ​ចិត្ត​

    ​​ដូច​គ្នា​​ដែរ​ បញ្ហា​ស្រ្តេស​​ ក៏​អាច​ធ្វើ​​ឲ្យ​យើង​មាន​អាការៈ​គេង​មិន​លក់ (Insomnia) ​ដែរ​។​ ​​ការ​ថប់បារម្ភ​ ​ក៏​ដូចជា​​ភាព​តានតឹង​នៅ​ក្នុង​រាងកាយ​ និងផ្លូវ​​ចិត្ត​ បាន​ដាក់​សម្ពាធ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ការ​គេង​របស់​​យើង​។​ ​លើស​ពី​នេះ​ បញ្ហា​ស្ត្រេស​ក្រោយ​ប៉ះទង្គិច​ផ្លូវ​ចិត្ត​ ​ក៏​មាន​ការ​ពាក់ព័ន្ធ​ទៅ​នឹង​សុបិន​​អាក្រក់​ រួម​ទាំង​ការ​ភ្ញាក់​ពី​គេង​ពាក់​កណ្ដាលយប់​ញឹកញាប់​ផង​ដែរ​។

    . លេង​ទូរសព្ទ​ដៃ​មុន​ពេល​គេង​​​​​

    ជា​ធម្មតា​ ​មនុស្ស​យើង​ភាគ​ច្រើន​ ចូលចិត្ត​ប្រើ​ទូរសព្ទ​ដៃ​ ឬ​កុំព្យូទ័រ​យួរ​ដៃ​ មុន​ពេល​ចូល​គេង​។ កត្តា​នេះ​ មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​​សុខភាព​រាងកាយ​ប៉ុណ្ណោះ​ទេ​ វា​ក៏​ផ្ដល់​ផល​អវិជ្ជមាន​ដល់​សុខភាព​ផ្លូវ​ចិត្ត​ដូច​គ្នា​ដែរ។​ យោង​តាម​ការ​សិក្សា​មួយ​​ បាន​បង្ហាញ​ថា​ អ្នក​ដែល​ប្រើ​ទូរសព្ទ​ មុន​ពេល​ចូល​គេង​ អាច​នឹង​កើត​មាន​បញ្ហា​គេង​មិន​លក់​ ឬ​​គេង​មិន​គ្រប់គ្រាន់​ (Sleep deprivation) ដែល​អាច​ធ្វើ​ឲ្យ​យើង​​នឿយ​ហត់​ផ្លូវ​ចិត្ត​ ឬ​​ថយ​ចុះ​នៃ​ការ​ផ្ដោត​អារម្មណ៍​​ និង​ផលិត​ភាព​ថែម​ទៀត​ផង​។

    . ពិបាក​ក្នុង​ការ​រំលាយ​អាហារ

    ​​​​​​​ការ​ញ៉ាំ​អាហារ​ច្រើន​ពេក​ ឬ​ហិល​ពេក​នៅ​ពេល​​ជិត​ចូល​គេង​ ​អាច​​មាន​​ផល​ប៉ះពាល់​ដល់​ការ​គេង​​ ​​ក៏​ដូចជា​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​រំលាយ​អាហារ​​​ផង​ដែរ​។​ បញ្ហា​នេះ​​បណ្ដាល​ឲ្យ​យើង​​មាន​អាការៈ​ហើម​ពោះ​ និង​​មាន​ជាតិ​​ហ្គាស​ ​ដែល​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​គេងលក់​ស្កប់ស្កល់​ ក៏​ដូចជា​ភ្ញាក់​​ដឹង​ខ្លួន​​នៅ​ពេល​កណ្ដាល​យប់​។​​​​​

    តិចនិក​ជួយ​ឲ្យ​យើង​គេង​លក់​ស្រួល​

    • កុំ​​ទុក​ទូរសព្ទ​នៅ​ជិត​ខ្លួន​​
    • ស្ដាប់​ចម្រៀង​បែប​មនោសញ្ចេតនា​ មុន​ពេល​ចូល​គេង​
    • ងូត​ទឹក​ក្ដៅ​ឧណ្ហ​ៗ​
    • ហាត់​យ៉ូហ្កា​បែប​ងាយៗ​
    • ញ៉ាំ​អាហារ​តិចតួច​ និង​កុំ​ញ៉ាំ​ទឹក​ច្រើន​ពេក​ មុន​ពេល​ចូល​គេង​។​​

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://www.healthshots.com/preventive-care/self-care/6-reasons-why-you-keep-waking-up-in-the-middle-of-the-night/

    https://www.medicalnewstoday.com/articles/325294

    Why do I wake up at the same time every night? – https://health.osu.edu/health/general-health/why-do-i-wake-up-at-the-same-time-every-night
    11 Reasons Why You Wake in the Middle of the Night – https://restonic.com/blog/why-you-wake-up-middle-of-the-night-5737
    Waking Up In the Middle of the Night? 15 Reasons You Can’t – https://www.prevention.com/health/a20511394/why-you-wake-night/

     

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 2 ថ្ងៃកន្លងទៅ
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត