ពិបាក​គេង​លក់ សាក​វិធី​សាមញ្ញ​នេះ អាចបាន​ផល

    ពិបាក​គេង​លក់ សាក​វិធី​សាមញ្ញ​នេះ អាចបាន​ផល

    មនុស្ស​ជា​ច្រើន អាច​មាន​​អារម្មណ៍​រសាប់​រសល់ គេង​មិន​លក់ ហើយ​ក៏​ដោះ​ស្រាយ​តាម​វិធី​រៀង​ៗ​ខ្លួន​​ ដូច​​ជា​ អាន​សៀវភៅ ញ៉ាំ​ទឹក​ដោះ​គោ​​​ក្តៅ​ឧណ្ហ​​ៗ ពេល​ខ្លះ​នៅ​តែ​មិន​មាន​ផល។ តែ​ពេល​​នេះ​ ការ​ស្រាវជ្រាវ​​ថ្មី​នៅ​ប្រទេស​ហូឡង់ បាន​រក​ឃើញបញ្ហា​​សាមញ្ញ​តូច​មួយ ដែល​យើង​អាច​យក​ចិត្ត​ទុក​ដាក់​បន្តិ​ច នឹង​អាច​ដោះ​ស្រាយ​បញ្ហា​គេ​ងអត់​លក់​បាន។

    ​​ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ​​វេជ្ជសាស្រ្ត​ក្រុង Amsterdam ប្រទេស​ហូឡង់ បាន​ធ្វើ​បទ​បង្ហាញ​អំពី​បម្រែ​បម្រួល​តូច​មួយ​ដែល​ពួក​គេ​រក​ឃើញពាក់ព័ន្ធ​នឹងការ​ពិបាកគេង។ បទ​បង្ហាញ​​នៅ​ចំពោះ​មុខ អ្នក​ជំនាញ​សុខភាព​ជា​ច្រើន​នាក់​នៅទី​ក្រុង ​លីយ៉ុង ប្រទេស​បារាំង​ បង្ហាញ​ថា បញ្ហា​នោះ​គឺ ​ពន្លឺ​​ពណ៌​ខៀវ (Blue Light) ចេញ​ពី​អេក្រង់​ទូរសព្ទ ថេប្លេត កុំព្យូទ័រ ព្រោះ​​មិន​ថា យុវជន​ ក្មេង​វ័យ​ជំទង់ទេ ក្នុង​សម័យ​នេះ មាន​ទម្លាប់​សម្លឹង​មើល​អេក្រង់​មុន​ចូល​គេង។

    ការ​លើក​ឡើង​បែប​នេះ បន្ទា​ប់​ពី​​ក្រុម​ស្រាវជ្រាវ​ បាន​​ពិសោធ​លើ​យុវជន​ ហូឡង់​ ស្ម័គ្រ​ចិត្ត​ចំនួន ៥៥​នាក់ អាយុ​ចាប់​ពី ១២-​១៧ ​ឆ្នាំ​។ ហើយ​យុវជន​ទាំង​នេះ សុទ្ធ​តែ​មាន​ទម្លាប់​ចំណាយ​ពេល​​ចុច​ទូរសព្ទ និង​សម្លឹង​មើល​ទូរសព្ទ​ផ្សេង​ៗ​​គ្នា។ ក្រុម​អ្នក​វិទ្យាសាស្រ្ត​បាន​ដាក់​ម៉ាស៊ីន​តូច​តាម​ដាន​​ដំណេក​របស់​ពួក​គេ ដោយ​រកឃើញ​ថា យុវជនទម្លាប់​មើល​ទូរសព្ទ​​យូរ​ម៉ោង​មុន​គេង មាន​ផល​ប៉ះ​ពាល់​លើ​អ័រម៉ូន​​មេឡាតូនីន ​(អ័រម៉ូន​​ដំណេក)​ ច្រើន ធ្វើ​ឲ្យ​កម្រិត​នៃ​ការ​គេង​លក់​ស្កប់​ស្កល់​របស់​គេ​បាន​តិច​តួច​ប៉ុណ្ណោះ​។

    ដោយ​ឡែក នៅ​ពេល​អ្នក​ស្រាវជ្រាវ ​បាន​ផ្តល់​វ៉ែន​តា​​ពិសេស​សម្រាប់​បន្ថយ​ពន្លឺ​អេក្រង់​​ Blue Light ពួក​គេ​ឃើញ​កម្រិត​គេង​មិន​លក់​ក៏​បាន​កាត់​បន្ថយ​​។

    ចុចទូរស័ព្ទ១

    ជា​មួយ​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត Dirk Jan Stenvers សាស្រ្តាចារ្យ​ដឹក​នាំ​ការ​ស្រាវជ្រាវ​ខាង​លើ បាន​និយាយ​ថា យុវជន​​​បច្ចុប្បន្ន​មាន​ទំនោរ​មើល​ទូរសព្ទ​​ច្រើន ធ្វើ​ឲ្យ​ពួក​គេ​មិន​សូវ​បាន ចំណាយ​ពេល​ ចំណាយ​អារម្មណ៍​ផ្តោត​លើ​បរិស្ថាន​ និង​សកម្មភាព​ជុំ​វិញ​ខ្លួន​ឡើយ ហើយ​ជា​ពិសេស​ពេល​មុន​ចូល​គេង​។

    អត្ថបទពាក់ព័ន្ធ៖

    ដោយ​លើក​ឡើង​បែប​នេះ ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​ប្រទេស​ហូឡង់ បាន​ណែ​នាំ​ឲ្យ​ម៉ាក់ប៉ា​គ្រប់​រូប ក៏​ដូច​ជា​យុវជន​ គួរ​បន្ថយ​​ការ​សម្លឹង​មើល​ទូរសព្ទ​​ ​តាម​ដែល​អាច​ធ្វើ​បាន ពិសេស​មុន​ចូល​គេង​ ២​ម៉ោង ពុំ​គួរ​​សម្លឹង​មើល​ឡើយ។ លោក​វេជ្ជបណ្ឌិត Dirk Jan Stenvers ​បាន​បន្ថែម​ថា បើ​សិន​ធ្វើ​បាន នោះ​យើងនឹង​ឃើញ​ប្រសិទ្ធភាព​ ក៏​ដូច​ជា​ឃើញ​​អត្ថប្រយោជន៍​នៃ​ដំណេក​លក់​ស្កប់​ស្កល់​ ដូច​ដែល​យើង​ដឹង​ស្រាប់​នោះ​ គឺស្រស់​ថ្លា មិន​ហត់​អស់​កម្លាំង អារម្មណ៍​មូល​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​បាន​ល្អ៕ ​​​​​​​​​​​​​​

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ មាន រតនា កែសម្រួល​ចុងក្រោយ 03/06/2019
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត