backup og meta

អ្នកវិទ្យាសាស្រ្តវះកាត់ប្ដូរតម្រងនោមមនុស្ស ដាក់​តម្រង​នោម​ជ្រូកបានជោគជ័យ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jan 28, 2022

    អ្នកវិទ្យាសាស្រ្តវះកាត់ប្ដូរតម្រងនោមមនុស្ស ដាក់​តម្រង​នោម​ជ្រូកបានជោគជ័យ

    ក្រុម​អ្នក​វិទ្យាស្ត្រ​បាន​វះកាត់​ប្ដូរ​តម្រង​នោម​មនុស្ស​ដាក់​ជំនួស​ដោយ​​តម្រង​នោម​ជ្រូក​បាន​យ៉ាង​ជោគ​ជ័យ​ ដោយ​ថា​ក្រោយ​វះកាត់​ប្ដូរ​រួចហើយ តម្រង​នោម​ទាំង​ពីរ​បាន​ពី​ជ្រូក​ចិញ្ចឹម​បែប​បំប្លែង​ហ្សែន​ នេះ បាន​ដំណើរ​ការ​ជា​ប្រក្រតី​ ក្នុង​អំឡុង​ពេល​ពិសោធន៍​។

    ការពិសោធន៍​នេះ បាន​ធ្វើ​ឡើង​លើ​អ្នក​ជំងឺ​ស្លាប់​ខួរ​ក្បាល​ម្នាក់ និង​ក៏​ជា​អ្នក​ដែល​បាន​ចុះ​ឈ្មោះ​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​សរីរាង្គ​ផង​ដែរ ហើយ​ការ​ពិសោធន៍​នេះ​ក៏​បាន​ការ​អនុញ្ញាត​ពី​ក្រុម​គ្រួសារ​អ្នក​ជំងឺ​​ដែរ​។

    អ្នក​ជំងឺ​ស្លាប់​ខួរ​ក្បាលសំដៅ​ដល់​អ្នកជំងឺ​ដែល​អាច​រស់​រាន​មាន​ជីវិត​បាន​ដោយសារ​ម៉ាស៊ីន​ជំនួយ ហើយ​ខួរ​ក្បាល​មិន​មាន​ដំណើរ​ការ​ទៀត​នោះ​ទេ។ ការណ៍​នេះ​មាន​ន័យ​ថា​អ្នក​ជំងឺ​មិន​អាច​ដឹង​ខ្លួន​វិញ​បាន​ដែរ ហើយក៏​មិន​អាច​ដក​ដង្ហើម​ដោយ​គ្មាន​ម៉ាស៊ីន​ជំនួយ​ដែរ។ តាម​ច្បាប់​នៅ​ប្រទេស​មួយ​ចំនួន​ អ្នក​ជំងឺ​ស្លាប់​ខួរ​ក្បាល​ ត្រូវ​គេ​កំណត់​ថា​ជា​មនុស្ស​ស្លាប់​។

    ​លទ្ធផល​នៃ​ការ​ពិសោធន៍​នេះ បាន​ចុះ​ផ្សាយ​ក្នុង American Journal of Transplantationកាល​ពី​ថ្ងៃ​ទី២០ ខែ​មករា ឆ្នាំ​២០២២។ ក្រុម​អ្នក​វិទ្យាសាស្រ្ត​ក៏​មាន​បំណង​ធ្វើ​ការ​ពិសោធន៍​លើ​អ្នក​ជំងឺ​ធម្មតា​ផង​ដែរ ប៉ុន្តែ​ជា​ជំហាន​ដំបូង​ ក្រុម​អ្នក​វិទ្យាសាស្រ្ត​ ត្រូវ​ធ្វើ​លើ​អ្នក​ជំងឺ​ស្លាប់​ខួរ​ក្បាល​សិន​ដើម្បី​ដឹង​ពី​កម្រិត​សុវត្ថិ​ភាព និង​ស្រាយ​ចម្ងល់​មួយ​ចំនួន​បាន​។

    ប្ដូរតម្រងនោមជ្រូក

    ក្រុម​អ្នក​វិទ្យាសាស្រ្តបាន​តាម​ដាន​លើ​អាការៈ​របស់​អ្នក​ទទួលការ​ផ្លាស់​ប្ដូរ​តម្រង​នោម​នេះ​ជាច្រើន​ចំណុច ដូច​ជា​ថា​តើ​មាន​ប្រតិកម្ម​របស់​រាង​កាយ​មិន​ទទួល​យក​តម្រង​នោម​ជ្រូក​នេះ​ឬ​អត់​(ផ្សាំ​បរាជ័យ)​ មាន​ឆ្លង​វីរុស​ៗ​ផ្សេង​ៗ​ដែរ​ទេ និង​ក៏​ដូច​ជា​ផល​រំខាន​ដែល​អាច​កើត​ឡើង​ក្នុង​ដំណើរ​ការ​ប្ដូរ​តម្រង​នោម​ជ្រូក​ មក​មនុស្ស​។​ ​

    ​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០២១ ក្រុម​វេជ្ជបណ្ឌិត ក៏​បាន​ធ្វើ​ពិសោធន៍​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ លើ​អ្នក​ជំងឺ​ស្លាប់​ខួរ​ក្បាល តែ​កាល​នោះ​ធ្វើ​តែ​លើ​តម្រង​នោម​ម្ខាង និង​មិន​បាន​ដាក់​ចូល​ក្នុង​ខ្លួន​មនុស្ស​ដូច​ពេល​នេះ​ទេ ហើយ​ក៏​ឃើញ​ថា​តម្រង​នោម​បាន​ដំណើរ​ការ​ធម្មតា​ក្នុង​រយៈពេល​ពិសោធន៍​៥៤​ម៉ោង​។​ បើ​តាម​ការ​ពិសោធន៍ តម្រង​នោម​អាច​ចម្រោះ​ជាតិ​ពុល​ពី​ក្នុង​ឈាម​ និង​ផលិត​ទឹក​នោម​បាន​ដោយ​មិន​មាន​សញ្ញា​ពី​ការ​ផ្សាំ​បរាជ័យ​ឡើង​។

    តម្រង​នោម​ជ្រូក​ដែល​យក​មក​ប្រើ​ជំនួស​តម្រង​នោម​មនុស្ស​នេះ​ គឺ​បាន​ពី​ជ្រូក​ដែល​ក្រុម​ហ៊ុន​ចិញ្ចឹម​តាម​បែប​បំប្លែង​ហ្សែន។ ដូច​គ្នា​ដែរ កាល​ពី​ដើម​ខែ​មករា នេះក្រុម​អ្នក​វិទ្យាសាស្រ្ត​ក៏​បាន​ប្រកាស​ពី​ភាព​ជោគ​ជ័យ​លើ​ការ​ពិសោធន៍​ផ្លាស់​ប្ដូរ​បេះ​ដូង​មនុស្ស ជំនួស​ដោយ​បេះ​ដូង​ជ្រូក​នេះ​ផង​ដែរ​។

    អត្ថបទគួរ​អាន៖ 

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Jan 28, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម