សម័យបច្ចេកវិទ្យាទំនើប ពេលដឹងថាពពោះ ទាំងម៉ាក់ទាំងប៉ាសង្វាតទៅឆ្លុះអេកូណាស់ ដើម្បីបានដឹងពីការលូតលាស់របស់បេប៊ី បានឃើញពីសកម្មភាព ឬទម្រង់មុខមាត់កូនជាដើម។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
សម័យបច្ចេកវិទ្យាទំនើប ពេលដឹងថាពពោះ ទាំងម៉ាក់ទាំងប៉ាសង្វាតទៅឆ្លុះអេកូណាស់ ដើម្បីបានដឹងពីការលូតលាស់របស់បេប៊ី បានឃើញពីសកម្មភាព ឬទម្រង់មុខមាត់កូនជាដើម។
តើការឆ្លុះអេកូញឹកញាប់ពេកអាចប៉ះពាល់ដល់កូនក្នុងផ្ទៃអត់? អំឡុងពពោះម៉ាក់ៗត្រូវឆ្លុះអេកូប៉ុន្មានដងទើបល្អ? ការពិនិត្យអេកូមួយលើកៗមានប្រយោជន៍អ្វីខ្លះ?
ការពិនិត្យអេកូសាស្ត្រគឺដើម្បីបានដឹងពីការវិវត្តនៃគភ៌ ដឹងពីហានិភ័យដែលកើតមានលើបេប៊ី និងម្តាយ។ ការពិនិត្យអេកូមិនបង្កការឈឺចាប់ ពុំមានផលប៉ះពាល់ដល់កូនក្នុងពោះម៉ាក់ៗឡើយ ទោះពិនិត្យច្រើនដងក៏ដោយ ឯលទ្ធផលក៏សុក្រិត្យ។
ជាធម្មតាយើងត្រូវទៅពិនិត្យអេកូឲ្យបាន ៤-៥ ដង គ្រប់គ្រាន់ហើយ ការពិនិត្យច្រើនជាងនេះលុះត្រាមានបញ្ហាមិនប្រក្រតីប៉ុណ្ណោះ នេះបើតាមការបកស្រាយរបស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ។
តើត្រូវទៅពិនិត្យអេកូនៅពេលណាខ្លះ?
លើកទី១៖ ពេលបាត់រដូវភ្លាម ម៉ាក់អាចពិនិត្យទឹកនោម និងមើលអេកូ ដើម្បីច្បាស់ថា មានបេប៊ី ហើយការពិនិត្យអេកូនឹងដឹងច្បាស់ថា កូនយើងនៅក្នុង ឬក្រៅស្បូន។
លើកទី២៖ ពេលម៉ាក់ៗពពោះបាន ១២-១៥ សប្តាហ៍។ ការពិនិត្យក្នុងអំឡុងនេះ ដើម្បីដឹងថា ម៉ាក់ៗមានកូនតែមួយ ឬក៏ភ្លោះ ថ្ងៃសម្រាលពេលណា និងរកភាពមិនប្រក្រតីរបស់គភ៌។
លើកទី៣៖ ពេលគភ៌អាយុបាន ២៣-២៥ សប្តាហ៍។ ការពិនិត្យអេកូលើកទី៣នេះ គ្រូពេទ្យនឹងមើល លម្អិតពីសរីរាង្គរបស់កូនយើង ក្នុងនោះមាន ខួរក្បាល តើមានទឹកដក់ក្នុងខួរក្បាលអត់? អាអូនមានគ្រប់លក្ខណៈ ឬក៏មានឆែបមាត់? បេះដូងប្រហោងអត់? សួត ថ្លើម ក្រលៀន ក្រពះ ពោះវៀន ប្លោកនោម ពេញលក្ខណៈទេ? ដៃជើងមានគ្រប់នៅ? អ្វីដែលម៉ាក់ប៉ារំភើបនោះ មើលអេកូពេលនេះ ដឹងភេទបេប៊ីច្បាស់ហើយ។
លើកទី៤៖ នៅចន្លោះពីសប្តាហ៍ ៣៣-៣៥។ មិនដូចការពិនិត្យលើកមុនទេ គ្រូពេទ្យនឹងមើលពីការលូតលាស់ និងសុខភាពបេប៊ី ទម្រង់-ទម្ងន់កូន ទីតាំងសុក បរិមាណ ទឹកភ្លោះ និងបញ្ហាផ្សេងៗ ទៀត។
លើកទី៥៖ កៀកថ្ងៃសម្រាល។ ការមើលអេកូចុងក្រោយនេះ ដើម្បីតាមដានសុខភាពបេប៊ីតើមានខ្សោយឬអត់? ទម្ងន់បានប៉ុន្មាន? មើលទឹកភ្លោះ តើអស់ទឹកភ្លោះទេ? ទឹកភ្លោះតិច ឬច្រើន។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ