១- ជក់បារី
“Hello គ្រូពេទ្យ” សង្ឃឹមថា ស្រីៗគ្នាយើងមិនមែនអ្នកជក់បារីទៅចុះ! បើសិនគ្នាយើងណាម្នាក់ជក់បារីវិញនោះ ក៏ជាពេលវេលាស័ក្ដិសមបំផុតត្រូវផ្តាច់បារីហើយ។ វាមិនមែនសម្រាប់តែសុខភាពយើងទេ ក៏ដើម្បីអូនៗមានសុខភាពល្អដែរ។ អាចព្យាយាមពិភាក្សាជាមួយគ្រូពេទ្យពីវិធីផ្តាច់បារីល្អបំផុតសម្រាប់យើង។
យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងប្រឆាំងជំងឺឆ្លងនៅអាមេរិក CDC ស្រីៗជក់បារីអំឡុងពេលពពោះ កាន់តែប្រឈមការរលូតកូន ខណៈគភ៌ក្នុងផ្ទៃក៏ប្រឈមកាន់តែខ្លាំងជាមួយការពិការពីកំណើតថែមទៀតផង ដូចជា ករណីឆែបបបូរមាត់ ឬឆែបក្រអូមមាត់ កើតមុនខែ កើតមិនគ្រប់គីឡូ និងស្លាប់ក្នុងផ្ទៃតែម្តង។ លើសពីនេះ ទារកសម្រាលចេញពីម្តាយជក់បារី កាន់តែប្រឈមខ្លាំងជាមួយពិការភាពសតិបញ្ហាទៀតផង។
ជក់បារីអំឡុងពេលពពោះ និងក្រោយពេលសម្រាល ក៏ជាកត្តានាំឲ្យហានិភ័យកូនស្លាប់ភ្លាមៗ (SIDS) កើនខ្ពស់ទៀតផង។ បន្ថែមពីលើនេះ បេប៊ីកើតចេញពីផ្ទៃម៉ាក់ៗជក់បារី កាន់តែមានទំនោរជក់បារីនៅពេលធំឡើង និងឈានទៅដល់ញៀនជាតិនីកូទីនក្នុងបារីតែម្តង។
ក្រៅពីបារី បារីសប្បនិម្មិត ឬបារីអេឡិចត្រូនិក ក៏ត្រូវគេអះអាង បង្កជាបញ្ហាប្រឈមខ្លាំង ដូចគ្នាទៅនឹងបារីដែរ ដោយសារបារីអេឡិចត្រូនិក ក៏មានផ្ទុកជាតិនីកូទីន ដែលគ្មានសុវត្ថិភាពសម្រាប់ស្រីៗកំពុងពពោះនោះទេ។ សារធាតុនេះ បង្កគ្រោះថ្នាក់ខ្លាំងចំពោះសុខភាព និងការអភិវឌ្ឍរបស់គភ៌ក្នុងផ្ទៃ អាចបំផ្លាញការអភិវឌ្ឍខួរក្បាល និងសួតរបស់អូនៗបាន។
២- ផឹកគ្រឿងស្រវឹង
គ្មានសារធាតុអាល់កុល ឬគ្រឿងស្រវឹងណាមួយមានសុវត្ថិភាពអំឡុងពេលពពោះនោះទេ នេះបើតាមការបញ្ជាក់ពី CDC នៅអាមេរិក។ ជាមួយគ្នានេះ អំឡុងពេលពពោះ រាងកាយក៏គ្មានពេលវេលាល្អណាមួយអាចជួយរំលាយជាតិអាល់កុលចេញពីក្នុងខ្លួនយើងឲ្យបានល្អនោះដែរ។