ចំពោះស្ត្រីវ័យចាប់ពីវ័យ ៣៥ ឆ្នាំឡើងទៅ ជួបបញ្ហាពិបាកមានកូន ហើយបើសិនជាមានក៏ជួបហានិភ័យខ្លាំងដែរ។ ដូចនេះហើយលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តីនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន សែនសុខ នឹងបកស្រាយលម្អិតពីបញ្ហាពិបាកមានកូនចំពោះស្ត្រីអាយុច្រើន។
លោកវេជ្ជបណ្ឌិតថា ស្ត្រីដែលវ័យ ៣៥ ឆ្នាំ ឬលើសពីនេះ មិនទាន់មានកូនអាចមានមូលហេតុជាច្រើនដូចជាការពន្យារកំណើត កត្តាការងារ និងស្ថិរភាពហិរញ្ញវត្ថុជាដើម។ ការមានកូននៅអាយុប៉ុណ្ណេះ បង្កជាបញ្ហាអាក្រក់ដល់សុខភាពស្ត្រី ជាពិសេសប៉ះពាល់ដល់ទារកក្នុងផ្ទៃនៅពេលសម្រាល។
កត្តាផ្សេងៗទៀតដែលជះឥទ្ធិពលលើស្ត្រីក្នុងការពិបាកមានផ្ទៃពោះដូចជា ជក់បារី ផឹកស្រា ការឡើង ឬស្រកទម្ងន់ខ្លាំងពេក ការបរិភោគមិនបានគ្រប់គ្រាន់ ពិសេសសារជាតិមានសារៈសំខាន់ដូចជា អាស៊ីដហ្វូលិក ជាតិដែក ស័ង្កសី និងវីតាមីន B12 ការឆ្លងជំងឺកាមរោគ ការប៉ះពាល់ជាមួយសារជាតិគីមីមួយចំនួនដូចជា ថ្នាំសម្លាប់សត្វល្អិត និងបញ្ហាផ្លូវចិត្តជាដើម។ ភាពមិនប្រក្រតីនៃតួស្បូន មាត់ និងកស្បូន ការរលាកនៅស្រទាប់ក្នុងស្បូន ឬមានដុំដុះសាច់ក្នុងស្បូនក៏ជាមូលហេតុចម្បងដែរ។
ស្ត្រីវ័យចំណាស់អ័រម៉ូនអុកស៊ីតូស៊ីន (Oxytocin) ដែលមានមុខងារជួយសម្រួលដល់ការសម្រាលកូន មានការថយចុះ ហើយអាចធ្វើឲ្យយើងពិបាកសម្រាល ឬសម្រាលមិនរួចផងក៏មានដែរ។ មួយវិញទៀតអ័រម៉ូន (Progesterone) ដែលមានមុខងារផលិតអំប្រ៊ីយ៉ុងការពារ និងថែបំប៉នទារកក្នុងផ្ទៃក៏មិនសូវមាន ដែលជាហេតុអាចនាំឲ្យកូនក្នុងផ្ទៃមានសុខភាពមិនល្អ ឬមានបញ្ញាមិនប្រក្រតីថែមទៀត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕