១- ហេតុអ្វីការឡើងគីឡូកម្រិតត្រឹមត្រូវអំឡុងពេលពពោះជារឿងសំខាន់?
ការកើតឡើងគីឡូក្នុងកម្រិតត្រឹមត្រូវអំឡុងពេលពពោះ អាចជួយគភ៌ក្នុងផ្ទៃធំលូតលាស់ក្នុងទ្រង់ទ្រាយមានសុខភាពល្អ។ ប៉ុន្តែបើឡើងគីឡូខ្លាំងពេក ឬតិចពេក អាចនឹងនាំឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរជាច្រើន ទាំងចំពោះម៉ាក់ៗ និងបេប៊ីក្នុងផ្ទៃ។
យោងតាមអ្នកជំនាញបង្កកំណើតជាច្រើន ការកើនគីឡូខ្លាំងពេក ស្មើនឹងបង្កើនឱកាសវិវត្តទៅរកជំងឺទឹកនោមផ្អែមពេលពពោះ និងកើនសម្ពាធឈាមពេលពពោះជាដើម។ នៅមានបញ្ហាប្រឈមច្រើន រាប់បញ្ចូលទាំងក្រោយពេលសម្រាល ស្រីៗគ្នាយើងនឹងប្រឈមកើតជំងឺទឹកនោមផ្អែមប្រភេទ២ និងលើសសម្ពាធឈាមរ៉ាំរ៉ៃពេញមួយជីវិត។
បើគ្នាហើយលើសទម្ងន់ស្រាប់ ឬមានជំងឺធាត់ នៅពេលយើងមានផ្ទៃពោះ កាន់តែបង្កហានិភ័យចំពោះសុខភាពខ្ពស់ជាងនេះទៅទៀត។ យើងថែមទាំងប្រឈមមិនអាចសម្រាលតាមធម្មជាតិបាន ដោយតម្រូវឲ្យវះកាត់ជំនួសវិញ។
ការបង្កើនទម្ងន់ក្នុងកម្រិតត្រឹមត្រូវអំឡុងពេលពពោះ អាចជួយស្រីៗគ្នាយើងកាន់តែងាយស្រួលទាំងអំឡុងពេលពពោះ ទាំងពេលសម្រាល។ វាក៏ផ្តល់ភាពងាយស្រួលដល់យើងឆាប់វិលមករកគីឡូដើមវិញក្រោយសម្រាលថែមទៀតផង។
ការស្រាវជ្រាវជាច្រើនបង្ហាញថា ចំនួនគីឡូឡើងអំឡុងពេលពពោះត្រឹមត្រូវ ថែមទាំងអាចជួយគ្នាយើង និងកូនចៀសផុតពីជំងឺធាត់ និងការឡើងគីឡូទប់មិនឈ្នះដែលនឹងក្លាយជាបញ្ហារំខានយើងពេញមួយជីវិត។
អត្ថបទពាក់ព័ន្ធ៖