តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ជំនឿខុសឆ្គងមួយចំនួនទាក់ទងនឹងរបបអាហារស្ត្រីមានផ្ទៃពោះ

    ជំនឿខុសឆ្គងមួយចំនួនទាក់ទងនឹងរបបអាហារស្ត្រីមានផ្ទៃពោះ

    ចាស់ៗ​ពី​ដើម​តឹង​រឹង​ខ្លាំង​ណាស់​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ មិន​ឲ្យ​ញ៉ាំ​អាហារ​អី​ផ្តេសផ្តាស​ទេ បារម្ភ​ខ្លាច​កូន​កើត​មក​មាន​បែប​នេះ មាន​បញ្ហា​បែប​នោះ។ ទោះ​យ៉ាង​ណា​ជំនឿ​មួយ​ចំនួន​ជា​ជំនឿ​ខុស​ឆ្គង ប្រាស​ចាក​ពី​ក្បួន​ពេទ្យ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ។

    ១- ញ៉ាំ​ខ្ចៅ​ខ្យង​កូន​ហៀរ​ទឹក​មាត់

    ចាស់ៗ​ពី​ដើម​មាន​ជំនឿ​ថា ញ៉ាំ​ខ្ចៅ​ខ្យង​នាំ​ឲ្យ​កូន​ហៀរ​ទឹក​មាត់ តែ​ក្បួន​ពេទ្យ​វិញ​ករណី​ក្មេង​ហៀរ​ទឹកមាត់​អាច​មក​ពី​ក្មេង​មាន​អណ្តាត​ធំ មាន​ការ​បង្ក​រោគ​នៅ​ក្រពេញ​ទឹកមាត់ រលាក​បំពង់​ក ច្រាល​ទឹក​អាស៊ីដ​ក្រពះ ឬ​មាន​បញ្ហា​ប្រព័ន្ធ​សរសៃ​ប្រសាទ​ជា​ដើម។ ទោះ​ជា​ការ​ញ៉ាំ​ពពួក​សត្វ​អត់​មាន​ឈាម​ទាំង​នោះ​មិន​ធ្វើ​ឲ្យ​កូន​កើត​មាន​ហៀរ​ទឹកមាត់​ក៏​ដោយ ក៏​ម៉ាក់ៗ​មិន​ត្រូវ​ញ៉ាំ​ដែរ ព្រោះ​សត្វ​ទាំង​នោះ​មិន​សម្បូរ​ប្រូតេអ៊ីន​ទេ វា​រស់​នៅ​​ក្នុង​ទឹក​កខ្វក់ សំបក​មាន​ជាប់​ដី ឬ​ស្លែ​ខ្មៅៗ និង​សត្វ​ល្អិត​មក​ជាមួយ កាល​យើង​លាង​មិន​ស្អាត ឬ​ចម្អិន​មិន​ឆ្អិន​ល្អ​ទៀត ធ្វើ​ឲ្យ​ឆ្លង​ព្រូន អៀន តេនញ៉ា ញ៉ាំ​ទៅ​ម៉ាក់ៗ​អាច​ឈឺពោះ រាករូស ឬ​កើត​ជំងឺ​ផ្សេង​ទៀត ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ។

    ២- ញ៉ាំ​បបរ​កូន​កើត​មក​ស្បែក​មិន​ស្អាត

    ចាស់ៗ​តែង​ហាម​ម៉ាក់ៗ​មិន​ឲ្យ​ញ៉ាំ​បបរ​ទេ ខ្លាច​កើត​មក​ស្បែក​ស ​ពព្រុស​ដូច​បបរ​អ៊ីចឹង។ តែ​តាម​ក្បួន​វេជ្ជសាស្ត្រ សម្បុរ​ស្បែក​កូន​ស្អាត ឬ​មិន​ស្អាត មក​ពី​របប​អាហារ សម្បុរ​ម៉ាក់ប៉ា និង​​អនាម័យ​ខ្លួន​ប្រាណ​​ម៉ាក់ៗ បើ​ម៉ាក់​​មាន​​រោគ​​ផ្សិត​អំឡុង​ពពោះ​នោះ​ស្បែក​កូន​ក៏​មិន​ស្អាត​ដែរ។

    ៣- ញ៉ាំ​ព្រីង​កូន​កើត​មក​ខ្មៅ

    ដោយសារ​តែ​ផ្លែ​ព្រីង​មាន​ពណ៌​ខ្មៅ​រលោង​ស្រិល ពេល​ញ៉ាំ​ទៅ​ស្វាយ​ពេញ​មាត់ ទើប​បាន​ជា​ចាស់ៗ​តែ​បង្អាប់​ថា ស្រីៗ​ពពោះ​ឲ្យ​តែ​ញ៉ាំ​ព្រីង ដឹង​តែ​កូន​កើត​មក​សម្បុរ​ខ្មៅ​ដូច​ព្រីង​អ៊ីចឹង។ តែ​តាម​ការ​ពិត កូន​មាន​សម្បុរ​​ខ្មៅ អាស្រ័យ​ទៅ​ហ្សែន​របស់​ឪពុកម្តាយ និង​កត្តា​រួម​ផ្សំ​មួយ​ចំនួន​ដូច​ជា​ការ​ញ៉ាំ​អាហារ បន្លែ​ផ្លែឈើ​ដែល​អត់សម្បូរ​ជីវជាតិ វីតាមីន​ចម្រុះ មិនមែន​ញ៉ាំ​ព្រីង​ធ្វើ​ឲ្យ​កើត​មក​ខ្មៅ​នោះ​ទេ។

    ៤- ញ៉ាំ​ម្នាស់​ធ្វើ​ឲ្យ​កូន​រលូត

    ​​ក្នុង​​ផ្លែ​​ម្នាស់​មាន​​អង់ហ្ស៊ីម Bromelain បំបែក​ជាតិ​ប្រូតេអ៊ីន ដូច្នេះ​ទើប​មាន​ការ​យល់​ច្រឡំថា កូន​ទើប​តែ​បង្ក​កំណើត​ថ្មីៗ​ក្នុង​ផ្ទៃពោះ ផ្សំ​បង្កើត​ឡើង​ដោយ​ជាតិ​ប្រូតេអ៊ីន អ៊ីចឹង​ការ​ញ៉ាំ​អង់ហ្ស៊ីម Bromelain អាច​​បណ្តាល​​ឲ្យ​​មាន​​ការ​​ហូរ​ឈាម និង​​រលូត​កូនបាន។ តែ​មក​ដល់​បច្ចុប្បន្ន​នេះគ្មាន​ភស្តុតាង​គាំទ្រ​ការ​អះអាង​នេះទេ ផ្ទុយ​ទៅ​វិញ ម៉ាក់ៗ​ញ៉ាំ​ម្នាស់​ក្នុង​បរិមាណ​ល្មម ​មាន​សុវត្ថិភាព។

    អ្វី​ដែល​គ្រូពេទ្យ​ហាម​នោះ គឺត្រី សាច់ ស៊ុតឆៅ ឬ​ចម្អិន​មិន​បាន​ឆ្អិន​ល្អ ត្រីឆ្លាម ត្រីដាវ​ដែល​មាន​ជាតិ​បារ៉ត​ខ្ពស់ គ្រឿងស្រវឹង គ្រឿងញៀន បារី កាត់​បន្ថយ​ជាតិ​កាហ្វេអ៊ីន តែប៉ុណ្ណោះ។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

     

    health-tool-icon

    ការឡើងទម្ងន់ស្ត្រីអំឡុងពពោះ

    រង្វាស់សុខភាពមួយនេះអាចប្រើប្រាស់ក្នុងករណីស្ត្រីពពោះថាតើស្ថិតក្នុងចន្លោះណាមានសុខភាពល្អទាំងខ្លួនឯងនិងកូនក្នុងផ្ទៃ ផ្អែកទៅលើទម្ងន់មុនពេលដឹងខ្លួនមានផ្ទៃពោះ។

    28

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 15/04/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: