តិចនិកងាយៗ អាចជួយស្រីៗកាត់បន្ថយស្ត្រេសពេលពពោះ
មិនខុសទេ អាកាសធាតុក្តៅបែបនេះ ណាមួយភ័យខ្លាចរឿងអាកូវីដ ១៩ ទៀត មនុស្សធម្មតាក៏ស្ត្រេសដែរ កុំថាឡើយស្រីៗគ្នាយើងកំពុងពពោះនោះ។ យ៉ាងណា “Hello គ្រូពេទ្យ’ នៅតែនិយាយដដែលៗ កុំស្ត្រេសខ្លាំងពេក ត្រូវចេះថែទាំសុខភាពឲ្យបានល្អ ហើយខាងក្រោមនេះ ជាតិចនិកខ្លះៗ ស្រីៗគ្នាយើងកំពុងពពោះ អាចយកទៅអនុវត្តបាន។

១- ផ្តោតសំខាន់លើកូនក្នុងពោះយើង
ជារឿងល្អណាស់ ទាំងម៉ាក់ៗ និងគភ៌ក្នុងផ្ទៃ បើគ្នាយើងអាចរកពេលវេលាសម្រាកឲ្យបានច្រើន ហើយកុំមានអារម្មណ៍បន្ទោសខ្លួនឯងឲ្យសោះ។ នៅពេលណាមួយយើងមានឱកាស វិធីល្អបំផុតដើម្បីកុំឲ្យអារម្មណ៍គិតរឿងមិនល្អច្រើន ស្រីៗកំពុងពពោះ អាចឈប់ខ្វាយខ្វល់រឿងជុំវិញខ្លួនបន្តិច មកផ្តោតអារម្មណ៍លើកូនក្នុងពោះរបស់យើង ពិតជារឿងល្អ ធ្វើឲ្យអារម្មណ៍ស្រស់ស្រាយបាន។
ចាប់ពីសប្តាហ៍ទី២៣ បេប៊ីក្នុងពោះ នឹងអាចឮសំឡេងម៉ាក់ៗ ហេតុនេះព្យាយាមនិយាយលេងជាមួយបេប៊ីក្នុងផ្ទៃឲ្យបានច្រើន ឬអានសៀវភៅឲ្យកូនស្តាប់ក៏បាន ព្រោះជាវិធីសាស្ត្រល្អបំផុត ដើម្បីបង្កើនទំនាក់ទំនងយើងជាមួយគភ៌ ក៏អាចជួយឲ្យយើងមានអារម្មណ៍វិជ្ជមានកាន់តែច្រើនអំឡុងពេលពពោះដ៏ពិបាកនេះ។
អត្ថបទពាក់ព័ន្ធ៖
២- សម្រាក និងគេងឲ្យបានគ្រប់គ្រាន់
ត្រូវស្តាប់រាងកាយយើងខ្លះផង បើមានអារម្មណ៍ល្វើយ អាចសម្រាក ឬគេងមួយស្រលេត និងឆាប់ចូលគេងពីព្រលប់។ ការគេង មានសារៈសំខាន់ណាស់សម្រាប់សុខភាពផ្លូវចិត្តមនុស្សគ្រប់គ្នា ក៏ជួយគាំទ្រដល់សុខភាពយើងអំឡុងពេលពពោះទៀតផង។ អាចសាកល្បងតិចនិកជួយឲ្យយើងគេងស្កប់ស្កល់ពេលយប់ អំឡុងពេលពពោះបាន។
បើស្រីៗគ្នាយើងធ្លាប់ឆ្លងកាត់ជីវិតជាម្តាយគេយើងអាចនឹងដឹងច្រើន រឿងពិបាករកពេលសម្រាកនេះ ប៉ុន្តែយ៉ាងណា យើងក៏ត្រូវតែមានពេលសម្រាប់ខ្លួនឯងសម្រាកឲ្យបានគ្រប់គ្រាន់ដែរ។ ក្នុងករណីយើងមានកូនតូច និងកំពុងពពោះទៀតនោះ យើងអាចសុំប្តីយើង មិត្តភ័ក្តិ ប៉ាម៉ាក់យើងក៏បាន ដើម្បីជួយមើលចៅៗពួកគាត់ខ្លះអំឡុងពេលថ្ងៃ ដើម្បីទុកពេលយើងអាចសម្រាកបានគ្រប់គ្រាន់។
៣- ញ៉ាំអាហារល្អៗ
ញ៉ាំអាហារល្អៗ មានគុណសម្បត្តិច្រើនសម្រាប់សុខភាពខួរក្បាល រាងកាយ និងកូនក្នុងផ្ទៃយើង។ ត្រូវប្រាកដថា យើងបានញ៉ាំអាហារត្រឹមត្រូវ កុំឲ្យជាតិស្ករក្នុងឈាមធ្លាក់ចុះ ព្រោះបើធ្លាក់ចុះ នឹងធ្វើឲ្យយើងមានអារម្មណ៍ល្វើយ ហើយមួម៉ៅ កាន់តែស្ត្រេសខ្លាំង។ ពិតណាស់រឿងញ៉ាំអាហារឲ្យបានត្រឹមត្រូវ មិនមែនជារឿងងាយស្រួលទេ ពិសេសពេលយើងមានអារម្មណ៍តានតឹងផ្លូវចិត្តខ្លាំង ឬកំពុងរងការឈឺចាប់អំឡុងពេលពពោះ។ ប៉ុន្តែបើយើងផ្លាស់ប្តូរទម្លាប់ញ៉ាំអាហារបានបន្តិចបន្តួច យើងអាចនឹងមានអារម្មណ៍ប្រសើរជាងមុន។
ខ្វះជាតិទឹកអំឡុងពេលពពោះ ក៏អាចបង្កជាបញ្ហាផ្លូវអារម្មណ៍ដូចគ្នា កាន់តែធ្វើឲ្យយើងមានអារម្មណ៍ឆេវឆាវ។ ត្រូវប្រាកដថា គ្នាយើងបានញ៉ាំទឹកតាមការណែនាំត្រឹមត្រូវ យ៉ាងហោចណាស់ចន្លោះពី ៦-៨ កែវ/ថ្ងៃ (២០០មិល្លីលីត្រ/កែវ)។
គ្នាយើងខ្លះ អាចនឹងមានទម្លាប់ផឹកស្រាមួយកែវពេលអាហារល្ងាច ដើម្បីស្រស់ស្រាយ ញ៉ាំបាយឆ្ងាញ់ ប៉ុន្តែតាមការណែនាំពីពេទ្យជំនាញ មិនត្រូវផឹកជាតិអាល់កុលអំឡុងពេលពពោះនោះឡើយ ដោយអាចជំនួសមកវិញ ដូចជាទឹកក្រឡុកគ្មានជាតិអាល់កុល ទឹកដោះគោក្តៅជាដើម។
អត្ថបទពាក់ព័ន្ធ៖
៤- ហាត់ប្រាណ
គ្រប់កាលៈទេសៈទាំងអស់ ទាំងអំឡុងពេលពពោះ ការហាត់ប្រាណ ជាវិធីសាស្ត្រអស្ចារ្យបំផុត ជួយដោះសា្រយបញ្ហាផ្លូវអារម្មណ៍យ៉ាងមានប្រសិទ្ធភាព។ ហេតុផលចម្បងអាចគាំទ្រទ្រឹស្តីនេះ គឺការបញ្ចេញសារធាតុគីមីក្នុងខួរក្បាល ដែលជួយឲ្យយើងមានអារម្មណ៍ល្អបាន។
មានវិធីហាត់ប្រាណជាច្រើន សុទ្ធតែអនុញ្ញាតឲ្យគ្នាយើងកំពុងពពោះហាត់បាន ប៉ុន្តែត្រូវបោះចោលវិធីហាត់បែបធ្ងន់ៗ ដូចជាលេងកីឡាជាដើម ហើយត្រូវពិភាក្សាជាមួយគ្រូពេទ្យ មុនសម្រេចចិត្តហាត់វិធីណាមួយ។
មួយវិញទៀត យើងអាចហាត់ប្រភេទយ៉ូហ្កាអំឡុងពេលពពោះក៏បាន។ យ៉ូហ្កាមិនត្រឹមជួយសរសៃ សន្លាក់ និងអវយវៈរាងកាយបានប្រសើរនោះទេ ថែមទាំងជួយឲ្យផ្លូវដង្ហើមយើងមានសុខភាពល្អ អារម្មណ៍ធូរស្រាល ហើយការសមាធិ កាន់តែអាចជួយជំរុញសុខភាពផ្លូវចិត្តប្រសើរឡើង។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕