គ្រោះថ្នាក់៣យ៉ាង ស្រីៗពពោះតែងមើលរំលង
ក្នុងចំណោមបញ្ហាច្រើន មានរឿងសំខាន់៣យ៉ាង ដែលស្រ្តីពពោះមិនសូវគិតគូរប៉ុន្មាននោះទេ ដោយសម្អាងថា វាជារឿងធម្មតាប៉ុណ្ណោះ តែតាមពិតធ្វើឲ្យម្តាយ និងកូនជួបបញ្ហាប្រឈមច្រើនយ៉ាង។ នេះបើតាមលើកឡើងរបស់ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត។

១. បណ្តោយឲ្យឡើងគីឡូខ្លាំង
អាងតែឃ្លាន ណាមួយគ្រូពេទ្យឲ្យបំប៉នអាហារឲ្យបានច្រើន និងគ្រប់មុខទៀតនោះ ស្រីៗមានផ្ទៃពោះមួយចំនួនបណ្តាយឲ្យឡើងគីឡូតាមចិត្ត។ បែបនេះមិនល្អនោះទេ អំឡុងពពោះគ្រូពេទ្យណែនាំឲ្យឡើងគីឡូចន្លោះពី ១០- ១២ គីឡូ បើមិនអ៊ីចឹងទេអាចគ្រោះថ្នាក់ទាំងពេលពពោះ និងសម្រាលកូន ដូចជា កូនថ្លោសពេកពិបាកសម្រាលតាមធម្មជាតិ ម្តាយប្រឈមនឹងលើសសម្ពាធឈាម ជំងឺទឹកនោមផ្អែម បម្រុងក្រឡាភ្លើងធ្ងន់ធ្ងរ-ក្រឡាភ្លើង កូនស្លាប់ក្នុងពោះ ធ្លាក់ឈាមខ្លាំងពេលសម្រាលជាដើម។
អត្ថបទពាក់ព័ន្ធ៖
២. មិនខ្វល់រឿងធ្លាក់សមានពណ៌ និងក្លិន
ដោយហេតុថាធ្លាក់សអំឡុងពពោះជារឿងធម្មតាពាក់ព័ន្ធនឹងការប្រែប្រួលអ័រម៉ូន ម្ល៉ោះហើយស្រីៗមួយចំនួនមិនសូវខ្វាយខ្វល់នោះទេ។ ទោះបីជាធ្លាក់សពេលពពោះមិនមានបញ្ហាចោទក៏ពិតមែន តែស្រីៗគ្នាយើងកុំប្រហែសឲ្យសោះ ចាំបាច់ត្រូវធ្វើអនាម័យខ្លួនប្រាណ ទ្វារមាសឲ្យបានជាប់ជាប្រចាំ ហើយបើមានធ្លាក់សក្នុងបរិមាណច្រើន មានពណ៌ មានក្លិនស្អុយខុសធម្មតា វាជាសញ្ញានៃការឆ្លងរោគ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យ។
អត្ថបទពាក់ព័ន្ធ៖ ធ្លាក់សធ្ងន់ធ្ងរពេលពពោះ ប៉ះពាល់កូនអត់?
៣. ចេះតែមួរម៉ៅ តានតឹងអារម្មណ៍
ការផ្លាស់ប្ដូរកម្រិតអ័រម៉ូន ជាមូលហេតុនាំឲ្យស្រីៗពពោះមានអារម្មណ៍ប្រែប្រួល ជួបអាការៈអស់កម្លាំង ធេងធោង ពេលខ្លះចាញ់អាអូន ញ៉ាំអីមិនបាន ណាមួយអត់អ្នកយល់ចិត្តទៀតនោះ អារម្មណ៍កាន់តែមួរម៉ៅ។ ទោះបីជាបែបនេះក៏ដោយ ស្រីៗគ្នាយើងត្រូវចេះបន្ធូរអារម្មណ៍តានតឹងទាំងនោះ បើមិនអ៊ីចឹងទេអាចនឹងប៉ះពាល់ដល់សុខភាពខ្លួន ដូចជាមានជំងឺលើសសម្ពាធឈាម ជំងឺបេះដូង និងការប៉ះពាល់ដល់ការវិវត្តកូនក្នុងផ្ទៃ កូនកើតមកមិនគ្រប់គីឡូ កូនអាចកើតមុនខែជាដើម។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕