ស្ត្រីគួរដឹង​ប្រសិនបើសម្រេចចិត្តពពោះអាយុលើស ៣៥​ឆ្នាំ

    ស្ត្រីគួរដឹង​ប្រសិនបើសម្រេចចិត្តពពោះអាយុលើស ៣៥​ឆ្នាំ

    មនុស្ស​ស្រីជា​ច្រើន​នៅ​តែ​អាច​មាន​ផ្ទៃ​ពោះ​បាននៅ​ពេល​មាន​អាយុ​លើស​ពី​៣៥​ឆ្នាំ ឬ​ច្រើន​ជាង​នេះ​ទៀត។ ប៉ុន្តែ​ ការ​មាន​ផ្ទៃពោះ​នៅ​អាយុ​កាន់​តែ​ច្រើន​នេះ​អាច​ប្រឈម​នឹង​ហានិភ័យ​មួយ​ចំនួន​ទាំង​ម្ដាយ និង​កូន​បាន។ តើ​ហានិភ័យ​ទាំង​នោះ​មាន​អ្វី​ខ្លះ? គួរ​ដោះ​ស្រាយ​បែប​ណា?​

    ​១.មិន​អាច​មាន​កូនបាន​

    នៅ​ពេល​ស្រីៗ​យើង​អាយុ​កាន់​តែ​ច្រើន យើង​ក៏​កាន់​តែ​ខិត​ទៅ​រក​ពេល​អស់​រដូវ​ដូច​គ្នា​។ ស៊ុត​មេជីវិត​ញី​មាន​មក​ជាមួយ​ស្រីៗ​យើង​តាំង​ពី​ចាប់​កំណើត​ នៅ​ពេល​វេលា​កាន់​តែ​ទៅ​មុខ ចំនួន​ស៊ុត​ក៏​ថយ​ចុះ​ជា​បន្ត​បន្តបន្ទាប់ និង​កាន់តែ​តិច​ជាង​មុន។ កាលណា​យើង​កាន់តែ​ចាស់ ទាំង​ចំនួន​ស៊ុត​មេជីវិត​ញី​ក៏​កាន់តែ​តិច និង​ខ្សោយ ដែល​ជា​ហេតុ​អាច​ធ្វើ​ឲ្យ​យើង​​មិន​ងាយ​បង្ក​កំណើត​បាន​។

    មានផ្ទៃពោះ

    ២.​រលូត​កូន​

    នៅ​ពេល​គុណភាព​មេជីវិត​ញី​ធ្លាក់​ចុះ​ នោះ​អត្រា​ប្រ​ឈម​​នឹង​ហានិភ័យ​នៃ​ការ​រលូត​កូន​ក៏​កើន​ឡើង​ដែរ​។ ការ​រលូត​កូន ក៏​អាច​កើត​មាន​ដែរ ដោយ​សារ​យើង​បាន​ប្រើ​ប្រាស​ថ្នាំ​ព្យា​បាលជំងឺ​ណាមួយ ដូចជា​​សម្ពាធ​ឈាម​ខ្ពស់ ឬ​ជំងឺ​ទឹក​នោម​ផ្អែម​។ ដូច​នេះ ស្រីៗ​យើង​ដែល​មាន​ផ្ទៃ​ពោះ​នៅ​អាយុ​លើស​ពី​៣៥​ឆ្នាំ ជា​ការ​ចាំ​បាច់​ណាស់​ត្រូវ​តាម​ដាន​សុខភាព​ពេល​មាន​ផ្ទៃ​ពោះ​ជា​មួយ​គ្រូ​ពេទ្យ​ឲ្យ​បាន​ទៀង​ទាត់ ​ដើម្បី​បាន​ដឹង​ពី​បញ្ហា​បាន​ទាន់​ពេល​វេលា​។

    ៣.បញ្ហា​ក្រូម៉ូស្យូម

    កាល​ណា​ស្រីៗ​យើង​មាន​វ័យ​កាន់​តែ​ច្រើន យើង​ក៏​កាន់​តែ​ប្រ​ឈម​មុខ​នឹង​បញ្ហា​ក្រូម៉ូស្យូម​ដែរ។ ស្រ្តី​មាន​វ័យ​កាន់តែ​ច្រើន កូន​អាច​មាន​ជំងឺ​ Down syndrome ទាក់ទង​នឹង​ការ​លូត​លាស់​មិន​បាន​ល្អ​ទាំង​ផ្នែក​បញ្ញា ស្មារតី និង​កាយ​សម្បទា។ ជាក់​ស្តែង​ស្រីៗ​ក្នុង​វ័យ​ខ្ទង់ ​២០​ឆ្នាំ​មាន​តែ​ម្នាក់​ក្នុង​ចំណោម​១៤៨០​នាក់​ប៉ុណ្ណោះ​អាច​មាន​កូន​ជួប​បញ្ហា​នេះ តែ​សម្រាប់​ស្រ្តី​មាន​វ័យ​ខ្ទស់​៤០​ឆ្នាំ​វិញ​ក្នុង​ចំណោម​៨៥​នាក់​អាច​មាន​ម្នាក់​។

    ៤.ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ

    ការ​កើត​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ​ អា​ចធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​មាន​ការ​លូត​លាស់​កាន់​តែ​ធំ​។ នៅ​ពេល​កូន​ក្នុង​ផ្ទៃ​ ធំពេក​ អាច​ធ្វើ​ឲ្យ​ម្ដាយ​មាន​របួសពេល​ឆ្លង​ទន្លេ។​ ដូច​គ្នា​ដែរ បើ​​ម៉ាក់ៗ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ នឹង​ធ្វើ​ឲ្យ​ម៉ាក់​មាន​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ដែរ ដែល​អាច​នាំឲ្យ​មាន​ការ​សម្រាល​មុន​ខែ ឬ​ផល​វិបាក​ផ្សេងៗ​ទៀត​។​

    ៥.សម្ពាធ​ឈាម​ឡើង​ខ្ពស់​

    ការ​ឡើង​សម្ពាធ​ឈាម​ឡើង​ខ្ពស់​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ ឬ​ជំងឺ​បម្រុង​ក្រឡា​ភ្លើង ច្រើន​កើត​មាន​លើ​ស្រីៗ​មាន​ផ្ទៃ​ពោះ​នៅ​អាយុ​លើស​ពី៤០​ឆ្នាំ​។

    ​៦.កូន​កើត​មិន​គ្រប់​គីឡូ

    ផល​វិបាក​ផ្សេង​ៗ​កើត​មាន​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​អាច​ធ្វើ​ឲ្យ​កូន​កើត​​មិន​គ្រប់​ខែ និង​មាន​មិន​គ្រប់​គីឡូ ដែល​អាច​បង្ក​ទៅ​ជា​មាន​ផល​វិបាក​ផ្សេង​ៗ​បន្ថែម​ទៀត​។​

    ៧.ត្រូវ​សម្រាល​ដោយ​វះកាត់​

    ដោយ​សារ​តែ​ផល​វិបា​ក​ផ្សេង​ៗ​ពេល​មាន​ផ្ទៃ​ពោះ នាំ​ឲ្យ​ស្រីៗ​យើង​ប្រ​ឈម​នឹង​ការ​សម្រាល​ដោយ​វះកាត់​កាន់​តែ​ខ្ពស់ ជាជាង​សម្រាល​តាម​ធម្មជាតិ​។ ការ​សម្រាល​ដោយ​វះ​កាត់​នេះ ជាក់​ស្ដែង​កើត​មាន​ច្រើន​លើ​ស្រ្តី​មាន​ផ្ទៃពោះ​នៅ​វ័យ​ចំណាស់។ ​អត្រា​សម្រាល​ដោយ​តម្រូវ​​ឲ្យ​វះ​កាត់​មាន​ត្រឹម២៦​ភាគ​រយ​សម្រាប់​ស្រី​ៗមាន​វ័យ​ខ្ទង់២០​ឆ្នាំ ឡើង​ដល់​៤០​ភាគ​រយ​សម្រាប់​ស្រីៗ​មាន​វ័យ​៣៥​ឆ្នាំ និង​ឡើង​ដល់​៤៨​ភាគ​រយ​សម្រាប់​ស្រីៗ​មាន​វ័យ​៤០​ឆ្នាំ​។​

    ដូច​នេះ​ហើយ បើ​ស្រីៗ​យើង​មាន​ផ្ទៃ​ពោះ​ក្នុង​វ័យ​ដូច​បាន​រៀប​រាប់​ខាង​លើ ជា​ការ​ចាំ​បាច់​ណាស់​ត្រូវ​តាម​ដាន​សុខភាព​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​ទៀង​ទាត់ ព្រោះ​ថា​គ្រូ​ពេទ្យ​អាច​នឹង​ណែនាំ​យើង​ឲ្យ​ពិនិត្យ​សុខ​ភាព​កូន​ក្នុង​ផ្ទៃ​ច្រើន​ជាង​អ្នក​មាន​ផ្ទៃ​ពោះ​នៅ​វ័យ​ក្មេង​ជាង​នេះ​​។

    គួរអាន៖

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    Pregnancy after 35: What are the risks? – https://www.medicalnewstoday.com/articles/317861
    High-Risk Pregnancy: What Women 35 and Over Need to Know – https://www.self.com/story/high-risk-pregnancy-what-women-35-over-need-to-know
    Is it risky to have a baby after 35? – https://www.babycentre.co.uk/x539933/is-it-risky-to-have-a-baby-after-35
    Pregnancy over age 35: A numbers game – https://utswmed.org/medblog/pregnancy-over-35/
    Considering kids after 35? Know the risks and rewards. – https://www.novanthealth.org/healthy-headlines/considering-kids-after-35

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 12/09/2022
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត