មានកត្តាជាច្រើន អាចធ្វើឲ្យស្ត្រីមានផ្ទៃពោះគេងអត់លក់ ខណៈការគេង ជារឿងអាទិភាព ដើម្បីឲ្យគភ៌ក្នុងផ្ទៃអាចលូតលាស់បានល្អ។ ចុះករណីប្រើគ្រប់វិធីនៅតែគេងមិនលក់ អាចប្រើថ្នាំងងុយគេងបានអត់? តើមកពី មូលហេតុពិបាកគេងពេលមានផ្ទៃពោះ?
១- មូលហេតុពិបាកគេងពេលមានផ្ទៃពោះ
មានមូលហេតុជាច្រើន ធ្វើឲ្យស្រីៗមានបញ្ហាគេងមិនលក់អំឡុងពពោះដូចជា៖
– បញ្ហាផ្លូវអារម្មណ៍៖ បាក់ទឹកចិត្ត ព្រួយបារម្ភច្រើន និងបញ្ហាស្ត្រេស សុទ្ធតែជាបញ្ហាគួរឲ្យបារម្ភអំឡុងពេលពពោះ។
– គេងមិនដកដង្ហើម (Sleep Apnea)៖ បញ្ហាការគេងមិនដកដង្ហើម រួមមាន ស្រមុកខ្លាំងៗ និងឈប់ដង្ហើមញឹកញាប់អំឡុងពេលគេង។ ចំពោះករណីស្ត្រីមានផ្ទៃពោះ អាចបណ្ដាលមកពីម៉ាក់ៗហើមរន្ធច្រមុះ (Nasal Passage)។
គេងមិនដកដង្ហើម ឬនាំឲ្យដេកស្លាប់ អាចទាក់ទងនឹងជំងឺប៉ុន្មាននេះ
– បណ្ដុំរោគសញ្ញាគេងមិនលក់ដោយសារឈឺជើង (Restless leg syndrome)៖ បញ្ហាឧស្សាហ៍មានបំផុតចំពោះស្រីៗមានផ្ទៃពោះ គឺមានម្នាក់ក្នុងចំណោមស្រីៗមានផ្ទៃពោះ ៤នាក់ ហើយចាប់ផ្ដើមត្រីមាសទី៣។ គេអាចសម្គាល់នេះបាន ដោយសារមានអារម្មណ៍ឈឺ និងក្រហាយក្នុងជើង ឬកំភួនជើងម្ខាង ធ្វើឲ្យយើងតែងបម្រះជើងដើម្បីកាត់បន្ថយការឈឺចាប់។ បញ្ហាបង្កលើស្រីមានផ្ទៃពោះមួយនេះ ច្រើនបាត់ទៅវិញអំឡុង ៣០ថ្ងៃ ក្រោយសម្រាលរួច។ ទោះយ៉ាងណា យើងនៅតែអាចកាត់បន្ថយកត្តាប្រឈមបញ្ហានេះ ដោយគ្រាន់តែញ៉ាំជាតិដែកឲ្យបានគ្រប់គ្រាន់។
– រមួលក្រពើ (Leg cramps)៖ រមួលក្រពើ ច្រើនកើតនៅពេលមានផ្ទៃពោះអំឡុងត្រីមាសទី២ និងត្រីមាសទី៣ ជាពេលស្បូនចាប់ផ្តើមរីកធំ និងចាប់ផ្ដើមបង្កើនសម្ពាធទៅលើសាច់ដុំជើង។ បញ្ហានេះ ក៏អាចកើតឡើងដោយសារបញ្ហាខ្វះជីវជាតិផងដែរ។
ឧស្សាហ៍រមួលក្រពើពេលពពោះ ទាំងនេះគឺវិធីដោះស្រាយ
ម៉េចបានយប់ឡើងចេះតែរមួលក្រពើ គួរដោះស្រាយបែបណា?
– មូលហេតុផ្សេងទៀតធ្វើឲ្យយើងគេងមិនលក់ រួមមាន ក្រហាយទ្រូង (Heartburn) ពិបាករំលាយអាហារ ចង្អោរ និងនោមច្រើននៅពេលយប់ (Nocturia)។
២- ប្រើថ្នាំងងុយគេងពេលមានផ្ទៃពោះ មានសុវត្ថិភាពដែរទេ?
យកល្អ គួរកុំប្រើថ្នាំគ្រប់ប្រភេទ រួមទាំងថ្នាំមិនត្រូវការវេជ្ជបញ្ជា អំឡុងពេលកំពុងមានផ្ទៃពោះ ជាពិសេសនៅត្រីមាសទី១ ឬត្រីមាសចុងក្រោយ។ ទោះយ៉ាងណា យើងអាចលេបប្រភេទថ្នាំងងុយគេងមួយចំនួនម្ដងម្កាល បើវិធីផ្សេងទៀតមិនអាចជួយបាន។ ខាងក្រោមនេះ ជាអ្វីយើងគួរចងចាំ ពេលសម្រេចប្រើថ្នាំងងុយគេងអំឡុងពេលពពោះ៖
– ទោះជាថ្នាំប្រភេទណា ឱសថរុក្ខជាតិ ឬថ្នាំបំប៉នក៏ដោយ ត្រូវតែពិគ្រោះជាមួយគ្រូពេទ្យជាមុន មុនសម្រេចចិត្តលេប។ ថ្នាំមួយចំនួន មានសុវត្ថិភាពចំពោះស្រីមានផ្ទៃពោះ ខណៈថ្នាំមួយចំនួនទៀត ក៏អាចមានផលរំខានប៉ះពាល់ដល់គភ៌ដូចគ្នា។
– បើថ្នាំនេះគ្រូពេទ្យឲ្យប្រើ គឺតម្រូវឲ្យយើងប្រើក្នុងកម្រិតទាបបំផុតតាមអាចធ្វើទៅបាន និងក្នុងរយៈពេលខ្លីបំផុត។ ការប្រើថ្នាំរយៈពេលយូរ អាចធ្វើឲ្យរាងកាយត្រូវពឹងផ្អែកលើថ្នាំទាំងស្រុង (Overdependence) ហើយបញ្ហានេះ អាចប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាល និងរាងកាយរបស់ទារកក្នុងផ្ទៃបាន។
– ថ្នាំងងុយគេង ដូចជា ពពួកថ្នាំ Benzodiazepines ពពួកថ្នាំ Non-benzodiazepines និងពពួកថ្នាំ Amobarbital សុទ្ធសឹងគេចាត់ទុកមានសុវត្ថិភាព និងច្រើនតែចេញវេជ្ជបញ្ជាឲ្យស្រីៗមានផ្ទៃពោះប្រើ។ ទោះយ៉ាងនេះក្ដី ការសិក្សាមួយនៅឆ្នាំ ២០១៥ បង្ហាញថា ថ្នាំទាំងនេះ អាចបង្កើនគ្រោះថ្នាក់ នាំឲ្យទារកកើតមិនគ្រប់គីឡូ កើតមុនខែ និងទារកកើតមិនគ្រប់លក្ខណៈ (Birth Defect) ជាដើម។ អ្នកប្រើថ្នាំនេះញឹកញាប់ ភាគច្រើនត្រូវសម្រាលកូនដោយសារវះកាត់។
៣- វិធីសាស្ត្រជួយស្រីៗពពោះគេងលក់ស្រួល
បើមានបញ្ហាពិបាកគេង ប៉ុន្តែមិនសូវធ្ងន់ធ្ងរ ល្អបំផុតគួរសាកល្បងវិធីទាំងនេះ ដើម្បីចៀសវាងគ្រោះថ្នាក់ដោយសារប្រើថ្នាំពេទ្យ៖
– គេងផ្អៀងទៅម្ខាង និងដាក់ខ្នើយនៅចន្លោះជង្គង់ពេលគេង
– មិនត្រូវញ៉ាំអាហារច្រើនពេក មុនពេលគេង
– គួរញ៉ាំទឹកដោះគោមួយពែងមុនចូលគេង
– ប្រើវិធីសម្រួលអារម្មណ៍ផ្សេងៗ ដូចជា វិធីដកដង្ហើម ឬសម្រួលសាច់ដុំ (Stretching) ដើម្បីជួយបង្កើនការគេងលក់។
[embed-health-tool-pregnancy-weight-gain]