បន្ទាប់ពីសម្រាលកូនហើយ ម៉ាក់ៗច្បាស់ជាមានការឈឺចាប់លើរាងកាយ មានអារម្មណ៍អស់កម្លាំង ល្ហិតល្ហៃ ត្រូវការប៉ូវសុខភាពឲ្យឆាប់មានកម្លាំងវិញ។ ភេសជ្ជៈធម្មជាតិដូចម្សៅរមៀតទឹកដោះគោ ផ្ដល់ប្រយោជន៍ច្រើនដល់សុខភាព និងសម្រស់ ហេតុដូចនេះ ម៉ាក់ៗមកដឹងពីក្បួនផ្សំម្សៅរមៀតទឹកដោះគោទាំងអស់គ្នា ចំណាយពេលមិនដល់១០នាទីផង។
ជំហានទី១៖ ដាំទឹកដោះគោមួយពុះ រួចទុកឲ្យក្ដៅឧណ្ហៗ
ជំហានទី២៖ ដាក់ម្សៅរមៀត និងម្រេចចូល រួចកូរឲ្យសព្វ
ជំហានទី៣៖ ចាក់ដាក់កែវ ញ៉ាំទាន់ពេលវាក្ដៅឧណ្ហៗ
ក្នុងករណី ម៉ាក់ៗចូលចិត្តផ្អែម អាចដាក់ទឹកឃ្មុំលាយជាមួយក៏បាន ដើម្បីឲ្យមានរសជាតិផ្អែម កាន់តែឆ្ងាញ់ពិសា។ គន្លឹះមួយទៀត ដែលធ្វើឲ្យម្សៅរមៀតទឹកដោះគោឆ្ងាញ់ និងផ្ដល់អត្ថប្រយោជន៍កាន់តែច្រើនដល់សុខភាព គឺយើងត្រូវជ្រើសរើសយកម្សៅរមៀតសុទ្ធ ម្សៅរមៀតកិនធម្មជាតិ មិនមានលាយសារធាតុគីមីអ្វីឡើយ។
ចំពោះម្សៅរមៀតទឹកដោះគោនេះជំនួយដល់ទាំងសម្រស់ និងសុខភាពយើងដោយសម្បូរសារធាតុប្រឆាំងអុកស៊ីដកម្ម សារធាតុប្រឆាំងរលាក និងជួយឲ្យឆ្អឹងយើងរឹងមាំផងដែរ។ មិនតែប៉ុណ្ណោះ ចំពោះម៉ាក់ៗបំបៅដោះកូន សារធាតុក្នុងរមៀតក៏ជួយបង្កើនទឹកដោះ ពង្រឹងប្រព័ន្ធភាពស៊ាំ ជួយបំបាត់អាការៈឈឺចុកចាប់ និងជួយផ្ដល់អារម្មណ៍ល្អដល់ម៉ាក់ៗថែមទៀតផង។
ចំណាំ!
- ម្សៅរមៀតទឹកដោះគោ ជាភេសជ្ជៈធម្មជាតិមួយជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់យើង មិនងាយឈឺជំងឺតូចតាចដូចជាផ្ដាសាយ និងអាចញ៉ាំបានទាំងមនុស្សធំ និងកូនក្មេង។
- យើងអាចញ៉ាំវាជារៀងរាល់ថ្ងៃ ពិសេសគឺពេលយប់ ប៉ុន្តែវាមិនអាចជួយព្យាបាលជំងឺអ្វីបានឡើយ។