ទឹករ៉ែធម្មជាតិមានគុណសម្បត្តិខុសពីទឹកធម្មតាបែបណាខ្លះ?

    ទឹករ៉ែធម្មជាតិមានគុណសម្បត្តិខុសពីទឹកធម្មតាបែបណាខ្លះ?

    គ្រប់​ភាវៈ​មាន​ជីវិត​ទាំង​អស់​នៅ​លើ​ផែន​ដី​ត្រូវ​ការ​ទឹក​ដើម្បី​រស់​​។ ដូច​គ្នា​យើង​ដឹង​ហើយ​ថា​ទឹក​មិន​ត្រឹម​តែ​​មាន​សារសំខាន់​សម្រាប់​ដំណើរ​ការ​រាង​កាយ​ប៉ុណ្ណោះ​ទេ​ តែ​ក៏​ផ្ដល់​នូវ​សារជាតិ​ចិញ្ចឹម​សំខាន់​ៗ​មួយ​ចំនួន​ដល់​រាង​កាយ​ផង​ដែរ​។

    ថ្វីបើ​មនុស្ស​ភាគ​ច្រើន​នៅ​ទី​ក្រុង​ ឬ​ទី​ប្រជុំ​ជន មាន​ទឹក​ស្អាត​ប្រើ​ប្រាស់ ឬ​ប្រ​ជា​ជន​នៅ​តាម​តំបន់​ផ្សេង​ទៀត​អាច​ប្រើ​ប្រាស់​ទឹក​ដាំ​ពុះ​បាន​ហើយ​ក៏​ដោយ ក៏​នៅ​មាន​ប្រ​ជា​ពល​រដ្ឋ​មួយ​ចំនួន​បាន​ជ្រើស​រើស​ទឹក​រ៉ែ​ធម្មជាតិ​សម្រាប់​ញ៉ាំ​ប្រចាំ​ថ្ងៃ ដោយ​ជឿ​ថា​ទឹក​រ៉ែ​មាន​គុណ​សម្បត្តិ​ច្រើន​ជាង​ទឹក​ធម្មតា​។

    បើ​អីចឹង តើ​ទឹក​រ៉ែ​ធម្មជាតិ​មាន​គុណ​សម្បត្តិ​លើស​ទឹក​ធម្មតា​កម្រិត​ណា?​

    ទឹក​ធម្មតា​ ឬ​​​ ទឹកបរិសុទ្ធ

    ​ទឹក​ស្អាត​ធម្មតា​ដែល​យើង​ប្រើ​ប្រាស់​នៅ​តាម​ផ្ទះ​សព្វ​ថ្ងៃ​អាច​ត្រូវ​បាន​ទាញ​យក​ពី​ប្រភព​ទឹក​លើ​ដី​ដូច​ជា​ស្ទឹង​ បឹង​ ឬ​ទន្លេ​ ហើយ​ក៏​អាច​ទាញ​យក​ពី​ប្រភព​ទឹក​ក្រោម​ដី​ផង​ដែរ​​។ ​

    ទឹក​ដែល​ទាញ​ពី​ប្រភព​ទាំង​នេះ​ត្រូវ​បញ្ជូន​ទៅ​កាន់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាត​ដើម្បី​សម្លាប់​មេរោគ​មុន​នឹង​បញ្ជូន​ទៅ​តាម​លំនៅ​ដ្ឋាន​របស់​ប្រ​ជា​ពល​រដ្ឋ តាម​រយៈ​បំពង់​ក្រោម​ដី​​។

    ដូច​គ្នា​ដែរ​ទឹក​ស្អាត​អាច​ត្រូវ​គេ​បន្ថែម​នូវ​សារធាតុរ៉ែ​ចាំបាច់​មួយ​ចំនួន​​ ដូច​ជា​កាល់ស្យូម ម៉ាញ៉េ​ស្យួម និង​ប៉ូតាស្យូម​ផង​ដែរ ដែល​គេ​អាច​ហៅ​បាន​ថា​ជាប្រភេទ​ទឹក​រ៉ែ​។

    ចង់គណនា BMR ចុចទីនេះ!
    ចង់គណនា BMI ចុចទីនេះ!
    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ទឹក​រ៉ែធម្មជាតិ

    ទឹក​រ៉ែធម្មជាតិ ​ដែលល្អភាគច្រើនស្ថិតនៅតំបន់ប្រជុំភ្នំ និងតំបន់ប្រជុំថ្មក្រោមដីធម្មជាតិដោយត្រូវឆ្លងកាត់ការរុករកដោយអ្នកជំនាញឯកទេសប្រកបដោយបទពិសោធន៏ ដែលគេជឿថាមិនមានការបំពុលឬមិនរងគ្រោះដោយសារធាតុគីមីកសិកម្មជាដើម។ ទឹករ៉ែធម្មជាតិអាចមានផ្ទុកជាតិរ៉ែច្រើនប្រភេទហើយទឹកប្រភេទនេះផ្តល់កម្រិតសារធាតុរ៉ែខ្ពស់ជាងទឹកធម្មតាដែលចាំបាច់សម្រាប់រាងកាយ។ ជាតិ​រ៉ែ​ធម្មជាតិភាគច្រើន​ឃើញ​ក្នុង​ទឹក​រ៉ែ​រួម​មាន៖

    • កាល់ស្យូម
    • ម៉ាញ៉េស្យូម
    • ប៉ូតាស្យូម
    • សូដ្យូម
    • ប៊ីកាបូនណាត
    • ជាតិ​ដែក
    • ជាតិ​ស័ង្កសី

    ខុស​ពី​ទឹក​ធម្មតា ទឹក​រ៉ែ​ធម្មជាតិ​ត្រូវ​ច្រក​ដប​នៅ​ឯ​ទី​តាំង​នៃ​ប្រភព​ទឹកតែ​ម្ដង​ ហើយគ្នា​យើង​​មួយ​ចំនួន​ជ្រើស​រើស​យក​ទឹក​រ៉ែប្រភេទ​នេះ​ ​ដោយ​សារ​តែ​កម្រិត​សុទ្ធ​របស់​វា​ និង​មិន​ប្រើ​​ជាតិ​គីមី​​ដើម្បី​ចម្រោះ​។ធម្មជាតិរមែងផ្តល់អោយយើងនូវអ្វីដែលយើងត្រូវការ ហើយល្អជានិច្ចនិង​ជឿ​ថា​ទឹក​រ៉ែ​ធម្មជាតិ​ផ្ដល់​គុណសម្បត្តិ​ជា​ច្រើន​យ៉ាង​ផ្សេង​ទៀត​ដល់​សុខភាព​។

    ផឹក​ទឹក​

    គុណសម្បត្តិ​ទឹក​រ៉ែ​ធម្មជាតិ

    សម្បូរ​ម៉ាញ៉េស្យូម៖ ទាំង​ទឹក​រ៉ែ​ និង​ទឹក​ធម្មតា សុទ្ធ​តែ​ជា​ប្រភព​នៃ​សារធាតុ​ម៉ាញ៉េស្យូម។ សារធាតុ​នេះ ​មាន​សារៈសំខាន់​ណាស់​ជួយសម្រួល​សម្ពាធ​ឈាម កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​មុខងារ​សរសៃ​ប្រសាទ។

    ប្រភព​ខ្លះ​អាច​មាន​កម្រិត​ម៉ាញ៉េ​ស្យូម​តិច​ ឬ​ច្រើន​ខុស​ៗ​គ្នា ខណៈ​កម្រិត​ម៉ាញ៉េស្យូម​ក្នុង​ទឹក ​អាច​នៅ​ចន្លោះ​ពី ១ មិល្លីក្រាម​/លីត្រ ទៅ​ច្រើន​ជាង ១២០​ មិល្លីក្រាម​/លីត្រ អាស្រ័យ​លើ​ប្រភព​របស់​វា។

    កម្រិត​ណែនាំ​ឲ្យ​ញ៉ាំ​ជាតិ​ម៉ាញ៉េស្យូម​ប្រចាំ​ថ្ងៃ​ មាន​ដូច​ខាង​ក្រោម៖

    • ៣១០-៣២០ មិល្លីក្រាម ចំពោះ​មនុស្ស​ស្រី​ពេញ​វ័យ
    • ៤០០-៤២០ មិល្លីក្រាម ចំពោះ​មនុស្ស​ប្រុស​ពេញ​វ័យ

    បញ្ចុះ​សម្ពាធ​ឈាម៖ ពេល​មាន​កម្រិត​ម៉ាញ៉េស្យូមទាប អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ខ្សោយ​បេះដូង និង​ជំងឺផ្សេង​ទៀត ​ធ្វើ​ឲ្យ​ចង្វាក់​បេះដូង​ខុស​ប្រក្រតី។ ទឹក​រ៉ែ សម្បូរទៅ​ដោយ​ជាតិ​ម៉ាញ៉េស្យូម អាច​ជួយ​ឲ្យ​ធ្លាក់​ចុះ​ហានិភ័យ​ជំងឺ​សរសៃ​ឈាម​បេះដូង​បាន។

    អត្ថបទគួរអាន៖

    សម្រួល​ចរន្ត​ឈាម៖ ទឹក​រ៉ែ​មាន​កម្រិត​កាល់ស្យូម​ ម៉ាញ៉េស្យូម និង​ប៉ូតាស្យូម​ខ្ពស់ ដែល​ជួយ​ដល់​ចរន្ត​ឈាម​រត់។ កាល់ស្យូម​ មាន​ប្រយោជន៍​ជួយ​ទ្រទ្រង់​ និង​រក្សា​ឆ្អឹង​ឲ្យ​បាន​រឹងមាំ ជួយ​សម្រួល​ចង្វាក់​​បេះដូង​លោត​ផង​ដែរ។​​​​​​​​​​​​

    ជួយ​ឲ្យ​ឆ្អឹង​រឹង​មាំ៖ ទឹក​រ៉ែ​មាន​ជាតិ​កាល់ស្យូម អាច​ជួយ​ឲ្យ​ឆ្អឹង​រឹង​មាំ។ នៅ​ពេល​ជាលិកា​ឆ្អឹង​ងាប់ រាង​កាយ​ត្រូវ​បង្កើត​ឆ្អឹង​ថ្មី​ដើម្បី​ជំនួស ខណៈអំឡុង​ពេល​ពេញវ័យ ឆ្អឹង​ថ្មី នឹង​បង្កើត​លឿន​ជាង​ឆ្អឹង​ចាស់​ដែល​ងាប់​ទៅ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី បន្ទាប់​ពី​អាយុ ២០ ​ឆ្នាំឡើង​ទៅ ទម្រង់​ឆ្អឹង​នឹង​ចាប់​ផ្ដើម​ប្រែប្រួល អាច​ធ្វើ​ឲ្យ​ឆ្អឹង​ទន់ ឬ​ខ្សោយ។

    ជួយ​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ៖ ​ញ៉ាំ​អាហារ​​មាន​ជាតិ​ម៉ាញ៉េស្យូម​ អាច​ជួយ​ការពារ​កុំ​ឲ្យ​ទល់​លាមក និង​ជួយ​ដល់​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ។ ជាតិ​ម៉ាញ៉េស្យូម​នៅ​ក្នុង​ទឹក ​ពេល​ចូល​ទៅ​ដល់​ពោះ​វៀន នឹង​ជួយ​ឲ្យ​លាមក​ស្អិត​ល្អ​ សម្រួល​សាច់​ដុំ និង​ចលនា​ពោះ​វៀន។

    ជួយលាងសម្អាតជាតិពុលក្នុងសរីរាង្គកាយ​ រាងកាយងាយស្រួលស្រូបយកសារធាតុរ៉ែក្នុងទឹកលឿនជាងអាហារនិងមានភាពសកម្មក្នុងការលាងសំអាតជាតិពុល ព្រមទាំងសំរួលដល់ដំណើរការក្រលៀនទៀតផង។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    How Healthy Is Sparkling or Mineral Water?, https://health.clevelandclinic.org/how-healthy-is-your-favorite-sparkling-or-mineral-water/

    Intakes of minerals linked to the drinking of bottled waters by French pregnant women, https://academic.oup.com/eurpub/article/27/suppl_3/ckx187.241/4556210

    Salt and Drinking Water, https://www.health.ny.gov/environmental/water/drinking/salt_drinkingwater.htm

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 3 សប្ដាហ៍​កន្លងទៅ
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត