២. ជាតិសរសៃ (Fiber)
នៅក្នុងពោត មានសារធាតុសរសៃ (Fiber) ដែលមានប្រយោជន៍ល្អសម្រាប់សុខភាព ក្នុងកម្រិតគ្រាប់ពោតមួយពែង គឺមានជាតិសរសៃរហូតទៅដល់ ៣,៥ ក្រាមឯណោះ។ សារធាតុសរសៃទាំងនោះ មិនត្រឹមតែជួយរក្សាកម្រិតជាតិស្ករក្នុងឈាម វាថែមទាំងជួយបង្ការរោគទល់លាមក និងកាត់បន្ថយការប្រឈមជាមួយនឹងការកើនឡើងជាតិខ្លាញ់មិនល្អក្នុងឈាមទៀតផង។ ចំពោះអ្នកដែលតមអាហារវិញ ពោតគឺជាអាហារល្អបំផុតដែលគួរជ្រើសរើស ព្រោះពោតជួយឲ្យយើងមានអារម្មណ៍ថាឆ្អែតបានយូរ និងមិនឆាប់ឃ្លាននោះទេ។
៣. កាបូអ៊ីដ្រាត
ជាទូទៅមនុស្សធម្មតាម្នាក់ត្រូវការជាតិកាបូអ៊ីដ្រាតយ៉ាងហោចណាស់ ១៣០ក្រាមក្នុងមួយថ្ងៃ ដូចនេះហើយ ពោតគឺជាប្រភពផ្តល់នូវសារធាតុកាបូអ៊ីដ្រាតដ៏ល្អ ដែលអាចផ្ដល់ថាមពលដែលរាងកាយត្រូវការជាប្រចាំថ្ងៃ សម្រាប់សកម្មភាពរាងកាយ និងខួរក្បាល។ ម្យ៉ាងទៀតពោតក៏ផ្តល់កម្លាំងកាន់តែប្រសើរទៅដល់រាងកាយផងដែរ ជាពិសេសសម្រាប់អត្តពលិក ដែលត្រូវការជាតិកាបូអ៊ីដ្រាតច្រើនជាងមនុស្សធម្មតា គឺយ៉ាងហោចណាស់ ២៥០ក្រាមក្នុងមួយថ្ងៃ។