ជាទូទៅ គ្នាយើងអាចប្រឈមអាការៈវិលមុខ ប្រសិនបើមិនញ៉ាំអាហាររយៈពេលយូរ ដែលកត្តានេះអាចបណ្តាលមកពីកម្រិតជាតិស្ករក្នុងឈាមធ្លាក់ចុះ។ ចុះចំណែកអ្នកដែលមានអារម្មណ៍វិលមុខក្រោយញ៉ាំអាហាររួច អាចបណ្តាលមកពីកត្តាអ្វីខ្លះ?
មូលហេតុវិលមុខក្រោយញ៉ាំអាហារ
អាការៈវិលមុខក្រោយញ៉ាំអាហាររួច អាចកើតឡើងដោយសារតែកត្តាជាច្រើន។ សូម្បីតែការក្រោកឈរភ្លាមៗ ក្រោយអង្គុយយូរម៉ោងក៏អាចនាំឲ្យយើងវិលមុខដូចគ្នា។ ការប្រែប្រួលកម្រិតសារធាតុរាវ និងលំហូរឈាមភ្លាមៗ អាចបណ្តាលឲ្យគ្នាយើងមានអារម្មណ៍ធីងធោងមួយរយៈខ្លី។
ទន្ទឹមនឹងនេះដែរ ករណីវិលមុខ ឬធីងធោងក្រោយញ៉ាំអាហាររួច ក៏អាចកើតឡើងនៅពេលយើងជួបបញ្ហាចុះសម្ពាធឈាមក្រោយញ៉ាំអាហារ ដែលស្ថានភាពសុខភាពមួយនេះច្រើនតែកើតលើមនុស្សវ័យចំណាស់ និងជាហេតុនាំឲ្យធីងធោង ឬដួលភ្លាមៗ។
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
ជាទូទៅ មានកត្តាជាច្រើនដែលអាចនាំឲ្យយើងប្រឈមនឹងបញ្ហាសម្ពាធធ្លាក់ចុះក្រោយញ៉ាំអាហារ ដែលរួមមានកត្តាវ័យចំណាស់ ការប្រើប្រាស់ថ្នាំជាក់លាក់ ដូចជាថ្នាំបញ្ចុះទឹកនោម និងថ្នាំបញ្ចុះសម្ពាធឈាម(Beta blockers) ឬមានជំងឺParkinson’s ជាដើម។ ថ្វីត្បិតតែការធ្លាក់ចុះសម្ពាធឈាមក្រោយញ៉ាំអាហារ ជាស្ថានភាពបណ្ដោះអាសន្នក៏ពិតមែន ប៉ុន្តែក៏អាចបង្កផលវិបាកធ្ងន់ធ្ងរ ដូចជាដួលសន្លប់ ឬអាចគ្រោះថ្នាក់សរសៃឈាមខួរក្បាល ប្រសិនបើសម្ពាធឈាមធ្លាក់ចុះទាបពេក។